Monday, May 25, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជាងសំណង់ម្នាក់សង្ស័យត្រូវរថភ្លើងបុកស្លាប់ ក្រោយពេលអង្គុយផឹកស្រាបៀរលើផ្លូវដែក

ភ្នំពេញ ៖ ជាងសំណង់ម្នាក់ ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្បែរផ្លូវ​ដែក​មួយ​កន្លែង ត្រូវ​បាន​សង្ស័យ​ថា រថភ្លើង​បុក ព្រោះ​មុន​ពេល​ស្លាប់ គាត់​បាន​ទិញ​ស្រា​បៀរ​ទៅ​អង្គុយ​ផឹក​នៅ​លើ​ផ្លូវដែក​នោះ ហើយ​មុន​ពេល​ប្រទះ​ឃើញ​សាកសព​គាត់​បន្តិច​ក៏​មាន​រថភ្លើង​មួយ​ខ្សែ​បើក​ឆ្លងកាត់​ទីនោះ លុះ​រថភ្លើង​ទៅ​បាត់​ក៏​ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​គាត់​តែ​ម្ដង ។

ហេតុការណ៍​ខាងលើ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០២៤ ស្ថិតនៅ​តាម​ផ្លូវ​រថភ្លើង​ខ្សែ​ភ្នំពេញ​-​កំពត នៅ​ក្នុងភូមិ​ភ្លើង​ឆេះ​រទេះ​លិច សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

បុរស​ដែល​ស្លាប់​ឈ្មោះ​សា​រឿ​ន មាន អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​សំណង់ គាត់​ពោះម៉ាយ​មានកូន​ប្រុស​១​នាក់ និង​ស្រី​១​នាក់ និង​មាន​ទីលំនៅ​ភូមិ​ទួល​ត្រាច ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​ភូមិ​កើតហេតុ​ខាងលើ ។

បើ​តាម​បុរស​ម្នាក់​ដែល​ជា​អ្នកធ្វើការ​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ ឈ្មោះ​សា​រឿ​ន មាន ទើបតែ​មក​ស្នាក់​នៅ​ធ្វើការ​សំណង់​នៅ​ក្នុងភូមិ​កើតហេតុ​នេះ បាន​រយៈពេល​២​អាទិត្យ​ប៉ុណ្ណោះ ហើយ​នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ២០២៤នេះ។ ក្រោយ​ពេល​ចេញពី​ធ្វើការ​សំណង់ បុរស​នេះ​រួម​ជាមួយ​បុរស​ម្នាក់​ទៀត​ដែល​ត្រូវជា​ប្អូនប្រុស​ជីដូនមួយ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពី​ករ​ដ្ឋា​ន​សំណង់​ទៅ​ផឹកស៊ី​នៅ​ក្នុងភូមិ​នោះ​ដែរ ។ ពួក​គាត់​បាន​ផឹក​មួយ​កន្លែង​ហើយ​មួយ​កន្លែង​ទៀត​ គឺចំនួន​៣​កន្លែង​រហូត​ដល់​ថ្នាក់ស្រវឹង​ធ្លាក់​ភ្នែក បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​ទៅ​កោស​ជប់​នៅ​ម្ដុំ​ជិត​ខ្លោងទ្វារវត្ត​ស្ងួន​ពេជ្រ ស្ថិត​នៅ​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានីភ្នំពេញ។
លុះកោសជប់រួច មិនព្រមឈប់ចូលទៅរកកន្លែងដេកពួនសម្រាកយកកម្លាំង ដើម្បីធ្វើការបន្តនៅថ្ងៃស្អែកទៀតនោះទេ ពួកគាត់បានទិញស្រាបៀរហនុមានខ្មៅ និងបុកល្ហុង រួចនាំគ្នាទៅអង្គុយផឹកស៊ីបន្តនៅលើផ្លូវដែកត្រង់ចំណុចកើតហេតុនោះទៀត ។

រហូតដល់វេលាម៉ោង១២យប់រំលងអាធ្រាត្រថ្ងៃដដែល ប្អូនប្រុសជីដូនមួយបានបបួលទៅកន្លែងស្នាក់នៅវិញ ខណៈនោះបុរសខាងលើ ប្រាប់ថា៖ «អាប្អូនឯងទៅមុនចុះ ចាំបងទៅតាមក្រោយ » បន្ទាប់មកប្អូនប្រុសជីដូនមួយនោះក៏ទៅមុនបាត់ទៅ ហើយគាត់បាននៅអង្គុយផឹកម្នាក់ឯងបន្តទៀត ។

ប្រភពមួយនេះបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា៖ លុះដល់វេលាម៉ោងប្រមាណ១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែសីហា មានរថភ្លើង១ខ្សែបើកបរចេញពីភ្នំពេញទៅកាន់ខេត្តកំពតក្នុងទិសដៅពីជើងទៅត្បូង ពេលនោះពុំមាននរណាបានដឹងថា បុរសនោះត្រូវរថភ្លើងបុក ឬ បែបណានោះទេ? រហូតដល់វេលាម៉ោង១យប់រំលងអធ្រាត្រថ្ងៃដដែលក្រោយពេលរថភ្លើងទៅផុត ។ ស្រាប់តែប្រទះឃើញបុរសនោះដេកស្លាប់នៅក្នុងថ្លុកឈាមដោយបែកក្បាលធ្ងន់ធ្ងរ ហើយត្រូវបានសង្ស័យថារថភ្លើង១ខ្សែនោះបុកបណ្ដាលឲ្យប្រកាច់ធ្លាក់ពីលើផ្លូវរថភ្លើងស្លាប់ ។

ប្រភពដដែលបានប្រាប់ទៀតថា៖ ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ហើយក្រោយពេលកើតហេតុសាកសពបុរសខាងលើមិនត្រូវបានយកចេញពីកន្លែងកើតហេតុភ្លាមៗនោះទេ ទុករហូតដល់ព្រឹកថ្ងៃដដែល ក្រោយពីសមត្ថកិច្ចចុះទៅពិនិត្យធ្វើកំណត់ហេតុរួចរាល់ ទើបប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×