កណ្តាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថា គ្មានបរទេសណាដែលអាចមករំលោភអធិបតេយ្យភាពរបស់កម្ពុជាបានដាច់ខាត។ ហើយគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ខ្មែរ ក្នុងនោះវិនិយោគិនក្នុងស្រុកមានភាគហ៊ុនច្រើនជាងគេ ហើយក្រុមហ៊ុនខ្មែរ ១០០% ជាអ្នកអនុវត្តសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនេះ។
ថ្លែងក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅស្រុកកៀនស្វាយ ខេត្ដកណ្ដាល សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញកសិកម្ម ពាណិជ្ជកម្ម គឺមិនខុសពីការកសាងអាណាចក្រហ្វូណនដ៏រុងរឿងនោះឡើយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណតេជោ ៥ឆ្នាំទៀតនឹងក្លាយទៅជាទីតាំងសក្ដានុពលដ៏សំខាន់បំផុតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រែកជីកនេះ ដោយបានផ្ដល់ផលទាំងវិស័យកសិកម្ម ដឹកជញ្ជូន និងទេសចរណ៍ជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីជូនប្រជាពលរដ្ឋ និងជនរួមជាតិថា ការកសាង «ព្រែកជីកហ្វូណនតេជោ» គឺមិនខុសអ្វីពីគំនិតរបស់បុព្វបុរសខ្មែរយើងកាលពី២ពាន់ឆ្នាំមុននោះទេ គឺធ្វើឡើងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។
សម្ដេចមធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈការស្រាវជ្រាវបានបង្ហាញឱ្យឃើញថា អង្គរបុរីនៃអាណាចក្រហ្វូណន ក្នុងសម័យ កាលនគរភ្នំ មានព្រែកជីកចំនួន ៥ ដែលភ្ជាប់តទៅកំពង់ផែអន្តរជាតិអូរកែវ សម្រាប់ការធ្វើពាណិជ្ជកម្មជាមួយប្រទេសនានា និងព្រែកជីកធំមួយទៀតភ្ជាប់មកទន្លេ មេគង្គទៅកំពង់ផែចិន។ ចំពោះព្រែកជីកចំនួន ៣ ទៀតតភ្ជាប់ការដឹកជញ្ជូនទៅតំបន់ផ្សេងៗ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះទេ តែក៏បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធារាសាស្រ្ដ និងផលប្រយោជន៍ជាច្រើនលើសលប់ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយព្រែកជីកនេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជា គឺមានសមត្ថភាព និងភាពម្ចាស់ការគ្រប់គ្រាន់ក្នុងការស្ថាបនាព្រែកជីកមួយនេះ ហើយនេះ ក៏ជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលគម្រោងជាប្រវត្តិសាស្ត្រមួយនេះមានប្រជាពលរដ្ឋ នៅទូទាំងប្រទេសគាំទ្រ ហើយយើងដាច់ខាតត្រូវតែធ្វើឱ្យបាន និងធ្វើឱ្យល្អបំផុតសម្រាប់ជាតិរបស់យើង។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ចំពោះការបើកការដ្ឋានព្រែកជីកហ្វូណនតេជោនាពេលនេះ គឺយើងកំពុងបង្ហាញពីការប្តេជ្ញាចិត្តក្នុងនាមជាប្រជាជាតិតែមួយ ជាចលនាជាតិតែមួយ ដែលប្រកបដោយស្មារតីឯកភាពជាតិ និងជាតិនិយម ដើម្បីរួមគ្នាកសាងភាពល្បីល្បាញ និងមោទនភាពជាតិ ដែលគំនិតផ្តួចផ្តើម និងចក្ខុវិស័យនៃការសម្រេចចិត្តសាងសង់ព្រែកជីកហ្វូណនតេជោនេះ បានបង្ហាញពីការដឹកនាំប្រកបដោយទស្សនវិស័យ និងការហ៊ានធ្វើ ហ៊ានទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុជាតិ ទាំងនាពេលបច្ចុប្បន្ន និងអនាគត។
សម្ដេចធិបតីបានថ្លែងថា ការសាងសង់ព្រែកជីកហ្វូណនតេជោនាពេលនេះក៏ជាសក្ខីភាពយ៉ាងច្បាស់ មិនអាចបំភ្លៃបាន ខណៈដែលកម្ពុជាកំពុងមានសុខសន្តិភាព ឯកភាពជាតិ និងសេរីភាពពេញលេញក្នុងការកំណត់ជោគវាសនារបស់ខ្លួន។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានលើកឡើងថា ព្រែកជីកហ្វូណនតេជោដែលបានបើកការដ្ឋានស្ថាបនានាពេលនេះ គឺជាការតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០គីឡូម៉ែត្រ មានទទឹងមាត់លើ ១០០ម៉ែត្រ ទទឹងបាតក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ ដោយគ្រោងប្រើប្រាស់រយៈពេល ០៤ឆ្នាំ នៅក្នុងការស្ថាបនាគម្រោងដ៏ធំមួយនេះ។
ជាមួយគ្នានេះ ក្រោយការស្ថាបនារួចព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងវិស័យដឹកជញ្ជូន ដែលរួមមាន កាត់បន្ថយរយៈពេលវេលា កាត់បន្ថយចម្ងាយផ្លូវ និងជាពិសេសគឺកាត់បន្ថយតម្លៃនៃ ការដឹកជញ្ជូន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះ សីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយ កម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យជាដើម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី















