រាជធានីភ្នំពេញ : កំណត់ការិយាល័យនិពន្ធ CEN ( ក.ក.ន ) បានឃើញសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលស្រុកមណ្ឌលសីមា នៃខេត្តកោះកុង ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឆ្លើយតប បំភ្លឺ បកស្រាយ ចំពោះព័ត៌មាន ដែលអង្គភាពសារព័ត៌មាន CEN ផ្សព្វផ្សាយកន្លងមកថ្មីៗនេះ ទាក់ទងនឹង ” ដែនជម្រកសត្វព្រៃពាមក្រសោប ” ដោយរដ្ឋបាលស្រុកមណ្ឌលសីមា អះអាងថា ការចុះផ្សាយនេះគ្មានមូលដ្ឋានច្បាស់លាស់ ខុសពីការពិត ខ្វះប្រជាជីវៈ និងក្រមសីលធម៌ មានចេតនាញុះញង់ បង្កាច់បង្ខូច ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ បង្កភាពចលាចលក្នុងសង្គម ប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់រដ្ឋបាលស្រុកមណ្ឌលសីមាយ៉ាងធ្ងន់ធ្ងរ។
ជាការឆ្លើយតបទៅ រដ្ឋបាលស្រុកមណ្ឌលសីមា, ការិយាល័យនិពន្ធ អង្គភាពសារព័ត៌មាន CEN សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ យើងបានផ្សាយព័ត៌មាន ដែលទទួលបានប្រភពពីប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួនសុំមិនបញ្ចេញឈ្មោះព្រមទាំងការផ្ដល់ឯកសារមួយចំនួនផងដែរ ឱ្យដាក់ចំណងជើងថា ” មន្ត្រីស្មោះត្រង់ និងប្រជាពលរដ្ឋស្រូតត្រង់ ទម្លាយថា មន្ត្រីខិលខូច យកដីកាត់ឆ្វៀលចេញពីដែនជម្រកសត្វព្រៃពាមក្រសោប ចែកបក្ខពួកគ្នាឯង, អភិបាលរងស្រុកមណ្ឌលសីមា បដិសេធ… “។ គ្រាន់តែខ្លឹមសារ ចំណងជើងដ៏ខ្លីនេះ គឺបានបែងចែកអត្ថន័យពីរដាច់ដោយឡែកពីគ្នាទៅហើយ ត្រង់ពាក្យថា ” មន្ត្រីស្មោះត្រង់ និងប្រជាពលរដ្ឋស្រូតត្រង់ ទម្លាយថា មន្ត្រីខិលខូច យកដីកាត់ឆ្វៀលចេញពីដែនជម្រកសត្វព្រៃពាមក្រសោប ចែកបក្ខពួកគ្នាឯង ” : គឺសំដៅលើប្រភពព័ត៌មានដែល CEN ទទួលបានពីប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួន , ហើយត្រង់ពាក្យថា ” អភិបាលរងស្រុកមណ្ឌលសីមា បដិសេធ… ” គឺសំដៅលើ CEN បានសួរនាំ និងសម្ភាសន៍មន្ត្រីគណ:អភិបាលស្រុកមណ្ឌលសីមាដែលតើ គឺ លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា នៃខេត្តកោះកុង ទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លីនេះ និងសួរនាំដល់មន្ត្រីឃុំទៀតផង ហើយយើងក៏បានដាក់ខ្លឹមសាររបស់មន្ត្រីគណៈស្រុក និងមន្ត្រីថ្នាក់ឃុំបកស្រាយរួចហើយតើ មានជាក់ស្ដែង ដូចការផ្សាយរបស់ CEN កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ហេតុអ្វី ក៏ក្រុមមន្ត្រីរដ្ឋបាលស្រុកមណ្ឌលសីមាទាំងនោះ មិនព្រមស្ដាប់ឱ្យយល់ ឬក៏គ្មានចំណេះដឹងស្ដាប់យល់?! ហើយបើគ្មានចំណេះដឹងស្ដាប់ឱ្យយល់អត្ថន័យផងនោះ ម្ដេចក៏ហ៊ានថាគេផ្សាយខ្វះវិជ្ជាជីវៈ និងក្រមសីលធម៌?!
ត្រង់ចំណុច ដែលរដ្ឋបាលស្រុកមណ្ឌលសីមា ចោទប្រកាន់មកលើអង្គភាពសារព័ត៌មាន CEN គ្មានមូលដ្ឋានច្បាស់លាស់ ខុសពីការពិត ខ្វះប្រជាជីវៈ និងក្រមសីលធម៌ មានចេតនាញុះញង់ បង្កាច់បង្ខូច ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ បង្កភាពចលាចលក្នុងសង្គម ប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់រដ្ឋបាលស្រុកមណ្ឌលសីមាយ៉ាងធ្ងន់ធ្ងរនោះ យើងសូមសួរថា តើព័ត៌មានជាមូលដ្ឋាន រដ្ឋបាលស្រុកមណ្ឌលសីមា មានកាត់ឆ្វៀលដី តាមអនុក្រឹត្យលេខ ១៦៤ អនក្រ .ប.ក ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃពាមក្រសោប ដែរឬក៏អត់ ?! គឺអនុក្រឹត្យលេខ ១៦៤ អនក្រ .ប.ក ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃពាមក្រសោប បញ្ជាក់ថា ត្រូវបានកែប្រែដែនជម្រកសត្វព្រៃពាមក្រសោប ពីផ្ទៃដីទំហំ ២៣ ៧៥០ហិកតា ដែលមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ មកជាផ្ទៃដី ដែលមានទំហំត្រឹមតែ ១៦ ៩៨២ហិកតា វិញ ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១ និងនិយាមកា (តាមប្រព័ន្ធកូអរដាណេ Project UTM Zone 48N Datum WGS 1984) , ដូច្នេះ នៅពេលរាជរដ្ឋាភិបាល កែប្រែដែនជម្រកសត្វព្រៃពាមក្រសោប ពីទំហំផ្ទៃដីធំ មកនៅទំហំផ្ទៃដីតូចវិញនេះ មានន័យថា ទំហំ ២៣ ៧៥០ហិកតា ដកនឹង ទំហំ១៦ ៩៨២ហិកតាចេញ គឺនៅសល់ដី ទំហំ ៦ ៧៦៨ហិកតា, ហេតុដូច្នេះ ទំហំដី ៦ ៧៦៨ហិកតា យកទៅណា?! ចំណុចហ្នឹង មិនមែនជាមូលដ្ឋានព័ត៌មានទេឬ?! ចុះចំណែកលិខិតផ្ទេរសិទ្ធិដីធ្លីទៅឱ្យមនុស្ស ប្រមាណ ៥០ប័ណ្ណក្នុងឃុំពាមក្រសោប ត្រូវបានរកឃើញថា ជាមនុស្សជាប់សាច់ញាតិបងប្អូនរបស់មន្ត្រីឃុំ និងមន្ត្រីមានអំណាចក្នុងស្រុកមណ្ឌលសីមា, តើនេះ មិនមែនជាមូលដ្ឋានព័ត៌មានទេឬ ?! នេះយើងមិនទាន់និយាយដល់ឃុំជាច្រើនទៀតដែលស្ថិតក្នុងស្រុកមណ្ឌលសីមាផង។ ឬមួយពាក្យថា ព័ត៌មានពិត ទាល់តែសារព័ត៌មានទាំងឡាយ ផ្សាយថា រដ្ឋបាលស្រុកមណ្ឌលសីមា ធ្វើការល្អៗទាំងអស់… បានហៅថា ព័ត៌មានពិត?!
CEN សូមបញ្ជាក់ថា មាត្រា ២ ច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា សារព័ត៌មាន មានសិទ្ធិរក្សាការសម្ងាត់ ស្ដីពី ប្រភពព័ត៌មានរបស់ខ្លួន។ មានន័យថា សារព័ត៌មានមិនអាចទៅបង្ហាញភស្តុតាង សាក្សី និងប្រភពព័ត៌មាន ដែលប្រជាពលរដ្ឋ ឬក៏មន្ត្រីផ្ដល់ឱ្យនោះទេ ព្រោះខ្លាចពួកអស់លោក ទៅធ្វើបាបសាក្សី និងប្រភពទាំងនោះ។ ចំណែក មាត្រា ៥ , ចំណុច ១ ស្ដីពីគោលការណ៍ទូទៅ បានចែងថា សារព័ត៌មានមានសិទ្ធិទទួលព័ត៌មាន ដែលស្ថិតក្នុងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល គឺសំដៅដល់ក្រសួង ស្ថាប័ន អង្គភាពរបស់រដ្ឋ និងក្រុមហ៊ុនឯកជននានា , ប៉ុន្តែត្រូវស្ថិតក្រោមបញ្ញត្តិច្បាប់កំណត់ ដូចជា : អន្តរាយដល់សន្តិសុខជាតិ ,អន្តរាយដោយទំនាក់ទំនងជាមួយប្រទេសដទៃ , ការបំពានលើសិទ្ធិរបស់បុគ្គលម្នាក់ៗ និងឯកជន ។ល។
ទាក់ទងនឹងសិទ្ធិបុគ្គល និងឯកជនភាព, CEN សូមបញ្ជាក់ថា ពិតណាស់សិទ្ធិសិទ្ធិបុគ្គល និងឯកជនភាព របស់នរណាម្នាក់ ឬក្រុមហ៊ុន ស្ថាប័ន ណាមួយ គឺសារព័ត៌មានត្រូវតែគោរព ប៉ុន្តែបុគ្គល និងវិស័យឯកជនទាំងឡាយ ត្រូវយល់វិញថា សិទ្ធិរបស់លោកអ្នក ក៏ត្រូវស្ថិតក្រោមបញ្ញត្តិនៃច្បាប់ដែរ ប្រសិនបើពួកអាងសិទ្ធិបុគ្គល ឬឯកជនទាំងឡាយណានោះ ប្រព្រឹត្តខុសក្រមសីលធម៌ ប្រព្រឹត្តខុសច្បាប់ ដូចជា អំពើហិង្សាក្នុងគ្រួសារ , បង្ករបួសស្នាមធ្ងន់ធ្ងរ , សមគំនិតប្រព្រឹត្តបទល្មើស , គប់គិតគ្នាប្រព្រឹត្តអំពើពុករលួយ , ក្លែងឯកសារសាធារណៈ , ក្លែង , រំលោភលើទំនុកចិត្ត ជាពិសេសដោយអភិបាល… ទាំងហ្នឹង ពួកអស់លោកដែលគិតតែពីអាងសិទ្ធិបុគ្គល និងឯកជនភាពនោះ គឺយល់ច្រឡំហើយ មិនអាចយកទង្វើ ឬការប្រព្រឹត្តខុសច្បាប់របស់ខ្លួន មកសំអាងជាសិទ្ធិបុគ្គល និងឯកជនភាព ដើម្បីការពារខ្លួនបានឡើយ, ហើយក្នុងន័យនេះ សារព័ត៌មាន ក៏អាចផ្សាយពីទង្វើល្មើសច្បាប់ក្នុងសង្គម ល្មើសក្រមសីលធម៌ របស់បុគ្គលម្នាក់ៗ ទាំងឯកជន និងមន្ត្រីសាធារណៈរបស់រដ្ឋបានផងដែរ ដើម្បីឱ្យបានដឹងទៅដល់ ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាប។
សូមរំលឹកថា អ្វីដែលផ្ដើមឱ្យមានការបកស្រាយបែបនេះ គឺកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ CEN បានផ្សាយព័ត៌មាន ដាក់ចំណងជើងថា ” មន្ត្រីស្មោះត្រង់ និងប្រជាពលរដ្ឋស្រូតត្រង់ ទម្លាយថា មន្ត្រីខិលខូច យកដីកាត់ឆ្វៀលចេញពីដែនជម្រកសត្វព្រៃពាមក្រសោប ចែកបក្ខពួកគ្នាឯង, អភិបាលរងស្រុកមណ្ឌលសីមា បដិសេធ… “។ ខ្លឹមសារមានដូចតទៅ ÷
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋស្លូតត្រង់ និងក្រុមមន្ត្រីស្មោះត្រង់មួយចំនួនក្នុងស្រុកមណ្ឌលសីមា បានទម្លាយរឿងអាស្រូវថា មន្ត្រីខិលខូចមួយចំនួន នៃស្រុកមណ្ឌលសីមា ខេត្តកោះកុង បានប្រមែប្រមូលប្រជាពលរដ្ឋស្លូតត្រង់យកធ្វើជាខែល ដើម្បីស៊ីដាច់ដីរដ្ឋ ទំហំ ៦ ៧៦៨ហិកតា ដែលកាត់ឆ្វៀលចេញពីដែនជម្រកសត្វព្រៃពាមក្រសោប តាមអនុក្រឹត្យលេខ ១៦៤ អនក្រ .ប.ក។
បើតាមខ្លឹមសារ អនុក្រឹត្យលេខ ១៦៤ អនក្រ .ប.ក ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃពាមក្រសោប បញ្ជាក់ថា ត្រូវបានកែប្រែដែនជម្រកសត្វព្រៃពាមក្រសោប ពីផ្ទៃដីទំហំ ២៣ ៧៥០ហិកតា ដែលមានចែងក្នុងព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ មកជាផ្ទៃដី ដែលមានទំហំត្រឹមតែ ១៦ ៩៨២ហិកតា វិញ ស្ថិតក្នុងភូមិសាស្ត្រខេត្តកោះកុង ដូចមានផែនទីភ្ជាប់ក្នុងឧបសម្ព័ន្ធ១ និងនិយាមកា (តាមប្រព័ន្ធកូអរដាណេ Project UTM Zone 48N Datum WGS 1984) , ដូច្នេះ នៅពេលរាជរដ្ឋាភិបាល កែប្រែដែនជម្រកសត្វព្រៃពាមក្រសោប ពីទំហំផ្ទៃដីធំ មកនៅទំហំផ្ទៃដីតូចវិញនេះ មានន័យថា យកទំហំដី ២៣ ៧៥០ហិកតា ដកនឹង ទំហំ១៦ ៩៨២ហិកតាចេញ គឺនៅសល់ដី ទំហំ ៦ ៧៦៨ហិកតា, ហេតុដូច្នេះ គឺពួកមន្ត្រីខិលខូចទាំងនោះ ចំណេញបាន ទំហំ ៦ ៧៦៨ហិកតា យកទៅចែកបក្ខពួក ធ្វើមាន ធ្វើបាន ឯប្រជាពលរដ្ឋស្លូតត្រង់ដែលគេយកធ្វើជាខែលនោះ ខ្លះបាន ខ្លះអត់។
លោក ណយ ឡេង មេឃុំពាមក្រសោប បានឱ្យដឹងទាក់ទងនឹងករណីនេះថា ពិតជាមានការកែប្រែដែនដី ក៏ដូចជាកាត់ឆ្វៀលទំហំដីនៃដែនជម្រកសត្វព្រៃពាមក្រសោបប្រាកដមែន ប៉ុន្តែក្នុងទឹកដីរបស់លោកមិនមានការប៉ះពាល់ប្រជាពលរដ្ឋនោះទេ ពីព្រោះថាសហគមន៍ការពារធនធានធម្មជាតិរបស់លោក មានប្រជាសហគមន៍ប្រមាណ ៥០០គ្រួសារប៉ុណ្ណោះ នៅតែបានអាស្រ័យផលដដែលទេ, ប៉ុន្តែឃុំផ្សេងៗជាច្រើនទៀត អាចមានប៉ះពាល់ប្រជាពលរដ្ឋ, លោកមិនដឹងទេ ទាល់តែសួរទៅខាងមេឃុំគេផ្សេងៗទៅ។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃពាមក្រសោបនេះ ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង មានវិសាលភាពគ្របដណ្ដប់លើឃុំជាច្រើន ដូចជា ឃុំប៉ាក់ខ្លង ឃុំកោះកាពិ ឃុំកោះស្រឡៅ ឃុំកាចាត ឃុំស្ទឹងវែង និងឃុំមួយចំនួនទៀត, CEN មិនអាចសុំការបំភ្លឺ ឬ ពន្យល់ ពីមេឃុំផ្សេងៗទៀត រឿងកាត់ឆ្វៀលដី ទំហំ ៦ ៧៦៨ហិកតា ចេញពីដែនជម្រកសត្វព្រៃពាមក្រសោបនោះទេ ព្រោះគ្មានទូរស័ព្ទទំនាក់ទំនង។
ចំណែកឯ លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា នៃខេត្តកោះកុង ទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លីនេះ បានពន្យល់ថា ឆ្លើយតបនឹងអ្វីដែលថា មន្ត្រីថ្នាក់ឃុំ និងថ្នាក់ស្រុក បានយកដីដែលរាជរដ្ឋាភិបាល កាត់ឆ្វៀលនោះ ទៅចែកបក្ខពួកគ្នាឯង គឺមិនមានបែបនេះទេ សូមច្រានចោល, រដ្ឋបាលឃុំ-ស្រុកបានធ្វើតាមដំណាក់កាលៗ គឺចែកជូនប្រជាពលរដ្ឋតាមបញ្ជីស្នាមច្បាស់លាស់ ដែលស្នើតាមរយៈរដ្ឋអំណាចភូមិ-ឃុំ , ប៉ុន្តែត្រង់ថា ប្រជាពលរដ្ឋទាំងនោះ លក់បន្តទៅឱ្យមន្ត្រីណានោះ ឬធ្វើអំណោយទៅឱ្យកូនចៅ ឬផ្ទេរកម្មសិទ្ធិទៅឱ្យបងប្អូន អាហ្នឹងជារឿងផ្សេង។
ក្រោយពី CEN ចេញផ្សាយទាក់ទងនឹងការបែកធ្លាយរឿងអាស្រូវមួយនេះ បានមួយថ្ងៃ រដ្ឋបាលស្រុកមណ្ឌលសីមា នៃខេត្តកោះកុង ក៏បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដោយបកស្រាយថា កំឡុងឆ្នាំ១៩៩០ ទីតាំងនេះ ត្រូវបានប្រជាពលរដ្ឋចូលកាប់ឆ្ការយកដីបម្រុងធ្វើស្រែចិញ្ចឹមបង្គា ប៉ុន្តែរហូតមកដល់ ឆ្នាំ២០០៦ ទីតាំងនោះត្រូវបានទុកទំនេរ មិនមានម្ចាស់ណាមួយមកអាស្រ័យផលលើដីនេះឡើយ។ រហូតដល់ ឆ្នាំ២០០៧ ដោយកំណើនប្រជាពលរដ្ឋត្រូវការដីសម្រាប់សាងសង់លំនៅឋាន
ពួកគាត់ក៏នាំគ្នាទៅវែកយកម្នាក់មួយប្រឡោះម្នាក់មួយប្រឡោះ កាន់កាប់ ថែរក្សាដីរៀងៗខ្លួនតរៀងមក។ ជាបន្តបន្ទាប់ តាមរយៈការប្រជុំក្នុងភូមិ និងការចូលរួមវេទិកាសាធារណៈ ប្រជាពលរដ្ឋ លោកមេភូមិ ក៏បានសំណូមពរសុំដីនោះ ហើយរហូតដល់ ឆ្នាំ២០២១ រាជរដ្ឋាភិបាល បានសម្រេចធ្វើការកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ ជូនប្រជាពលរដ្ឋដែលបានគ្រប់គ្រង និងអាស្រ័យផលជាក់ស្ដែង, និងកន្លងមកទៀត ទីតាំងនោះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដោយអនុលោមតាមអនុក្រឹត្យលេខ ៣០ អនក្រ ប.ក ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចមានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងដីធ្លីរបស់ពួកគាត់។ ដូចនេះ ការកាត់ឆ្វៀលខាងលើ បានធ្វើឱ្យផ្ទៃដីរបស់តំបន់ការពារធម្មជាតិ មានការប្រែប្រួល និងផ្លាស់ប្ដូរ , ទើបក្រោយមក រាជរដ្ឋាភិបាល បានរៀបចំអនុក្រឹត្យលេខ ១៦៤ អនក្រ .ប.ក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងគោលបំណងកំណត់ឡើងវិញនូវព្រំប្រទល់របស់ដែនជម្រកសត្វព្រៃពានក្រសោប ដោយមានទំហំ ១៦ ៩៨២ហិកតា។ ក្នុងនោះផ្ទៃដីទំហំ ៥២,៦ហិកតា ស្ថិតនៅក្នុងភូមិពាមក្រសោបទី១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា, ហើយក្រោមការណែនាំរបស់រដ្ឋបាលខេត្តកោះកុង និងការស្នើសុំរបស់ប្រជាពលរដ្ឋតំណាងសហគមន៍ ព្រមទាំងអាចឱ្យសហគមន៍ធ្វើការអភិវឌ្ឍន៍អេកូទេសចរណ៍ក្នុងមូលដ្ឋានរបស់ខ្លួន រដ្ឋបាលស្រុកមណ្ឌលសីមា បានរៀបចំក្រុមការងារ ចុះពិនិត្យ និងវាស់វែងជាក់ស្ដែង ដោយមានចេញលិខិតបញ្ជាក់សាវតាដីជូនប្រជាពលរដ្ឋចំនួន ៤៤៣ គ្រួសារ , មួយចំណែកទុកជាដីសាធារណៈ សម្រាប់កសាងប៉ុស្តិ៍សុខភាព ផ្សារសហគមន៍ ស្នាក់ការភូមិ សាលាឆទាន មណ្ឌលសុខភាព វត្តអារាមមណ្ឌលព័ត៌មាន…។ល។
បើយោងតាមប្រភពពីក្រុមមន្ត្រីស្មោះត្រង់មួយចំនួន សូមមិនបញ្ចេញឈ្មោះ បានលើកឡើងថា គេនិយាយចំពោះតែការបែងចែកដីមិនប្រក្រតីនៅក្នុង អនុក្រឹត្យ លេខ ១៦៤ អនក្រ .ប.ក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ប៉ុណ្ណោះ អត់និយាយដល់ការបែងចែកកាលពីមុនៗនោះឡើយ។ រឿងនេះមន្ត្រីខិលខូចមួយចំនួនក្នុងស្រុកមណ្ឌលសីមា ស្អាតស្អំបែបណា អាក្រក់បែបណា ប្រើល្បិចបែបណា គឺទាល់តែអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន ចុះស្រាវជ្រាវធ្វើការស៊ើបអង្កេត ត្រួតពិនិត្យ និងវាយតម្លៃ ទើបអាចកំណត់បានថា រដ្ឋបាលស្រុកមណ្ឌលសីមា អនុវត្តការងារត្រឹមត្រូវ ឬក៏ដូចប្រជាពលរដ្ឋ និងមន្ត្រីស្មោះត្រង់ចោទប្រកាន់មែន?!៕ ពិសិដ្ឋ CEN
























