ភ្នំពេញ ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី២៥ បានគូសបញ្ជាក់ជាថ្មីអំពីការរួមចំណែក និងតួនាទីដ៏សំខាន់នៃយន្តការអាស៊ានបូកបី ក្នុងការសម្រេចនូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងបានកោតសរសើរនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ការអនុវត្តផែនការសកម្មភាព នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០២៣-២០២៧)។
ជាមួយគ្នានោះ កិច្ចប្រជុំបានលើកទឹកចិត្តឱ្យប្រទេសសមាជិកអាស៊ានបូកបី បន្តពង្រឹងកិច្ច សហប្រតិបត្តិការសេដ្ឋកិច្ច តាមរយៈការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងអាស៊ាន និងបណ្ដាប្រទេសដៃគូនីមួយៗ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងចាប់យកវិស័យសក្តានុពលផ្សេងៗដែលកំពុងរីកចម្រើន នាពេលថ្មីៗនេះ មានដូចជា៖ សេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរបៃតង ការតភ្ជាប់ ភាពធន់នៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ កសិកម្មវៃឆ្លាត និងទេសចរណ៍ប្រកបដោយចីរភាព។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី២៥ កាលពីថ្ងសតិ២៧ ខែកក្កដានេះ បានឱ្យដឹងថា ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានរំលេចនូវអាទិភាពសំខាន់ៗមួយចំនួនដែលអាស៊ានបូកបី គួរយកចិត្តទុកដាក់មានជាអាទិ៍៖
១. ពង្រឹងស្ថិរភាពនៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈការផ្តល់ហិរញ្ញប្បទានរហ័ស ដែលជាផ្នែកមួយក្រោមគំនិតផ្តួចផ្តើមឈៀងម៉ៃស្តីពីពហុភាគីនិយ (CMIM), ពង្រឹងតួនាទីការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) គំនិតផ្តួចផ្តើម ស្ដីពីទីផ្សារ មូលប័ត្រអាស៊ី ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមអាស៊ានបូកបីនាពេលខាងមុខ
២. ជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ថាមពលបៃតង និងថាមពលបំភាយកាបូនទាប និង ជំរុញការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពវៃឆ្លាតនៃបណ្តាញអគ្គិសនីអាស៊ាន
និង៣. ពង្រឹងសន្តិសុខស្បៀងតាមរយៈការអនុវត្តស្ដុកបម្រុងអង្ករសង្គ្រោះបន្ទាន់អាស៊ានបូកបី (APTERR) ដោយស្ដុកទុកនូវស្បៀងអាហារបន្ថែម និងកែលម្អប្រព័ន្ធគ្រប់គ្រងព័ត៌មាននៃស្តុកបម្រុងនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី









