Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រប់ខណ្ឌ មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ទូងស្គឲ្យមានភាពគគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ ដើម្បីអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោ

ភ្នំពេញ ៖ ដើម្បីឲ្យពិធីអបអរសាទរ ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោដំណើរការទៅដោយរលូន មានភាពគគ្រឹកគគ្រេង ធានាបាន ទាំងសន្តិសុខ សុវត្ថិភាពនៅរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំ ជាថ្មីម្តងទៀត ដើម្បីពិនិត្យពីវឌ្ឍនភាពការងារដែលបានរៀបតាមផែននីមួយៗ។

ក្នុងកិច្ចប្រជុំនេះ បានធ្វើឡើងនារសៀលថ្ងៃទី៣១កក្កដាឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ និងមានការចូលរួមពីកងកម្លាំងមានសមត្ថកិច្ចចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ។

តាមគម្រោងដែលបានរៀបចំ នៅថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ ពោលគឺនៅរាត្រីថ្ងៃទី៥សីហាឆ្នាំ២០២៤ មានព្រឹត្តការណ៍ដ៏ធំមួយនៅកោះពេជ្រ ដោយរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំការប្រគំតន្ត្រីដែលមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ មានការរៀបចំបាញ់កាំជ្រួចនៅទន្លេ៤មុខចំនួន២លើក។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ គម្រោងព្រែកជីកហ្វូណន-តេជោនឹងបើកការដ្ឋាននៅថ្ងៃទី៥សីហាឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងអំឡុងពេលនៃការបើកការដ្ឋាននេះនៅពេលព្រឹក គ្រប់ខណ្ឌ គ្រប់មន្ទីរចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវរៀបចំអបអរសាទរ ពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណន-តេជោនេះ នៅតាមអង្គភាពរបស់ខ្លួនឲ្យបានសមស្រប ទាំងការដាក់ទង់ជាតិ ទង់សាសនា និងការទូងស្គ ឲ្យមានភាព គគ្រឹកគគ្រែងក្នុងស្មារតីជាតិតែមួយ។ ដោយឡែក វិហារសាសនានានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក៏មានការទូងស្គ បែបនេះផងដែរ។

ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ សម្រាប់ពេលរាត្រីថ្ងៃ០៥សីហា នៅកោះពេជ្រ យើងមានការរៀបចំការប្រគំតន្ត្រី ដែលមានសិល្បករ និងកីឡាករ ល្បីៗរបស់កម្ពុជានិងមានអ្នកចូលរួមប្រមាណជាង១ម៉ឺននាក់ ជាមួយនឹងការបាញ់កាំជ្រូចចំនួន២លើក នៅម៉ោង៧និង២០នាទី១លើក និងនៅម៉ោង៩និង៩នាទីមួយលើកទៀត។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្ដមឃួង ស្រេង ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ការពារសន្តិសុខ សណ្តាប់ក្នុងពិធីខាងលើនេះឲ្យបានល្អ ដោយចាប់ផ្តើមពិនិត្យអាវុធជាតិផ្ទុះ ចាប់ពីពេលនេះតទៅ។ បន្ថែមពីនេះ ការរៀបចំអនាម័យ បរិស្ថានក៏ត្រូវធ្វើឡើងឲ្យបានស្អាតព្រមៗគ្នាដែរ។

ឯកឧត្ដមឃួង ស្រេង ក៏បានជម្រុញក្រុមអ្នកព័ត៌មានចុះផ្តិតយករូបភាព នៃសកម្មភាពទូងស្គរ អបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ថ្ងៃ ៥ សីហា តាមទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅសាលារាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងផុសផុលព្រោះវាជាថ្ងៃប្រវត្តិសាស្ត្រលើកទី១របស់កម្ពុជា។

គួរបញ្ជាក់ថា៖ គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោនេះ ដោយគ្រោងនឹងបើកការដ្ឋាននាថ្ងៃទី០៥សីហា២០២៤ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×