រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ដែលមានរហស្សនាម Bro Van និង Bro RothVan ពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោស (ប្លន់យកទ្រព្យសម្បត្តិ) និងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស (រំលោភបូក) ជាច្រើនករណី ហើយត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ពងទឹក សហការណ៍ជាមួយកម្លាំងនគរបាព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការស្រាវជ្រាវបង្ក្រាបបានហើយ ។
កន្លងមកជនកំហូចទាំង២នាក់នេះ បានធ្វើការល្បួងលួងលោមស្រីៗក្មេងជាច្រើននាក់ ឲ្យជឿលង់ស្រលាញ់ពួកខ្លួនរួចហើយក៏នាំទៅកន្លែងស្ងាត់ រួចធ្វើសកម្មភាពអីៗជាមួយគ្នា ព្រមទាំងប្ល.ន់យកទ្រព្យសម្បត្តិនៅជាប់ខ្លួន ដូចជាគ្រឿងអលង្ការ ទូរស័ព្ទ និងលុយជាដើម ។
នគរបាលបានបញ្ជាក់ថា មានស្រីៗច្រើននាក់បានរងគ្រោះធ្លាក់ចូលក្នុងអន្ទាក់ស្នេហ៍បោកប្រាស់របស់ជនសង្ស័យទាំង២នាក់នេះ ដោយក្រុមនេះតែងធ្វើសកម្មភាពបានសម្រេចជាច្រើនលើករួចមកហើយ ក្នុងនោះគ្រាន់តែនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ បានសម្រេចចំនួន៤លើក ។
នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨និង៣០នាទី លោកវរេសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងកំលាំងនគរបាលខណ្ឌកំបូល ធ្វើការបង្ក្រាបមុខសញ្ញា ប្រព្រឹត្តបទល្មើស លួចមានស្ថានទម្ងន់ទោស (ប្លន់យកទ្រព្យសម្បត្តិ) និងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស (រំលោភបូក) ទៅលើជនរងគ្រោះចំនួន៤នាក់ ក្នុង៤កណីផ្សេងគ្នា ។
ករណីទី១នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២០និង០០នាទី ជនសង្ស័យខាងលើ និងបក្ខពួក បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ និងប្លន់យកទូរស័ព្ទដៃម៉ាក Iphone X ពណ៌ខ្មៅ ចំនួន១គ្រឿង និងលុយចំនួន៥០០០០រៀល (ប្រាំម៉ឺនរៀល) របស់ជនរងគ្រោះឈ្មោះ វ ស ភេទស្រី អាយុ២៩ឆ្នាំ ត្រង់ ចំណុចវាលស្រែ ភូមិពារាម សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ករណីទី២នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ជនសង្ស័យខាងលើ និងបក្ខពួក បានធ្វើសកម្មភាពចាប់ រំលោភ សេពសន្ថវៈ និងប្លន់យក ទូរស័ព្ទដៃម៉ាក Iphone 11 ចំនួន១គ្រឿង , លុយខ្មែរចំនួន ៣៥០០០០រៀល (សាមសិបប្រាំម៉ឺនរៀល), ខ្សែកផ្លាកទីនទម្ងន់៥ជីចំនួន១ខ្សែ, ខ្សែសាកថ្មទូរស័ព្ទ ១ខែ្ស របស់ជនរងគ្រោះឈ្មោះ អ ក ភេទស្រី អាយុ១៩ឆ្នាំ ត្រង់ចំណុចវាលស្រែ ភូមិពារាម សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានី ភ្នំពេញ។
ករណីទី៣នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២០និង៣៥នាទី ជនសង្ស័យខាងលើ និង បក្ខពួក បានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ និងប្លន់យកទូរស័ព្ទដៃម៉ាក Iphone 11 ProMax ចំនួន១គ្រឿង របស់ជនរងគ្រោះឈ្មោះ ស ច ភេទស្រី អាយុ២១ឆ្នាំ ត្រង់ចំណុចវាលស្រែ ភូមិ ពារាម សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ករណីទី៤នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៣០នាទី ជនសង្ស័យខាងលើ និងបក្ខពួក បានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈ និងប្លន់យកទូរសព្ទដៃ, ចិញ្ចៀន, ខ្សែក, នាឡិកាដៃ របស់ជនរងគ្រោះ ឈ្មោះ ឈ ច ស ហ ភេទស្រី អាយុ១៨ឆ្នាំ ត្រង់ចំណុចវាលស្រែ ភូមិពារាម សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកចិ្ចធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សិទ្ធ វណ្ណៈ (ហៅ Pro Van) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចមុខផ្សារជម្ពូរវ័ន្ត ស្ថិតនៅភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។
លុះដល់វេលាម៉ោង១២និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ចូច រ័ត្ន (ហៅ Pro Rath) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ត្រង់ចំណុចផ្ទះជួល ស្ថិតនៅភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ យកមកធ្វើការសាកសួរអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្តង ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី








