Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ បន្តលើកកម្ពស់ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងអនុតំបន់មេគង្គ

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១២ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសមេគង្គ និងកូរ៉េ បានកត់សម្គាល់ដោយពេញចិត្តចំពោះ វឌ្ឍនភាពជាវិជ្ជមាន និងការអភិវឌ្ឍប្រកបដោយផ្លែផ្កា ដែលសម្រេចបានក្រោមកិច្ចសហប្រតិបត្តិការ មេគង្គ-សាធារណរដ្ឋកូរ៉េ ចាប់តាំងពីការបង្កើតកិច្ចសហប្រតិបត្តិការនេះនៅក្នុងឆ្នាំ២០១១ ជាពិសេស ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃផែនការសកម្មភាពឆ្នាំ២០២១-២០២៥ ស្តីពីកិច្ចសហប្រតិបត្តិការ មេគង្គ-សាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងការតភ្ជាប់អនុតំបន់ លើកកម្ពស់ ការប្រកួតប្រជែង កាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងចំណោមបណ្តាប្រទេសក្នុងអនុតំបន់មេគង្គ និង កសាងសហគមន៍ប្រកបដោយភាពធន់ជាងមុន។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកទាំងអស់ បានអបអរសាទរចំពោះជោគជ័យនៃការ រៀបចំ វេទិកាធុរកិច្ចមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១១ នៅទីក្រុងសេអ៊ូលកាលពីខែវិច្ឆិកាកន្លងទៅ ដែល កម្ពុជាបានធ្វើសហប្រធានជាមួយសាធារណរដ្ឋកូរ៉េ។ វេទិកានេះបានផ្តល់ឱកាសពេញលេញ ក្នុងការ ពង្រឹងភាពជាដៃគូធុរកិច្ច និងការធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាង ប្រទេសមេគង្គ និងសាធារណរដ្ឋកូរ៉េឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ កិច្ចប្រជុំរំពឹងថា វេទិកាធុរកិច្ច មេគង្គ-សាធារណរដ្ឋកូរ៉េ ដែលឡាវ និងសាធារណរដ្ឋកូ សាធារណរដ្ឋកូរ៉េ នឹងធ្វើជាសហប្រធាន នៅទីក្រុងវៀងចន្ទន៍ នាខែក្រោយ នឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកទាំងអស់ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ដោយផ្អែកលើសសរស្តម្ភទាំង បី រួមមាន ប្រជាជន វិបុលភាព និងសន្តិភាព និងវិស័យអាទិភាពទាំងប្រាំពីរ ដែលមានចែងនៅក្នុងសេចក្តី ថ្លែងការណ៍ទន្លេមេគង្គ-ទន្លេហាន ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព នាំមកនូវផលប្រយោជន៍ ទៅវិញទៅមក និងវិបុលភាពក្នុងអនុតំបន់មេគង្គ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងកោតសរសើរចំពោះ តួនាទីដ៏សំខាន់របស់សាធារណរដ្ឋកូរ៉េ ដែលជាដៃគូគន្លឹះក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយ ចីរភាពនៅក្នុងអនុតំបន់ តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ និងការរួមវិភាគទានប្រចាំឆ្នាំដល់មូលនិធិ សហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ និង បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តនាពេលថ្មីៗនេះ របស់សាធារណរដ្ឋកូរ៉េ ក្នុងការបង្កើនការរួមចំណែកផ្នែកហិរញ្ញវត្ថុតាមរយៈមូលនិធិសហប្រតិបត្តិការ មេគង្គ-សាធារណរដ្ឋកូរ៉េ រហូតដល់ ១០ លានដុល្លារ ត្រឹមឆ្នាំ២០២៧។ ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះសាធារណរដ្ឋកូរ៉េ ដែលបានជួយ ដល់ការងារសកម្មភាពមីននៅកម្ពុជា ដើម្បីបញ្ចប់ផលប៉ះពាល់អវិជ្ជមានដែលកើតឡើងដោយសារ មីន/សំណល់ជាតិផ្ទុះពីសង្គ្រាម សំដៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៨។

សម្រាប់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ ពីវិស័យអាទិភាពមួយចំនួន ដែលផ្តោតលើ (១) ការអភិវឌ្ឍធនធានមនុស្ស (២) ការបន្សំនឹងការ ប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ (៣) កិច្ចសហប្រតិបត្តិការកសិកម្ម និង អភិវឌ្ឍជនបទ (៤) ការរួមគ្នាដោះស្រាយបញ្ហាសន្តិសុខមិនប្រពៃណី និង (៥) ការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដែលនឹងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន នៅក្នុងអនុតំបន់។

កិច្ចប្រជុំបានបញ្ចប់ដោយមានការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និង អន្តរជាតិដែលជាក្តីកង្វល់រួម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×