Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការបង្គាប់ឱ្យឃុំខ្លួន លោកផ្កាយបី ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារ ក្រោយ ACU ចាប់ខ្លួន ពីបទពុករលួយ និងកំហុសច្រើនទៀត, លោកផ្កាយបួន ឈន សាណាត សូមបង្កើនភាពម៉ឺងម៉ាត់ !

រាជធានីភ្នំពេញ : លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានចេញដីកាសម្រេចឃុំខ្លួន លោកផ្កាយបីម្នាក់ ឈ្មោះ ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារ ដាក់ពន្ធនាគារបណ្ដោះអាសន្ន បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន ពីបទប្រព្រឹត្តអំពើពុករលួយ សមគំនិត ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទ សមគំនិតក្នុងអំពើស៉ីសំណូក, រំលោភអំណាច និងបទ ប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល។ ពេលនេះ ជនជាប់ចោទ ព្រុំ ចាន់នី ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំឃាំងនៅពន្ធនាគារ ម១ ទីដែលខ្លួនធ្លាប់គ្រប់គ្រង ចាត់ចែងរាល់ជនសង្ស័យ ជនត្រូវចោទ ពិរុទ្ធជន និងទណ្ឌិត នៅទីនោះ មានន័យថា ទីកន្លែងដែលខ្លួនឯងធ្លាប់គ្រប់គ្រង ឥឡូវវាឃុំឃាំងខ្លួនឯងវិញហើយ ដោយសារតែប្រព្រឹត្តអំពើមិនគប្បី ស៊ីសំណូកជាមួយអ្នកជាប់ឃុំ (ព័ត៌មានលម្អិតនឹងផ្សាយជាបន្តបន្ទាប់ទៀត។

សូមរំលឹកថា ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តឧត្តរមានជ័យ នៅសាលប្រជុំសាលាខេត្ត នាព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំងតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស បានរកឃើញនូវសម្ភារៈមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជាអាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត ដែលនេះជាកំហុសមេគុកផ្ទាល់តែម្ដង  ហើយក៏ជាការធ្វេសប្រហែស ខ្វះការណែនាំ អប់រំចាត់វិធានការ ចុះពិនិត្យផ្ទាល់ ពីសំណាក់  លោកផ្កាយបួន ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារផងដែរ។

ការប្រកាសរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបង្ហាញថា ប្រតិបត្តិការចុះឆែកឆេរបន្ទប់ឃុំឃាំងនៅតាមពន្ធនាគារទូទាំងប្រទេស បានរកឃើញសម្ភារៈមិនគប្បីមួយចំនួន រួមមាន អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈ​មួយ​ចំនួននោះ គឺត្រូវបានមហាជនចាត់ទុកថា ជាការដាស់វិញ្ញាណ សតិ ស្មារតី ដល់មេៗគុកទាំងឡាយនៅទូទាំងប្រទេសកម្ពុជា ជាពិសេស លោក ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ មេត្តាភ្ញាក់រលឹកឡើង ធ្វើយ៉ាងណា កុំឱ្យកំហុសនេះកើតឡើងច្រំដែលៗខ្លាំងពេក បើមិនដូច្នោះទេ នឹងដល់វេនខ្លួនឯង។ 

កន្លងមក ការផ្ដល់លទ្ធភាព សេរីភាពហួសព្រំដែនកំណត់សម្រាប់អ្នកជាប់ឃុំក្នុងពន្ធនាគារនោះ តែងតែកើតមានជារឿយៗ ហើយកាលជំនាន់ សម្ដេចតេជោ ហ៊ុន សែន នៅធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចក៏ធ្លាប់បានស្រែករឿងនេះ ស្ដីបន្ទោសដល់មេគុកគ្រប់គ្នា គឺករណីផ្ដល់ទូរស័ព្ទឱ្យជជនជាប់ឃុំក្នុងពន្ធនាគារប្រើប្រាស់ទាក់ទងហៅចេញមកខាងក្រៅ ហើយក៏ត្រូវបានលុបបំបាត់នាពេលនោះទៅ, ប៉ុន្តែ ថ្មីៗនេះ ចាប់ផ្ដើមកើតមានឡើងម្ដងទៀត មានទាំងអាវុធ និងគ្រឿងញៀន ត្រូវបានរកឃើញប្រើប្រាស់នៅក្នុងគុក បន្ទាប់ពី ឯកឧត្តមអភិសន្តិបណ្ឌិត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់វិធានការឆែឆែកឆេរ តាមបន្ទប់ស្នាក់នៅក្នុងព័ន្ធនាគាររាជធានី-ខេត្តទូទាំងប្រទេស។

បន្ថែមលើសពីនេះទៀត ពេលនេះ លោកផ្កាយបីម្នាក់ ឈ្មោះ ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារ (អាចហៅថាជាមេគុកធំផងដែរ) ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួន ពីបទប្រព្រឹត្តអំពើពុករលួយ សមគំនិត ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ។ ហេតុដូច្នេះ សូមលោកផ្កាយបួន ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ (អាចហៅថាមេគុកធំជាងគេ) ត្រូវប្រើប្រាស់សមត្ថភាពគ្រប់គ្រងឱ្យបានមឺងម៉ាត់ ច្បាស់លាស់ បើពុំសោកនោះទេ អំពើអសមត្ថិភាព និងភាពមិនប្រក្រតីទាំងឡាយក្នុងពន្ធនាគារ នឹងធ្លាក់មកលើខ្លួនលោក៕ ពិសិដ្ឋ CEN

×