ខេត្តស្វាយរៀង : ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងណែនាំដល់មន្ត្រីនគរបាលនៅតាមខ្សែបន្ទាត់ព្រំដែន និងច្រកទ្វារព្រំដែននានា ទាំងគោក និងអាកាស បើពាក់ព័ន្ធនឹងបដិសណ្ឋារកិច្ចដូចជា បែបបទលិខិតស្នាមចេញ-ចូល សេវាកម្មផ្សេងៗ គឺត្រូវប្រកាន់អាកប្បកិរិយាឱ្យបានសមរម្យ ថ្លៃថ្នូរ និងប្រកបដោយក្រមសីលធម៌ បម្រើ អនុវត្តការងារឱ្យបានត្រឹមត្រូវ ព្រោះថា មន្រ្តីច្រកទ្វាព្រំដែន ទាំងព្រំដែនគោក និងអាកាស គឺជាបុគ្គលទី១ តំណាងឱ្យជាតិ និងប្រជាជនកម្ពុជា ដែលទទួលស្វាគមន៍ភ្ញៀវបរទេសអញ្ជើញមកពីគ្រប់ជាតិសាសន៍លើពិភពលោក។
ឯកឧត្តមអភិសន្តិបណ្ឌិត លើកឡើងទៀតថា បើពាក់ព័ន្ធសន្តិសុខសណ្ដាប់ធ្នាប់ បទល្មើសឆ្លងដែនវិញ គឺទាំងប៉ុស្តិ៍នគរបាល វរការពារព្រំដែន មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារទ្វេភាគី និងច្រកទ្វារអន្តរជាតិនានា ជាក់ស្ដែង ច្រកទ្វារអន្តរជាតិបាវិត ជាដើម កម្លាំងនគរបាល ដែលមានភារកិច្ចនៅទីនោះ ទទួលខុសត្រូវ ទាំងការផ្ដល់សេវាឆ្លងដែនជូនអ្នកដំណើរ កិច្ចការពារបូរណភាពទឹកដី ការទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស និងអាវុធខុសច្បាប់ជាដើម។
ការលើកឡើងអំពីភាពទទួលខុសត្រូវរបស់កងកម្លាំងនគរបាលនៅតាមខ្សែបន្ទាត់ព្រំដែន និងច្រកទ្វារបែបនេះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ធ្វើឡើង នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ ក្នុងពេលដែលឯកឧត្តម ចុះជួបសំណេះសំណាលជាមួយមន្ត្រី នៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ស្ថិតនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង និងពិនិត្យវឌ្ឍនភាព នៃការការងារបំពេញបែបបទ ចេញ-ចូល ដើម្បីបំពេញចំណុចខ្វះខាត និងកែលម្អ។ ពិធីសំណេះសំណាលនេះ អមដោយ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងមន្ត្រីថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមួយចំនួនទៀត។
ប្រមុខក្រសួងមហាផ្ទៃ បានថ្លែងថា ក្រុមមន្រ្តីនគរបាលដែលបំពេញការងារនៅតាមច្រកទ្វារនីមួយៗ ត្រូវស្លៀកពាក់ឯកសណ្ឋាន ឱ្យបានត្រឹមត្រូវ រក្សាអនាម័យនិងសោភ័ណភាពកន្លែងបំពេញការងារ និងទីតាំងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានល្អ ហើយថ្នាក់ដឹកនាំនៅកន្លែងធ្វើការ ត្រូវតែផ្ដល់ឱ្យមន្រ្តីនូវបរិយាកាសបំពេញការងារប្រកបដោយការលើកទឹកចិត្ត ទាំងការដំឡើងស័ក្ដិ ការបណ្ដុះបណ្ដាលជំនាញបន្ថែម រួមទាំងឌីជីថល ព្រមទាំងត្រូវធានាឱ្យបានថា មន្រ្តីទាំងអស់ មានភារកិច្ចត្រូវអនុវត្តប្រកបដោយគុណភាព។
ក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់អង្ករ ចំនួន ២តោន , មី ១០កេសធំ , ទឹកស៊ីអ៉ីវ ២០យួរ , ទឹកត្រី ២០យួរ , ត្រីខកំប៉ុង ១០កេសធំ និងចូលរួមពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត៕ សុំ សុវណ្ណគីរី





























