Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ហ៊ួត លី អគ្គនាយកក្រុមហ៊ុនកាហ្វេសុវណ្ណភូមិ ប្រើសំណេរ និងខ្លឹមសារបង្កប់អត្ថន័យមួលបង្កាច់ បរិហារកេរ្ដិ៍ជាសាធារណៈ ត្រូវអតីតបុគ្គលិក២នាក់ ចោមប្ដឹង

រាជធានីភ្នំពេញ : លោក ហ៊ួត លី អាយុ៥០ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុន កាហ្វេសុវណ្ណភូមិ ត្រូវបានអតីតបុគ្គលិករបស់ខ្លួនពីរនាក់ ប្ដឹងពីបទបរិហារកេរ្ដិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ដោយអគ្គនាយករូបនេះ ផ្សព្វផ្សាយលើបណ្ដាញសង្គម និងប្រើប្រាស់សំណេរមានខ្លឹមសារ មួលបង្កាច់ ថា អតីតបុគ្គលិកទាំងពីរនាក់នេះ បានឃោសនាបោកបញ្ឆោតអតិថិជនរបស់ខ្លួនកាហ្វេសុវណ្ណភូមិ ថា កាហ្វេសុវណ្ណភូមិបានផ្លាស់ប្ដូរសំបកវេចខ្ចប់ថ្មី ហើយអ្នកទាំងពីរនេះបានលក់កាហ្វេដែលមានសំបកវេចខ្ចប់ថ្មីរបស់ក្រុមហ៊ុនផ្សេងទៅអតិថិជនខ្លួននោះ ជាការបោកប្រាស់ ឬជាកាហ្វេក្លែងក្លាយ, ខណ:ជាក់ស្ដែង គឺអតីតបុគ្គលិករបស់ក្រុមហ៊ុន កាហ្វេសុវណ្ណភូមិ ទាំងពីរនាក់នេះ បានលាឈប់ពីការងារត្រឹមត្រូវ និងបានចូលបម្រើការងារនៅក្រុមហ៊ុនផ្សេង គឺក្រុមហ៊ុនកាហ្វេ ញូ ឡាយហ្វ៍ ខហ្វហ្វី ( New Life Coffee ) រួចទៅហើយ និងកំពុងដើរធ្វើទីផ្សារឲ្យក្រុមហ៊ុនថ្មីនេះទៀតផង ដែលការផ្សព្វផ្សាយ និងសំណេរមួលបង្កាច់របស់អគ្គនាយករូបនេះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ពួកខ្លួនធ្ងន់ធ្ងរ និងប៉ះពាល់ដល់ទីផ្សារក្រុមហ៊ុនកាហ្វេ ញូ ឡាយហ្វ៍ ខហ្វហ្វី ( New Life Coffee ) ជាពន់ពេកណាស់។

យោងលើពាក្យបណ្ដឹង បោះត្រាចូលសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ មានខ្លឹមសារថា ខ្ញុំបាទឈ្មោះ អ៊ូជ វុទ្ធី ទីលំនៅភូមិស្វាយមេឃ ឃុំកោះធំ “ខ” ស្រុកកោះធំ ខេត្តកណ្ដាល, និងខ្ញុំបាទឈ្មោះ ណេង ផានិត ទីលំនៅភូមិពាមអំពិល ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

សូមគោរពចូលមក ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ÷
កម្មវត្ថុ : ប្ដឹងឈ្មោះ ហ៊ួត លី អាយុ៥០ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុន កាហ្វេសុវណ្ណភូមិ និងជាម្ចាស់ទំព័រ facebook ឈ្មោះកាហ្វេសុវណ្ណភូមិ មានទីតាំងនៅភូមិថ្មគោល២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពីបទ បរិហារកេរ្ដិ៍ជាសាធារណៈ និងបទ ញុះញង់ឱ្យមានការរើសអើង។

ខ្លឹមសារពាក្យបណ្ដឹងរៀបរាប់ថា កាលពីថ្ងៃទី០៣  ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ួត លី អគ្គនាយកក្រុមហ៊ុនកាហ្វេសុវណ្ណភូមិ និងជាម្ចាស់ទំព័រ facebook ឈ្មោះកាហ្វេសុវណ្ណភូមិ តាមរយៈមេធាវីតំណាងដោយអាណត្តិរបស់ខ្លួន គឺមេធាវី យី សុភាព បានធ្វើលិខិតឆ្លើយតបនឹងលោកអគ្គនាយកក្រុមហ៊ុនកាហ្វេ ញូ ឡាយហ្វ៍ ខហ្វហ្វី ( New Life Coffee ) ដោយមានខ្លឹមសារចោទប្រកាន់មកលើយើងខ្ញុំទាំងពីរនាក់ថា បុគ្គលឈ្មោះ អ៊ូច វុទ្ធី និងឈ្មោះ ណេង ផានិត អតីតជាបុគ្គលិកក្រុមហ៊ុនកាហ្វេសុវណ្ណភូមិ បានធ្វើសកម្មភាពប្រាប់ដល់អតិថិជនរបស់ ក្រុមហ៊ុនកាហ្វេសុវណ្ណភូមិថា កាហ្វេសុវណ្ណភូមិមានការផ្លាស់ប្ដូរសំបកវេចខ្ចប់ថ្មី ដែលជាហេតុធ្វើឱ្យអតិថិជនមានការយល់ច្រឡំ និងបានបង្ហោះលិខិតឆ្លើយតបនេះក្នុងទំព័រ facebook ឈ្មោះ កាហ្វេសុវណ្ណភូមិ ផងដែរ។

ការឆ្លើយតប និងបង្ហោះសារនេះ គឺឈ្មោះ ហួត លី មានចេតនាទុច្ចរិតចោទប្រកាន់យើងខ្ញុំទាំងពីរនាក់ថា បានក្លែងបន្លំផលិតផលរបស់ក្រុមហ៊ុនកាហ្វេសុវណ្ណភូមិ ដោយភូតភរ និងបំភាន់ព័ត៌មានអតិថិជនថា កាហ្វេ ញូ ឡាយហ្វ៍ ខហ្វហ្វី ( New Life Coffee ) ដែលយើងខ្ញុំកំពុងលក់ និងធ្វើទីផ្សារ ជាផលិតផលរបស់ក្រុមហ៊ុនកាហ្វេសុវណ្ណភូមិទៅវិញ។ ទង្វើរបស់ឈ្មោះ ហួត លី គឺជាការអះអាងបំផ្លើស ទម្លាក់កំហុសដោយអសុទ្ធចិត្តមកលើយើងខ្ញុំសុទ្ធសាធ ដោយគ្មានភស្តុតាងច្បាស់លាស់ថា យើងខ្ញុំបានក្លែងបន្លំផលិតផល ភូតភរ និងបំភាន់អតិថិជនកាហ្វេរបស់គាត់ ដែលការណ៍នេះ បាននាំឱ្យប៉ះពាល់ជាខ្លាំងដល់កិត្តិយសរបស់យើងខ្ញុំទាំងពីរនាក់ និងក្រុមហ៊ុនកាហ្វេ ញូ ឡាយហ្វ៍ ខហ្វហ្វី ( New Life Coffee ) ជាខ្លាំង ខណៈយើងខ្ញុំកំពុងបម្រើការនាបច្ចុប្បន្ននៅក្នុងក្រុមហ៊ុនកាហ្វេ ញូ ឡាយហ្វ៍ ខហ្វហ្វី ( New Life Coffee ) នេះ។

ជាក់ស្ដែង ក្រោយការបង្ហោះសារបំផ្លើសការពិតរបស់ឈ្មោះ ហ៊ួត លី បានធ្វើឱ្យសាធារណជន មានការភាន់ច្រឡំ និងរើសអើងមកលើយើងខ្ញុំទាំងពីរនាក់ និងក្រុមហ៊ុនកាហ្វេ ញូ ឡាយហ្វ៍ ខហ្វហ្វី ( New Life Coffee ) ថា លក់ផលិតផលកាហ្វេក្លែងក្លាយ និងខុសច្បាប់ និងធ្វើឱ្យការលក់របស់ក្រុមហ៊ុនកាហ្វេ ញូ ឡាយហ្វ៍ ខហ្វហ្វី ( New Life Coffee ) មានការធ្លាក់ចុះខ្លាំង។ ហេតុនេះ ទង្វើននេះ គឺជាអំពើ បរិហារកេរ្ដិ៍ជាសាធារណៈ និងអំពើ ញុះញង់ឱ្យមានការរើសអើង ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្ដន្ទាទោសតាមក្រមព្រហ្មទណ្ឌ។ សូមឱ្យព្រះរាជអាជ្ញាចោទប្រកាន់ទៅតាមនីតិវិធីច្បាប់ និងទាមទារសំណងជំងឺចិត្ត ៤០០លានរៀល (បួនរយលានរៀល)។

ងាកមកមើលលិខិតជូនដំណឹងរបស់មេធាវី យី សុភាព តំណាងដោយអាណត្តិរបស់ លោក ហ៊ួត លី អគ្គនាយកក្រុមហ៊ុនកាហ្វេសុវណ្ណភូមិ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ វិញ មានខ្លឹមសារថា ខ្ញុំសូមជម្រាបជូន លោក សួង សិទ្ធិ អគ្គនាយកក្រុមហ៊ុនកាហ្វេ ញូ ឡាយហ្វ៍ ខហ្វហ្វី ( New Life Coffee ) ឱ្យបានជ្រាបថា បុគ្គលឈ្មោះ អ៊ូជ វុទ្ធី និងឈ្មោះ ណេង ផានិត អតីតជាបុគ្គលិកក្រុមហ៊ុន កាហ្វេសុវណ្ណភូមិ បានធ្វើសកម្មភាពប្រាប់ដល់អតិថិជនរបស់ក្រុមហ៊ុនកាហ្វេសុវណ្ណភូមិថា កាហ្វេរបស់ក្រុមហ៊ុន

មានការផ្លាស់ប្ដូរសំបកវេចខ្ចប់ថ្មី ដែលជាហេតុធ្វើឱ្យអតិថិជនមានការយល់ច្រឡំ។ ដើម្បីទប់ស្កាត់នូវសកម្មភាពខុសច្បាប់របស់បុគ្គលទាំងពីរនាក់ខាងលើ ទើបនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កូនក្ដីខ្ញុំ ក៏បានបង្ហោះរូបភាព និងសំណេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ក្នុងគោលបំណងតែមួយគត់ គឺជូនដំណឹងដល់អតិថិជនរបស់ក្រុមហ៊ុនកាហ្វេសុវណ្ណភូមិ កុំឱ្យមានការភាន់ច្រឡំ ដោយពុំមានចេតនាណាមួយធ្វើឱ្យប៉ះពាល់កិត្តិយស និងកេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុនកាហ្វេ ញូ ឡាយហ្វ៍ ខហ្វហ្វី ( New Life Coffee ) នោះឡើយ។

ហេតុនេះ កូនក្ដីខ្ញុំសូមការអធ្យាស្រ័យដល់ លោក សួង សិទ្ធិ អគ្គនាយកក្រុមហ៊ុនកាហ្វេ ញូ ឡាយហ្វ៍ ខហ្វហ្វី ( New Life Coffee ) និងធ្វើការលុបការបង្ហោះរូបភាពនោះវិញតាមការសំណូមពរ, ដោយឡែក បុគ្គលិកទាំងពីរនាក់ ដែលមានចេតនាទុច្ចរិតបោកបញ្ឆោតដល់អតិថិជនរបស់ក្រុមហ៊ុន កាហ្វេសុវណ្ណភូមិ ក្រុមហ៊ុននឹងមានចំណាត់ការតាមផ្លូវច្បាប់។

ចំណែកឯក្នុងដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់វិញ ដើមបណ្ដឹងឈ្មោះ អ៊ូជ វុទ្ធី និងឈ្មោះ ណេង ផានិត បានឆ្លើយនៅចំពោះមុខ លោក សុក កែវបណ្ឌិត តំណាងអយ្យការ និងក្រឡាបញ្ជី ថា នៅអំឡុងឆ្នាំ២០២០ ពួកខ្លួនទាំងពីរ គឺជាបុគ្គលិកផ្នែកលក់ឱ្យក្រុមហ៊ុនកាហ្វេសុវណ្ណភូមិប្រាកដមែន ប៉ុន្តែធ្វើការរហូតមកដល់អំឡុង ខែមករា ឆ្នាំ២០២២ ពួកខ្លួនក៏បានសុំឈប់ពីការងារនៅក្រុមហ៊ុន កាហ្វេសុវណ្ណភូមិ ដោយបានទូរស័ព្ទសុំការអនុញ្ញាតផ្ទាល់មាត់ពី លោក ហួត លី ដែលជាអគ្គនាយកទៀតផង ហើយ លោក ហួត លី ក៏បានយល់ព្រមឱ្យឈប់ពីការងារនេះត្រឹមត្រូវដែរ  ហេតុនេះ សូមបញ្ជាក់ថា ពួកខ្លួនទាំងពីរមិនមែនជាបុគ្គលិកដែលក្រុមហ៊ុនបណ្ឌិតចេញនោះទេ។

ក្នុងពេលដែលពួកខ្លួនទាំងពីរចូលបម្រើការងារនៅក្រុមហ៊ុនថ្មី គឺក្រុមហ៊ុនកាហ្វេ ញូ ឡាយហ្វ៍ ខហ្វហ្វី ( New Life Coffee ) និងពេលកំពុងធ្វើទីផ្សារ ស្រាប់តែ លោក ហួត លី អគ្គនាយកក្រុមហ៊ុនកាហ្វេសុវណ្ណភូមិ និងជាម្ចាស់ផេក facebook ឈ្មោះ កាហ្វេសុវណ្ណភូមិ បានបង្ហោះសារថា កាហ្វេសុវណ្ណភូមិសូមជម្រាបជូនដំណឹងទៅគ្រប់បណ្ដាហាងកាហ្វេនៅទូទាំងប្រទេស ឱ្យបានជ្រាបថា បុគ្គលទាំងពីរនេះ ត្រូវបានកាហ្វេសុវណ្ណភូមិ បណ្ដេញចេញពីការងារតាំងពីខែមិថុនា ឆ្នាំ២០២២ ដូច្នេះហើយ រាល់ទង្វើខុសច្បាប់ទាំងឡាយរបស់បុគ្គលទាំងពីរនេះ គឺមិនមានពាក់ព័ន្ធនឹងកាហ្វេសុវណ្ណភូមិនោះឡើយ ហើយម្យ៉ាងទៀតកាហ្វេសុវណ្ណភូមិ មិនមានពាក់ព័ន្ធនឹងការចេញលក់ផលិតផលកាហ្វេ យីហោថ្មី នោះឡើយ, ហើយរាល់ការដែលបុគ្គលទាំងពីរនេះ មានកញ្ចប់កាហ្វេ មានស្លាកសញ្ញាកាហ្វេសុវណ្ណភូមិ លក់ជូនភ្ញៀវ សូមកុំទទួល ព្រោះវាមិនមែនជាផលិតផលកាហ្វេសុវណ្ណភូមិពិតឡើយ ហើយបុគ្គលទាំងពីរត្រូវទទួលខុសត្រូវគ្រប់យ៉ាងនៅចំពោះមុខច្បាប់, ជាចុងក្រោយ កាហ្វេសុវណ្ណភូមិ សូមគោរពជូនពរដល់ដៃគូម្ចាស់ហាងកាហ្វេនៅទូទាំងប្រទេសជួបតែសុខភាពល្អ មុខរបររីកចម្រើនគ្រប់ប្រការសូមអរគុណ។ ក្នុងករណីនេះ ហេតុអ្វីក៏ លោក ហួត លី អគ្គនាយកក្រុមហ៊ុនកាហ្វេសុវណ្ណភូមិ បង្ហោះភ្ជាប់រូបថតពួកខ្ញុំទាំងពីរនាក់ អ៊ូជ វុទ្ធី និង ណេង ផានិត ក្នុងឯកសណ្ឋាន និងកញ្ចប់កាហ្វេ ញូ ឡាយហ្វ៍ ខហ្វហ្វី ( New Life Coffee ) ទៅវិញ?!

ការផ្សព្វផ្សាយ និងសំណេររបស់ លោក ហួត លី អគ្គនាយកក្រុមហ៊ុនកាហ្វេសុវណ្ណភូមិ គឺក្នុងចេតនាទុច្ចរិត មួលបង្កាច់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់យើងខ្ញុំទាំងពីរនាក់ធ្ងន់ធ្ងរ និងប៉ះពាល់ដល់ទីផ្សារក្រុមហ៊ុនកាហ្វេ ញូ ឡាយហ្វ៍ ខហ្វហ្វី ( New Life Coffee ) ជាពន់ពេកណាស់, និងជាអំពើ បរិហារកេរ្ដិ៍ជាសាធារណៈ និងអំពើ ញុះញង់ឱ្យមានការរើសអើង ដែលជាបទល្មើសព្រហ្មទណ្ឌ មានចែងឱ្យផ្ដន្ទាទោសតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា៕ ពិសិដ្ឋ CEN

×