Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងរាជអាវុធហត្ថ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការករណី រំលោភលើទំនុកចិត្តយកម៉ូតូរបស់ជនរងគ្រោះទៅប្តូរគ្រឿងថ្មីដើម្បីកុំឱ្យជនរងគ្រោះដឹងថាជាម៉ូតូរបស់ខ្លួន ហើយទុកជិះខ្លួនឯង និងប្រើប្រាស់សារធាតុញៀន

បន្ទាយមានជ័យ ÷យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ភួង ផាពិញ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រះអង្គ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់ទៅលើឈ្មោះ បិន ធានអ៊ី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ស្ដីពីករណី រំលោភលើទំនុកចិត្ត ប្រព្រឹត្តកាលពីវេលាម៉ោង០៩និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីទទួលបានបណ្តឹងនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង១២ និង៣០នាទីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅចំណុចបន្ទប់ជួលភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួមទាំងដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ គ្មានផ្លាកលេខ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណដើម្បីធ្វើការសួរនាំ ហើយបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (+)។

    លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះទៅប្តូរគ្រឿងដេីម្បីកុំឱ្យជនរងគ្រោះដឹងថាជាម៉ូតូរបស់ខ្លួន ហើយទុកជិះខ្លួនឯងពិតប្រាកដមែន។ ហេីយជនសង្ស័យបញ្ជាក់ទៀតថា កាលពីខែមីនា ឆ្នាំ២០២១ រូបគេធ្លាប់ជាប់ពន្ធនាគារខេត្តបន្ទាយមានជ័យ រយៈពេល០១ឆ្នាំ និង០៦ខែ ពីបទ៖ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន ហើយនៅខែកញ្ញា ឆ្នាំ២០២២ បានចេញពីពន្ធនាគារវិញ ហើយនៅបន្តប្រើប្រាស់គ្រឿងញៀនរហូតមកទល់បច្ចុប្បន្ននេះ។

   ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ 

  លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ 

 បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។  ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញហើយដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×