រាជធានីភ្នំពេញ ៖ លោកវរៈសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បានឲ្យដឹងថា៖ កម្លាំងការិយាល័យជំនាញរបស់លោកបាននឹងត្រៀមបញ្ជូនចោរលួចរថយន្ត និងអ្នកទទួលទិញផលចោរកម្មចំនួន៥នាក់ ទៅតុលាការ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការ និងសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
លោកនាយការិយាល័យបន្តថា៖ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២និង១៨នាទី រំលងអធ្រាត្រ នៅចំណុចផ្ទះលេខ២៥ ផ្លូវលេខ៥ ស្ថិតនៅក្រុមទី១៤ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីអំពើលួច (លួចរថយន្ត) បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមួយក្រុម បានធ្វើសកម្មភាពលួចយករថយន្ត១គ្រឿង ម៉ាក MITSUBISHI PICKUP ពណ៌បៃតងចាស់ ពាក់ផ្លាកលេខភ្នំពេញ 2E-1893 ដែលជារបស់ជនរងគ្រោះឈ្មោះ ស្រេង អី ភេទប្រុស អាយុ២៥ឆ្នាំ ចតទុកនៅមុខផ្ទះ រួចចោរនាំគ្នាជិះគេចខ្លួនបាត់ ។
ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលនីតិ វិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២០និង០០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យ បានចំនួន០២នាក់ ជាជនដៃដល់នៅចំណុចច្រាំងបាក់ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបន្តចាប់ខ្លួនអ្នកទទួលទិញផលនៃអំពើចោរកម្ម(លួចរថយន្ត)ចំនួន០៣នាក់បន្ថែមទៀត នៅចំណុចភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងដកហូតបានសម្ភារ:វត្ថុតាងរថយន្ត០១គ្រឿង ដែលជារបស់ជនរងគ្រោះ ។
ជនសង្ស័យទាំង០៥នាក់ នោះរួមមាន ៖
ទី១.ឈ្មោះ ង្វៀង យ៉ាំងវី ហៅ សុខ ដាវី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំជិតផ្សារក្រុងតាខ្មៅ ខេត្តកណ្តាល ។ (ជនដៃដល់)។
ទី២.ឈ្មោះ ង្វៀង យ៉ាំងតាំ ភេទប្រុស អាយុ៤៥ ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងដែក មានទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ច្រាំងបាក់ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (សហចារីដឹកទម្លាក់)។
ទី៣.ឈ្មោះ ង្វៀង យ៉ាំងឡេវ ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងដែក មានទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ទី៤.ឈ្មោះ ប៉ាង យ៉ាំងធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរ ទិញលក់អេតចាយ មានទីលំនៅ ផ្ទះលេខ១៧អា ផ្លូវនិរោធទឹកស្អាត សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ទី៥.ឈ្មោះ អ៊ុក ឧត្តម ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជួលមេក្រូម៉ាស៊ីនភ្លើង មានទីលំនៅ ផ្ទះលេខ១២៤ ផ្លូវកោះនិរោធ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមាន ៖ រថយន្ត០១គ្រឿង ម៉ាក MITSUBISHI PICKUP ពណ៌បៃតងចាស់ ពាកផ្លាកលេខ ភ្នំពេញ 2E-1893 (ផលនៃបទល្មើស) .ម៉ូតូ ០១គ្រឿង ម៉ាក ម៉ីអូ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1M-0362 (មធ្យោបាយជិះធ្វើសកម្មភាព) និងសម្ភារមួយចំនួនទៀត ។
ជនសង្ស័យទាំង៥ នាក់ ក្នុងនោះមានជនជាតិវៀតណាម៤នាក់ និងខ្មែរម្នាក់ រួមវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងរួចរាល់ហើយ នឹងត្រៀមបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





