ខេត្តពោធិ៍សាត់ ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ៖ សាកសពអាកាសយានិក ២រូប ដែលបានស្លាប់ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចភ្នំយ៉ាវយ៉ៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបូជាហើយ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ នៅក្បែរទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ដើម្បីយកធាតុមកធ្វើបុណ្យតាមប្រពៃណី នៅរាជធានីភ្នំពេញ។
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា មូលហេតុដែលត្រូវបានបូជា គឺដោយសារការដឹកជញ្ជូនសពមានការលំបាក ដោយសារបញ្ហាភ្លៀងធ្លាក់ច្រើន ហើយការបូជាសពនៅក្បែរទីតាំងកើតហេតុនោះ គឺមានការឯកភាពពីក្រុមគ្រួសារ ដោយសារតែស្ថានភាពសភាពសពរបស់ អាកាសយានិកទាំងពីររូបមានការលំបាក ក្នុងការរៀបចំដឹកជូនមករាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី






