Tuesday, May 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ យុវជនដែលមានវ័យចាប់ពី ១៨ឆ្នាំ ទៅ៣៥ឆ្នាំ ជាវ័យដែលកំពុងប្រឈមនឹងការប្រើប្រាស់គ្រឿងញៀនច្រើន ដែលមានចំនួន ពី៣ម៉ឺន​ ទៅ៤ម៉ឺននាក់ ជាកត្តាធ្វើឱ្យបាត់បង់នៅធនធានមនុស្សមួយចំនួនសម្រាប់ប្រទេសជាតិ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម​ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រយុទ្ធឆាំងគ្រឿងញៀន និងលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានសហការបើកវេទិកាពិភាក្សាក្រោមប្រធានបទ “គោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន” នៅទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ថ្លែងថា បញ្ហាចរាចរគ្រឿងញៀនខុសច្បាប់ឆ្លងដែន និងការបោសសម្អាតបញ្ហាគ្រឿងញៀនក្នុងស្ថាប័នរដ្ឋ គឺរាជរដ្ឋាភិបាលកំពុងតែដាក់វិធានការតឹងរឹងបំផុតចំពោះមន្ត្រីណាដែលពាក់ព័ន្ធគ្រឿងញៀន ដោយបណ្តាញចេញពីក្របខ័ណ្ឌរដ្ឋ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់បន្ថែមថា ក្នុងចំណោមយុវជនដែលមានវ័យចាប់ពី ១៨ឆ្នាំ ទៅ៣៥ឆ្នាំ ជាវ័យដែលកំពុងប្រឈមនឹងការប្រើប្រាស់គ្រឿងញៀនច្រើន ដែលមានចំនួន ពី៣ម៉ឺន​ ទៅ៤ម៉ឺននាក់ ជាកត្តាធ្វើឱ្យបាត់បង់នៅធនធានមនុស្សមួយចំនួនសម្រាប់ប្រទេសជាតិ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា ការដុតបំភ្លាញគ្រឿងញៀន គឺតែងតែធ្វើជារៀងរាល់ឆ្នាំ តែបើមានការចាំបាច់ អាជ្ញាធរត្រូវតែដុតបំផ្លាញតែម្តង ការដុតបំផ្លាញគឺត្រូវធ្វើនៅទីតាំងដែលមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ ការធ្វើតេស្ដរហ័សរកសារធាតុញៀនលើមន្ដ្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស សម្រេចបានជាង៩ម៉ឺននាក់ ក្នុងនោះរកឃើញមានចំនួន៩៧នាក់ មានសារធាតុញៀនក្នុងខ្លួន។

ក្នុងវេទិកាពិភាក្សាដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអះអាងថា មន្ដ្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំង៩៧នាក់ដែលវិជ្ជមានសារធាតុញៀន ក្នុងចំណោមអ្នកធ្វើតេស្ដសរុប៩៩,៣០០នាក់នោះ បានបណ្ដេញចេញពីក្របខ័ណ្ឌចំនួន៨៩នាក់, ៧នាក់កំពុងបន្ដនីតិវិធី និងម្នាក់ទៀតកំពុងបន្ដតាមដាន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងយ៉ាងដូច្នេះថា គិតត្រឹមថ្ងៃនេះ ការធ្វើតេស្ដទឹកម៉ូតទៅលើមន្ដ្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធទូទាំងប្រទេស បានចំនួន៩៩,៣០០នាក់។ ក្នុងចំណោមអ្នកដែលបានធ្វើតេស្ដនេះ រកឃើញអ្នកដែលប្រើប្រាស់សារធាតុញៀនហាមឃាត់ ចំនួន៩៧នាក់ ក្នុងនោះ៨៩នាក់បានបណ្ដេញចេញពីក្របខ័ណ្ឌរួចហើយ ៧នាក់កំពុងបន្តនីតិវិធី ខណៈម្នាក់ផ្សេងទៀតកំពុងធ្វើការតាមដាន។

សម្រាប់ប្រតិបត្តិការបង្ក្រាបកាលពីពេលកន្លងទៅ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបង្ហើបថា ក៏មានការពាក់ព័ន្ធជាមួយមន្ដ្រីរាជការសាធារណៈផងដែរ ខណៈអ្នកដែលមានការពាក់ព័ន្ធ ត្រូវបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាទីបំផុតទៅតាមផ្លូវច្បាប់ជាធរមាន ដោយមានស្ថានទម្ងន់ទោសមិនអាចអត់ឱនឲ្យបានឡើយ។ លោកសង្កត់ធ្ងន់ថា អ្នកដែលបង្ក្រាបករណីទៅមានទាំងមន្ដ្រីនគរបាល មន្ដ្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត ហើយមានឋានន្ដរស័ក្ដិរហូតដល់ឧត្តមសេនីយ៍ថែមទៀត។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសេនាធិការដោយផ្ទាល់លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន កំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំ ពិសេសផ្ដោតលើការដាក់ចេញផែនការយុទ្ធសាស្ដ្រ សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបោសសម្អាតគ្រឿងញៀនចេញពីប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្ថែមទៀតថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលមានឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធាន កំពុងតែអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ពិសេសបទបញ្ជាលេខ០១ ស្ដីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានសង្កត់ធ្ងន់ថា ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន តែងតែធ្វើការក្រើនរំលឹកជាប្រចាំដល់គ្រប់ក្រសួង ស្ថាប័ន ត្រូវបន្តអនុវត្តគោលការណ៍ សម្អាតផ្ទះយើង និង សម្អាតចកចេញពីផ្ទៃបឹង ដោយត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំមន្ត្រីនៃក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមានវិធានការម៉ឺងម៉ាត់ចំពោះការពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ទំនុកចិត្ត ប្រសិទ្ធភាពការងារ អភិបាលកិច្ចល្អ និងភាពស្អាតស្អំ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងអំពីយុទ្ធសាស្ដ្រ ចំនួន៦ចំណុច និងវិធានការយុទ្ធសាស្ដ្រ ចំនួន៨ចំណុច ដែលជាទិសដៅអាទិភាពសំខាន់ ក្នុងការធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាលនីតិកាលទី៧ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រថ្នាក់ជាតិទាំង៦ចំណុច ដាក់ចេញដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមមាន៖១៖ កាត់បន្ថយតម្រូវការគ្រឿងញៀន។ ២៖ កាត់បន្ថយការជួញដូរគ្រឿងញៀន ។ទី៣៖ ការពង្រឹងប្រសិទ្ធភាពព្យាបាល ស្ដារនីតិសម្បទា និងធ្វើសមាហរណកម្ម។ ៤៖ ការពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់។ ៥៖ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ និង៦៖ ការពង្រឹងយន្តការពហុវិស័យនៅថ្នាក់ក្រោមជាតិ។

ដោយឡែក ចំពោះវិធានការយុទ្ធសាស្ត្រចំនួន៨ចំណុចវិញ មានដូចជា៖ ១៖ ការពង្រឹងការត្រួតពិនិត្យគ្រឿងញៀននៅថ្នាក់ជាតិ និងក្រោមជាតិ។ ២៖ ការផ្សព្វផ្សាយក្នុងការទប់ស្កាត់ និងបដិសេធចំពោះគ្រឿងញៀន។ ៣៖ ការព្យាបាល ស្ដារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាហរណកម្មការចាកចេញពីគ្រឿងញៀន។ ៤៖ ការពង្រឹងស្ថាប័នអនុវត្តច្បាប់។ ៥៖ ពង្រឹងប្រសិទ្ធភាពការត្រួតពិនិត្យសារធាតុគីមីផ្សំ។​ ៦៖ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសជាប់ព្រំដែន។ ៧៖ ធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រទេសក្នុងតំបន់ និងដៃគូអភិវឌ្ឍនានា។ ៨៖ អនុវត្តបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×