Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេបញ្ជាការស្រាល តាំងចិត្តនាំយកសពមកកាន់កន្លែងធ្វើបុណ្យឱ្យខាងតែបាន ខណៈថ្នាក់ដឹកនាំរំលែកមរណទុក្ខ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភ ៤០០លានរៀលលើកទឹកចិត្តកម្លាំងរុករក

ថ្មដា ខេត្តពោធិ៍សាត់ : ឆ្លើយតបនឹងការដណ្ដឹងសួររបស់សាធារណជនថា តើពិធីបុណ្យសពរបស់អាកាសយានិកពលីក្នុងពេលហ្វឹកហាត់ទាំងពីរនាក់ ដែលរកឃើញកាលពីថ្ងៃទី២៩-៣០ ខែកក្កដានេះ អាចយកមកធ្វើបុណ្យបាន នៅពេលណា? កន្លែងណា ? តាមមេបញ្ជាការ អ្នកចាត់ចែងនៅកន្លែងរុករក ឬថា ទីតាំងមេបញ្ជាការស្រាល បានឱ្យដឹងថា ពិធីបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ជូនសព លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងសពលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ជាអាកាសយានិកនៃកងទ័ពជើងអាកាស ត្រូវបានរៀបចំតាមប្រពៃណីព្រះពុទ្ធសាសនា នៅបរិវេណមូលដ្ឋានកងទ័ពជើងអាកាស ពោធិ៍ចិនតុង។

គិតមកដល់វេលាល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤  សពអាកាសយានិកទាំង២នាក់នេះ គឺស្ថិតនៅក្នុងព្រៃជ្រៅនៃភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ទីដែលឧទ្ធម្ភាគចក្រ Z9 ធ្លាក់នៅទីនោះ នៅឡើយទេ មិនទាន់អាចយកមកតម្កល់នៅកន្លែងធ្វើបុណ្យបាន គឺដោយសារអាកាសធាតុនៅទីនោះ បានប្រែប្រួលលឿន ផ្ទៃមេឃចាប់ផ្ដើមងងឹត អ័ព្ទចាប់ផ្ដើមចុះ ពោតគឺ មិនអំណោយផល, ប៉ុន្តែទោះជាយ៉ាងណា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ កងកម្លាំងត្រៀមនឹងនាំសពអ្នកទាំងពីរមកកាន់ទីតាំងតម្កល់ធ្វើបុណ្យឱ្យខាងតែបាន , មួយវិញទៀត យើងបានកត់សម្គាល់ឃើញថាក្ដារមឈូសចំនួនពីរ រង់ចាំដាក់សពអាកាសយានិកពលីពីរនាក់នោះ ដែលរង់ចាំនៅក្នុងវត្តថ្មដា ក្បែរទីបញ្ជាការស្រាលនៃការរុករក គឺមិនទាន់បានដាក់នៅឡើយទេ គិតត្រឹមល្ងាចម្សិលមិញ។ 

ជនរងគ្រោះទី១ : លោកវរសេនីយ៍ទោ ស៊ុន ផល្លា ជាគ្រូបង្វឹកការហោះហើរឧទ្ធម្ភាគចក្រ មានប្រពន្ធឈ្មោះ ខាន់ ចាន់ឆុល អាយុ៣៨ឆ្នាំ កូនប្រុស ខន រតនៈបញ្ញា អាយុ១២ឆ្នាំ , កូនស្រី ខន រតនៈលីហ្សា អាយុ៩ឆ្នាំ , អាស័យដ្ឋាន នៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះទី២ : លោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ជាកងកម្លាំងទ័ពអាកាសស្ថិតក្នុងពេលហ្វឹកហាត់ មានប្រពន្ធឈ្មោះ ឆែម កល្យាណ អាយុ៣១ឆ្នាំ , កូនស្រី ខេង ឌី មរកត អាយុ៥ឆ្នាំ , កូនប្រុស ខេង ឌី វិភព អាយុ៣ឆ្នាំ អាស័យដ្ឋាន នៅភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា , សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល , ក្រសួងការពារជាតិ , ព្រមទាំងឥស្សរជនថ្នាក់ដឹកនាំជាច្រើនទៀត , អគ្គបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋគ្រប់រូប បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ អាកាសយានិក២នាក់ គឺលោកវរសេនីយ៍ទោ ស៊ុន ផល្លា និង លោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅលើភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ៤០០លានរៀល ឧបត្ថម្ភដល់កងកម្លាំងប្រតិបត្តិការរុករកឧទ្ធម្ភាចក្រធ្លាក់នៅតំបន់ជួរភ្នំក្រវាញ ដើម្បីលើកទឹកចិត្តចំពោះការខិតខំបំពេញការងារមិនខ្លាចនឿយហត់ ក្នុងបុព្វហេតុជាតិ។ ថវិកាចំនួន ៤០០លានរៀលនេះ ត្រូវបាន លោក ខូយ រីដា ប្រធានគណៈកម្មការសាខាកាកបាទក្រហមប្រចាំខេត្តពោធិ៍សាត់ បាននាំយកទៅប្រគល់ជូនដល់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ រួចហើយ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីយកទៅចែកជូនដល់កងកម្លាំង។

គួរបញ្ជាក់ថា ក្រុមកងទ័ពរុករក បានឱ្យដឹងថា អ្នកបើកបរឧទ្ធម្ភាគចក្រម្នាក់ គឺ លោកវរសេនីយ៍ទោ ស៊ុន ផល្លា ត្រូវបានរកឃើញសាកសពហើយ ស្ថិតនៅចំងាយប្រមាណ ២១០ម៉ែត្រ ពីកន្លែងយន្តហោះ Z9 ធ្លាក់ នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីក្រុមរុករក បានរកឃើញឧទ្ធម្ភាគចក្រដែលបាត់ដំណឹងនេះ និងអាកាសយានិកម្នាក់ គឺលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅលើភ្នំយ៉ាវយ៉ៃស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺនៅជួរភ្នំក្រវាញ។ 

គិតមកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ គឺអស់រយៈពេល ១៩ថ្ងៃហើយ ដែលក្រុមប្រតិបត្តិការ នៅតែបន្តបេសកកម្មរបស់ពួកគេបន្តទៀត គឺប្រតិបត្តិការនាំយកសពអាកាសយានិកទាំងពីរនាក់ មកកាន់ទីតាំងតម្កល់ធ្វើបុណ្យនៅមូលដ្ឋានកងទ័ពអាកាស ពោធិ៍ចិនតុង បន្ទាប់ពីឧទ្ធម្ភាគចក្រ Z9 ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញ តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នោះ៕ ពិសិដ្ឋ CEN

×