ភ្នំពេញ ៖ក្រុមក្មេងទំនើងទាំង៦នាក់ រួមនិងវត្ថុតាង ត្រូវបានការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពេលពួកគេធ្វើសកម្មភាពកាប់គេរួចហើយ រត់មកដាក់ពាក្យបណ្តឹងថា ខ្លួនជាជនរងគ្រោះ ចុងក្រោយជាប់ខ្នោះ។
ក្រុមក្មេងទំនើង៦នាក់ ធ្វើសកម្មភាពកាប់គេរួចហើយ រត់មកដាក់ពាក្យបណ្តឹងថា មានក្រុមក្មេងទំនើង(ផ្សេងទៀត)មកកាប់ពួកខ្លួន ចុងក្រោយ ត្រូវជាប់ខ្នោះទាំងអស់ នៅខាងក្នុងប៉ុស្តិ៍ចាក់អង្រែក្រោម តែម្តង កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា៖ កាលពីវេលាម៉ោង១២និង០៨នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ប្រព្រឹត្តនៅចំណុចមុខផ្ទះសំណាក់សន្តិភាព ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក្មេងទំនើងមួយក្រុម មានគ្នាចំនួន០៦នាក់ បានបើកឆាកវាយគ្នា ប្រដាប់ដោយដុំថ្ម វាយ គប់គ្នាទៅវិញទៅមក នឹងមានដាវ កាំបិតបុ័ងតោ កាប់ទៅលើម៉ូតូ០២គ្រឿង របស់ក្មេងទំនើងមួយក្រុមទៀត បណ្តាលអោយរងការខូចខាត ។ ភ្លាមៗ ក្មេងទំនើងមួយក្រុមជាអ្នកប្រើហិង្សាទៅលើគូរបដិបក្ខ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ បង្វែរសាច់រឿងថា មានក្មេងទំនើងមួយក្រុម បានកាប់ទៅលើពួកគេ ។
បន្ទាប់ពីកើតហេតុ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ទទួលបាននូវពាក្យបណ្តឹង បានបើកការស្រាវជ្រាវ តាមរយៈកាម៉េរ៉ាសុវត្ថិភាព រហូតរកឃើញថា៖ ការពិតក្រុមក្មេងទំនើង ដែលមកដាក់ពាក្យបណ្តឹង គឺជាអ្នកកាប់គេសោះ ទើបសមត្ថកិច្ច ធ្វើការកោះហៅតាមទូរសព្ទ ហៅក្រុមក្មេងទំនើងមកកាន់ប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ទើបឃាត់ខ្លួនបានក្មេងទំនើងចំនួន០៦នាក់ នៅក្នុងប៉ុស្តិ៍តែម្តង ។
ក្រុមក្មេងទំនើងទាំង០៦នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមានឈ្មោះ ៖១-ឈ្មោះ បណ្តូល អង្គទេពប្រណិត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ២-ឈ្មោះ ហ៊ី សុផាន់ណា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ២ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ៣-ឈ្មោះ ចាន់ ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ២ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ៤-ឈ្មោះ ឃួន ឆៃណាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៥១ ផ្លូវលេខ១០ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ៥-ឈ្មោះ ឈួន ពីងពីង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវបេតុង ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ៦-ឈ្មោះ រិន កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វត្ថុតាង រួមមាន ៖ -ម៉ូតូម៉ាកធូដេ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 1IY-5650 ចំនួន ០១ គ្រឿង។ -ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ 1EE-5666 ចំនួន ០១ គ្រឿង ។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង៦នាក់រួមនិងវត្ថុតាង ត្រូវបានការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





