រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ ក្រោមអធិបតីភាព ឯកឧត្ដម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
សូមបញ្ជាក់ផងដែរ ពិធីផ្សព្វផ្សាយនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីក្រោមឱវាទក្រសួង អ្នកពាក់ពន្ធ័ផ្សេងៗ និងអង្គការយូនីសេស ។
ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានផ្តល់អនុសាសន៍ ៦ ចំណុច ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយស្តីពី ការថែទាំជំនួសចំពោះកុមារ ដូចខាងក្រោម៖
១- ជំរុញឱ្យមានស្មារតីរួបរួមគ្នា ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីដើម្បីលើកកម្ពស់ សុខុមាលភាពកុមារ និងកិច្ចការពារកុមារ ជាពិសេសពង្រឹងយន្តការ និងប្រព័ន្ធកិច្ចការពារកុមារ ដើម្បី មានវិធានការទាន់ពេលវេលាចំពោះសកម្មភាពដែលប៉ះពាល់ដល់កុមារ។
២- ត្រូវរៀបចំបទដ្ឋានអប្បបរមាសម្រាប់ការថែទាំជំនួសចំពោះកុមារ ដើម្បីរួមចំណែកអនុវត្តគោលនយោបាយនេះឱ្យទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
៣- លើកកម្ពស់ការអនុវត្តកម្មវិធីថែទាំកុមារនៅតាមគ្រួសារ តាមរយៈការរក្សាកុមារនៅក្នុងគ្រួសារកំណើត ការថែទាំកុមារដោយសាច់ញាតិ ការថែទាំដោយគ្រួសារ និងការទុកដាក់អចិន្ត្រៃយ៍តាមរយៈស្មុំកូន។
៤- សិក្សារៀបចំកែសម្រួលរបបឧបត្ថម្ភជនរងគ្រោះស្នាក់នៅក្នុងមជ្ឈមណ្ឌលរដ្ឋឱ្យបានសមរម្យ និងរបបឧបត្ថម្ភសម្រាប់ការថែទាំកុមារដោយសាច់ញាតិ និងគ្រួសារធម៌ ដូចដែលកំណត់នៅក្នុងអនុសាសន៍ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសបិទសន្និបាតរបស់ក្រសួងកន្លងទៅនេះ
៥- ជំរុញ និងលើកកម្ពស់ការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិវិធីប្រតិបត្តិ ស្តីពីកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ព្រមទាំងការអភិវឌ្ឍកម្លាំងសេវាសង្គមដែលមានសមត្ថភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ការផ្តល់សេវាកិច្ចការពារកុមារ។
៦- សូមអំពាវនាវ និងណែនាំដល់អង្គការមិនមែនរដ្ឋាភិបាល និងសមាគមដែលផ្តល់សេវាថែទាំជំនួស ចំពោះកុមារទាំងអស់ ជាពិសេសមណ្ឌលថែទាំកុមារត្រូវមកចុះបញ្ជីស្នើសុំការទទួលស្គាល់ពីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ ១១៩ ស្តីពីការ គ្រប់គ្រងមណ្ឌលថែទាំកុមារ ហើយរាល់ការនាំកុមារចូលមករស់នៅក្នុងមណ្ឌលថែទាំ ត្រូវអនុវត្តតាម នីតិវីធីដែលមានជាធរមាន៕ រក្សាសិទ្ធដោយ៖ សុទ្ធលី








