Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា បេ្តជ្ញាចិត្ត​​បន្តពង្រឹងកិច្ចសហការជាមួយគ្នាក្នុងគោលដៅសម្រួលពាណិជ្ជកម្ម កែលម្អបរិយាកាសធុរកិច្ច

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានរៀបចំកិច្ចប្រជុំពិភាក្សាដោយផ្ទាល់និងតាមប្រព័ន្ធវីដេអូ រវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ពាក់ព័ន្ធនឹងការផ្ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្មនីតិវីធីគយ ។

កិច្ចប្រជុំ​បានប្រព្រឹត្ដទៅក្រោមអធិបតីភាព ​ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា ជាសហប្រធាន និង លោក TABEI Hideaki ប្រធាន JBAC​ ជាសហប្រធាន ដោយមានការចូលរួមពីតំណាង JBAC តំណាង​ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករ​។

ឯកឧត្តមបណ្ឌិត គុណ ញឹម បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារមួយចំនួនបន្ទាប់​ពីកិច្ចប្រជុំរវាង អគរ និង JBAC កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ រួមមាន ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាង​រដ្ឋបាលគយកម្ពុជានិងរដ្ឋបាលគយថៃ ស្តីពីទំនិញឆ្លងកាត់ (Transit of Goods) ការប្រកាសដាក់ឱ្យអនុវត្ដជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក TABEI Hideaki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អគរ ដែលបានរៀបចំកិច្ចប្រជុំពិភាក្សានេះឡើង ក៏ដូចជាវិធានការនានាដែល អគរ បាន​ដាក់ចេញជាបន្ដបន្ទាប់ ​ដើម្បីផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀតដល់ធុរជនពាក់ព័ន្ធនឹងការងារគយ។

កិច្ចប្រជុំពិភាក្សា​បានពិនិត្យលើសំណូមពរចំនួន ៣ រួមមាន ការជំរុញបើកដំណើរការជាផ្លូវការមាត់ច្រកស្ទឹងបត់-បាណងអៀង ការស្នើធ្វើ​ទំនើបកម្មនិងសាមញ្ញកម្មបន្ថែមទៀតលើនីតិវិធីគយមួយចំនួន​ និងវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។

លោក TOKITO Hiroyuki តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អគរ​ ក្នុងការលើកកម្ពស់ និងកែលម្អបរិយាកាសធុរកិច្ចឱ្យបានកាន់តែប្រសើរ និងសូមផ្ដល់កិច្ចសហការយ៉ាងមុតមាំជាមួយ អគរ ក្នុងការជំរុញការដាក់ឱ្យដំណើរការមាត់ច្រកស្ទឹងបត់-បានណងអៀង។ ទន្ទឹមនេះ លោក TOKITO Hiroyuki បានបញ្ជាក់បន្ថែមថា នឹងលើកយកសំណើរបស់ អគរ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ​បម្រើដល់ប្រតិបត្ដិការនៃ​​សម្រួលពាណិជ្ជកម្ម​ ក៏ដូចជាការផ្ដល់សេវាសាធារណៈប្រចាំថ្ងៃនៅមាត់ច្រកស្ទឹងបត់-បានណងអៀងនេះ ដាក់ជូនរាជរដ្ឋាភិបាលជប៉ុនផងដែរ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សមាគមធុរកិច្ចជប៉ុននៅកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ​បានបេ្តជ្ញាចិត្ត​​បន្តពង្រឹងកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម កែលម្អបរិយាកាសធុរកិច្ច ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×