ភ្នំពេញ៖ ដោយទទួលបានបទបញ្ជា និងការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវបង្ក្រាបករណី ប៉ុនប៉ងឃាតកម្ម (ប្រើកាំបិតចុងស្រួចកែច្នៃភ្ជាប់ជាមួយដំបងដែកកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់) ដែលកើតឡើងកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០៣ និង ១៦នាទី ទៀបភ្លឺ នៅចំណុចអគារខុនដូរដាយមិនវ័ន (កោះពេជ្រ) មុខបន្ទប់លេខ ១០២៦ ជាន់ទី១០ ផ្លូវបេតុង ស្ថិតនៅក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ ភេទប្រុស ជនជាតិចិន ១-ឈ្មោះ LI HAO អាយុ ២៧ឆ្នាំ ,២-ឈ្មោះ BAI XUE អាយុ ៤៣ឆ្នាំ បានធ្វើសកម្មភាព ប្រើដំបងដែក ០២ដើម ដែលមានភ្ជាប់កាំបិតចុចស្រួច កាប់ទៅលើជនរងគ្រោះឈ្មោះ MAO YANG JUN ភេទប្រុស ជនជាតិចិន អាយុ ៣៤ឆ្នាំ ត្រូវត្រង់ស្មារខាងឆ្វេង ០១កាំបិត និង កំភួនដៃខាងឆ្វេង ០១កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ។
បន្ទាប់ពីកើតហេតុរួច កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋាបាលទន្លេបាសាក់ បានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ LI HAO អាយុ ២៧ឆ្នាំ នៅវេលាម៉ោង ០៤ និង ០០នាទីទៀបភ្លឺ ថ្ងៃដដែល នៅចំណុចសួនវង្វេង ក្រុងកោះពេជ្រ ដោយជនសង្ស័យរូបនេះគឺជាជនដៃដល់កាប់ទៅលើជនរងគ្រោះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានបន្តការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដោយមានការចូលរួមសហការពីកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យ ០១នាក់ទៀត ដែលកំពុងព្យាយាមរត់គេចខ្លួន កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃដដែល ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យឈ្មោះ BAI XUE អាយុ ៤៣ឆ្នាំ ដែលកំពុងសង្ងំលាក់ខ្លួននៅហាងម៉ាស្សា SEINE SPA ដែលមានទីតាំងនៅ ក្រុងកោះពេជ្រ ។
ជនរងគ្រោះឈ្មោះ MAO YANG JUN ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ លិខិតឆ្លងដែនលេខ EM0363142 មានទីលំនៅ បន្ទប់លេខ ១០២៦ ជាន់ទី១០ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
រងរបួស៖ ស្មារខាងឆ្វេង ០១កាំបិត និង កំភួនដៃខាងឆ្វេង ០១កាំបិត (រងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីពេទ្យ CHO RAY រាជធានីភ្នំពេញ)
ជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ LI HAO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ (មិនជាប់ខ្លួន) មានទីលំនៅអគារខុនដូរដាយមិនវ័ន (កោះពេជ្រ) បន្ទប់លេខ ៣៣២ ជាន់ទី៣ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ (ជនដៃដល់)
២-ឈ្មោះ BAI XUE ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងម៉ាស្សា SEINE SPA លិខិតឆ្លងដែនលេខ (មិនជាប់ខ្លួន) មានទីលំនៅ បន្ទប់លេខ ៣០១ ជាន់ទី៣ ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ (សហចារី)
សម្ភារវត្ថុតាងចាប់យកបាន៖
-ដំបងដែក ០២ដើម ដែលមានភ្ជាប់កាំបិតចុចស្រួច (ឧបករណ៍ប្រព្រឹត្តិបទល្មើស)
-ទូរស័ព្ទ ០៣គ្រឿង ។
បច្ចប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងបន្តនីតិ និងបញ្ចូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី




