Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ

ភ្នំពេញ ៖ អបអរសាទរពិធីបើកការដ្ឋានសាង់សង់ព្រែកជីកហ្វូណនតេជោ ថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤នេះ ដែលជាគំនិតផ្តួចផ្តើមពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ហើយដែលគំរោងស្ថិតក្រោមការអនុវត្តផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នៅថ្ងៃទី ៥សីហាឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលរៀបចំ​ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្ត្រ​របស់ប្រទេសកម្ពុជា។
ពិធីនេះនឹងរៀបចំឡើងនៅចំណុចប្រសព្វរវាងព្រែកតាកែវ និងទន្លេ​មេគង្គ ដែលស្ថិតក្នុងភូមិសាស្រ្តភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ពិធីនោះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ដោយមានការចូលរួមពីថ្នាក់ដឹកនាំថ្នាក់ជាតិ មន្ត្រីរាជការ រដ្ឋបាល​រាជធានី ខេត្តទូទាំងប្រទេស ដែលបានកំណត់មួយម៉ឺននាក់។

តាមការគ្រោងទុក នៅវេលាកំណត់ម៉ោង៩និង៩នាទីព្រឹកថ្ងៃទី៥ ខែសីហា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងចុចប៊ូតុងសម្ពោធ​ការដ្ឋាន ខណៈនៅតាមក្រសួងស្ថាប័នរដ្ឋ អាជ្ញាធរមូលដ្ឋាន សាលារៀន ទីវត្តអារាម នឹងមានការទូងស្គរ។ នៅពេលរាត្រីនឹង​មានការ​បណ្តែតប្រទីបនៅតាមដងទន្លេក្បែរទីតាំងបើកការដ្ឋាននោះ។

រដ្ឋបាលខេត្តកណ្តាលដែលជាម្ចាស់ភូមិសាស្ត្រចាប់ផ្តើមព្រែកជីកនឹងរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា ការប្រកួតប្រដាល់គុនខ្មែរ គុនល្បុក្កតោ ការប្រគំតន្ត្រី នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ចាប់ពី​ម៉ោង១រសៀលតទៅ ដើម្បីញ៉ាំងកម្មវិធីជាប្រវត្តិសាស្ត្រ​នេះ​ឱ្យកាន់តែ​សប្បាយរីករាយ និងកាន់តែមានភាពអធិកអធម ព្រមទាំងមានការអុជ​កាំជ្រួចនៅម៉ោង៧យប់។

រីឯខេត្តកំពតក្រៅពីការត្រៀមរៀបចាំអបអរនៅតាមគ្រឹះស្ថានសាសនា មន្ទីរ អង្គភាពរដ្ឋ ឯកជន សាលារៀន រដ្ឋបាលក្រុង ឃុំ សង្កាត់​ក៏មាន​ការរៀបចំអាហារសាមគ្គីនៅពេលល្ងាច កម្មវិធីកម្សាន្តនានានៅ​បរិវេណមាត់ព្រែកកំពង់បាយ ក្រុងកំពត (រូបសំណាកអង្គឌួង)។ក៏មានកម្មវិធីអុចកាំជ្រួច នឹងធ្វើឡើងនៅរាត្រីថ្ងៃទី០៥ ខែសីហា វេលាម៉ោង៧យប់ នៅបរិវេណមាត់ព្រែកកំពង់បាយ​​(មុខសា​លាខេត្តកំពត) ព្រមទាំងរៀបចំកម្មវិធីរាំលេងកម្សាន្ត នៅបរិវេណ​រូបសេះសមុទ្របាញ់ទឹក ក្រុងកំពត។

ចំណែកឯរដ្ឋបាលខេត្តកែបដែលជាម្ចាស់ភូមិសាស្ត្រចុងបញ្ចប់ព្រែកជីក នឹងមានរៀបចំការប្រគំតន្ត្រី រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី០២ ខែសីហា ដល់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្រ្តរបស់ខ្លួន​ក្នុង​ក្រុងកែប និងស្រុកដំណាក់ចង្អើរ។

ដោយឡែករដ្ឋបាលរាជធានីភ្នំពេញ មានរៀបចំការប្រគំតន្ត្រី ដែល​មានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជា និងមានអ្នកចូល​រួម​ប្រមាណជាងមួយម៉ឺននាក់ ជាមួយនឹងការរៀបចំបាញ់កាំជ្រួច​នៅទន្លេ៤មុខ ចំនួន២លើក។ លើកទី១ គឺនៅម៉ោង៧និង២០​នាទីយប់ និងលើកទី២នៅម៉ោង៩និង៩នាទីយប់។

ដើម្បីចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោជាផ្លូវការ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត និងសិស្ស និស្សិត ឈប់សម្រាកចំនួនមួយថ្ងៃ គឺនៅថ្ងៃទី៥ ខែសីហា ហើយការឈប់សម្រាកនៅថ្ងៃទី៥ ខែសីហានេះ គឺបុគ្គលិក និងកម្មករ និយោជិត ត្រូវទទួល បានប្រាក់ឈ្នួលទៀតផង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×