Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឃួង ស្រេង ៖ ក្រោយគម្រោង វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញបានបញ្ចប់ យើងអាចដេកលក់ស្រួល នៅពេលភ្លៀងធ្លាក់ម្តងៗ

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើតក្រុមការងារមួយ ដោយចាត់ឲ្យប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើជាប្រធាន ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៅលើក្រុមហ៊ុនឯកជន ដែលទទួលម៉ៅការសាងសង់លូ ប្រឡាយ រំដោះទឹក ឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

ការណែនាំបែបនេះបានធ្វើឡើង ខណៈ ឯកឧត្តមឃួង ស្រេង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុវត្តគម្រោង វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ឡើងឡើងថា៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ គម្រោងនេះនឹងប្រើប្រាស់ពេលវេលានៃការស្ថាបនាឡើងក្នុងរយៈពេល៥ឆ្នាំ ដែលមានចំនួន៥០គម្រោងសំរាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេង បន្តថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលផ្តល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នេះ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវយកអស់កម្លាំងកាយចិត្ត អនុវត្តឲ្យបានជោគជ័យ ពោលគឺយ៉ាងហោចណាស់២សប្តាហ៍ ត្រូវធ្វើរបាយការណ៍ពីវឌ្ឍនៈភាពការងារនេះ មករដ្ឋបាលរាជធានីភ្នំពេញម្តង។

ក្នុងនោះដែរ ឯកឧត្តមអភិបាល ក៏បានណែនាំដល់ក្រុមហ៊ុនទាំងអ ដែលទទួលអនុវត្តការងារគម្រោងរំដោះទឹកចេញពីរាជធានីភ្នំពេញត្រូវទទួលខុសត្រូវតាមកិច្ចសន្យារបស់ខ្លួន ពីពោះក្រុមហ៊ុនសុទ្ធតែបានដេញថ្លៃនៅក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុផ្ទាល់។ ឯកឧត្តមថា ក្រោយគម្រោងនេះបានបញ្ចប់ យើងអាចដេកលក់ស្រួល នៅពេលភ្លៀងធ្លាក់ម្តងៗ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញខាងលើនេះ មានចំនួន៥០គម្រោង ហើយគម្រោងដែលត្រូវអនុវត្តមានចំនួន២៨គម្រោង និង១៥គម្រោងទៀត កំពុងដោះស្រាយផលប៉ះពាល់ ពិសេស(តំបន់បឹងត្របែក)។ ចំណែក៧គម្រោងទៀតស្ថិតក្នុងគម្រោងបញ្ជាទិញ មិនទាន់មកដល់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោក សាំ ពិសិដ្ឋ បានបង្ហើបថា គម្រោងដែលស្ថិតក្នុងផលប៉ះពាល់នោះ គឺមានប្រជាពលរដ្ឋ១៣១ខ្នងផ្ទះស្មើនិង១០០ភាគរយនៅបឹងត្របែក បានដោះស្រាយបញ្ចប់ហើយ ដោយពួកគាត់បានទទួលយកសំណងពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាថ្នូរនៃការរុះរើលំនៅដ្ឋានចេញដោយស្ម័ក្រចិត្ត ចេញពីផលប៉ះពាល់នៃគម្រោងនេះ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ទៀតថា ក្នុងគម្រោងដែលកំពុងអនុវត្តទាំង២៨គម្រោងនេះបបានចាប់ផ្តើមអនុវត្តការងារកាលពីថ្ងៃទី០៧ ឧសភាឆ្នាំ២០២៤ គិតមកដល់ពេលនេះមានរយៈពេល៩៧ថ្ងៃហើយ ដោយជាលទ្ធផលសម្រេចបានចំនួន១២,១៧% ហើយក្នុងផែនការយើងផ្តោតសំខាន់លើតំបន់៤ធំៗ ដែលត្រូវធ្វើអោយប្រសើរឡើង នៅក្នុងនោះទី១ តំបន់បឹងទំពន់និងបឹងសាឡាង ទី២ តំបន់បឹងត្របែក ទី៣ តំបន់ខាងត្បូងឈាងខាងកើតប្រលានយន្តហោះភ្នំពេញនិងទី៤ តំបន់ខាងជើងរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរពីប្រជាពលរដ្ឋ។ចំណែកគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា គម្រោងនេះក៏ជាផ្នែកដ៏សំខាន់មួយក្នុងការរំដោះទឹកភ្លៀងចេញពីរាជធានីភ្នំពេញផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×