Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រីក្រសួងអប់រំ ៖ គណិតវិទ្យា គឺជាបំណិនមូលដ្ឋានគ្រឹះមួយដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការឈានទៅចាប់យកជំនាញកម្រិតខ្ពស់នាពេលអនាគត

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់មេដាយ រង្វាន់ និងប្រកាសនីយបត្រជូនដល់ជ័យលាភីដែលចូលរួមការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញ CARIBOU TEST 2024 និងគណិតវិទ្យាថ្នាក់ជាតិដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ និងមានការចូលរួមពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ត្រីពាក់ព័ន្ធក្រោមឱវាទ តំណាងក្រុមហ៊ុន កាស្យូនៃប្រទេសសឹង្ហបុរី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជ័យលាភី មាតាបិតា អ្នកអាណាព្យាបាល សរុបប្រមាណ ៥៣៤នាក់។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងចូលរួមអបអរសាទរដល់សិស្សជ័យលាភីទាំង ១៦៣រូប ដោយគូសបញ្ជាក់ថា គណិតវិទ្យា គឺជាបំណិនមូលដ្ឋានគ្រឹះមួយដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការឈានទៅចាប់យកជំនាញកម្រិតខ្ពស់នាពេលអនាគត។ គណិតវិទ្យាមិនត្រឹមតែជួយក្នុងការគិតលេខប៉ុណ្ណោះទេ មុខវិជ្ជាផ្សេងទៀតដែលផ្សារភ្ជាប់នឹងគណិតវិទ្យា ថែមទាំងជួយពង្រឹងសមត្ថភាពក្នុងការត្រិះរិះពិចារណា ការដោះស្រាយបញ្ហា បណ្តុះគំនិតច្នៃប្រឌិត ការវិភាគប្រកបដោយតក្កវិទ្យា ដែលនាំមកនូវភាពចម្រើនរុងរឿងក្នុងការសិក្សារៀនសូត្រ ក៏ដូចជាជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិទាំងមូល។

ដើម្បីឆ្លើយតបនឹងយុគសម័យឌីជីថល និងនវានុវត្តន៍ ក្រសួងអប់រំ យុវជន និងកីឡាបាន និងកំពុងលើកកម្ពស់ការបង្រៀនគណិតវិទ្យាថ្នាក់ដំបូង ក៏ដូចជាការសិក្សាផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ដែលជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីជំរុញគោលដៅអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្ដានុពល ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០ តបតាមអនុសាសន៍របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «សូមអំពាវនាវ សូមឲ្យអ្នកគ្រូ-លោកគ្រូ លោកនាយក នាយិកា ក៏ដូចជាមាតិ-បិតា ទាំងអស់​បន្ដគាំទ្រកូនចៅ ដើម្បីរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ ទាំងខាងផ្នែកវិទ្យាសាស្ដ្រ ក៏ដូចជាខាងផ្នែកវិទ្យាសាស្ដ្រសង្គម និងខាងផ្នែកអក្សរសាស្ដ្រផងដែរ»។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ​ការបន្ដគាំទ្រឲ្យកូនចៅ រៀនសូត្រឲ្យបានខ្ពង់ខ្ពស់ គឺដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយចរីភាព សម្រាប់ការអភិវឌ្ឍន៍ សង្គមប្រទេសជាតិកម្ពុជា នាពេលអនាគត។

ជាមួយគ្នានេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ការសិក្សាគណិតវិទ្យា គឺជាការលើកស្ទួយមូលដ្ឋានគ្រឹះ ដើម្បីចាប់យកមុខវិជ្ជាផ្សេងទៀត ជាពិសេសបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមរដ្ឋមន្ដ្រី បានឲ្យដឹងថា កម្ពុជាកំពុងតែដើរឈានចូល ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ហើយបំណិនខាងផ្នែកគណិតវិទ្យានេះ នឹងជួយដល់សិស្សានុសិស្ស នៅក្នុងការត្រៀមខ្លួន ក្នុងការប្រើប្រាស់ នូវបញ្ញាសិប្បនិម្មិត ក៏ដូចជាបច្ចេកវិទ្យាឌីជីថល នៅក្នុងជីវភាពប្រចាំថ្ងៃ ក៏ដូចជាដើម្បីលើកកម្ពស់ពិពិធកម្ម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

បណ្ឌិតសភាចារ្យ ច័ន្ន រ័ត្ន ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានឲ្យដឹងថា សហគមន៍អ្នកគណិតវិទ្យាកម្ពុជា ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយ វិទ្យាស្ថានស្រាវជ្រាវ នៃសាកលវិទ្យាល័យប៊្រុក នៃប្រទេសកាណាដា (CARIBOU= Canada Research Institute of BROCK University)។

គួរបញ្ជាក់ដែរថា សហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវនៃសាកលវិទ្យាល័យ BROCK នៃប្រទេសកាណាដា CARIBOU (Canada Research Institute of BROCK University) បានរៀបចំការប្រកួតប្រជែងគណិតវិទ្យាអន្តរជាតិតាមប្រព័ន្ធអនឡាញសម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។
លទ្ធផលទទួលបាន (១). សិស្សចំនួន៦៦ នាក់ ទទួលចំណាត់ថ្នាក់លេខ១ មេដាយមាស លំដាប់ពិភពលោក(អន្តរជាតិ) ដែលមាន ៤១ ប្រទេសចូលរួមប្រកួត (២). សិស្សចំនួន៥ នាក់ ទទួលចំណាត់ថ្នាក់លេខ២ មេដាយប្រាក់ និងសិស្សចំនួន៥៣ នាក់ ទទួលចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ។

ដោយឡែក នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ សហគមន៍អ្នកគណិតវិទ្យាកម្ពុជា បានសហការជាមួយក្រុមហ៊ុនកាស្យូ នៃប្រទេសសឹង្ហបុរី តាមរយៈបណ្ណាគារអន្តរជាតិ IBC ភ្នំពេញបានសហការរៀបចំការប្រកួតប្រជែងគណិតវិទ្យាថ្នាក់ជាតិដោយប្រើម៉ាស៊ីនគិតលេខវិទ្យាសាស្ត្រ បានជ្រើសរើសសិស្សឆ្នើម ១០នាក់ក្នុងកម្រិតពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ សរុបចំនួន ៦០នាក់ ដោយក្នុងនោះ សិស្សជ័យលាភីចំណាត់ថ្នាក់លេខ១ ទទួលបានមេដាយមាស ប្រកាសនីយបត្រជ័យលាភី និងកំព្យូទ័រយួរដៃ ម្នាក់១គ្រឿង។ ទន្ទឹមនេះដែរ លោកគ្រូ អ្នកគ្រូដែលមានសិស្សជាប់ជ័យលាភី ទទួលបានលិខិតសរសើរពីសហគមន៍អ្នកគណិតវិទ្យាកម្ពុជា ចំណែកឯគ្រឹះស្ថានសិក្សាមានសិស្សទទួលបានជ័យលាភី ទទួលបានលិខិតសរសើរពីក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×