តាកែវ ៖ ក្នុងពិធី “រុក្ខទិវា” លើកទី២៩ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា នេះគឺជាលើកទី៤ នៃការប្រារព្វពិធីរុក្ខទិវា” ដល់ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងខ្ញុំព្រះករុណា ខ្ញុំ បានមកចូលរួមក្នុងពិធី” រុក្ខទិវា ” នៅ ខេត្តតាកែវ ដែលជាទឹកដីដើមកំណើតនៃអរិយធម៌ខ្មែរសម័យនគរភ្នំ និងចេនឡា ។ កាលពី ឆ្នាំ១៩៩៣ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏ធ្លាប់បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជា ធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី “រុក្ខទិវា” នៅខេត្តតាកែវនេះដែរ ។
បើតាមព្រះរាជសុន្ទរកថា, ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំព្រះករុណា ខ្ញុំ សូមនាំមកនូវព្រះរាជទានសេចក្ដីនឹក រលឹក ព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខ សេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងព្រះរាជទានពរ បវរមហាប្រសើរពី សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចម៉ សម្ដេចយាយ សម្ដេចយាយទួត ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត មកប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន និងក្មួយៗជនរួមជាតិទាំងអស់ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងមាន សុភមង្គលគ្រប់ប្រការតរៀងទៅ ។
តាមរយៈរបាយការណ៍ស្វាគមន៍យ៉ាងក្បោះក្បាយរបស់ឯកឧត្តមអភិបាល នៃគណៈ អភិបាលខេត្តតាកែវ ខ្ញុំព្រះករុណា ខ្ញុំ សូមអបអរសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តរួមគ្នាសម្រច បាននាពេលកន្លងមក និងដែលបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនយើងឱ្យ កាន់តែមានភាពល្អប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណា ខ្ញុំ សូមអរគុណ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលខិតខំ ប្រឹងប្រែងសម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម សំដៅធានាសន្តិសុខ ស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ ។ ទន្ទឹមនេះដែរការយកចិត្ត ទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដើម្បីធានានិរន្តរភាព បរិស្ថាន និងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋ ភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធីៗរុក្ខទិវា” និងសព្វព្រះរាជហប្ញទ័យ យាងជាព្រះរាជាធិបតីក្នុងពិធីនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាខេត្តនានាចាប់តាំងពីសម័យ សង្គមរាស្ត្រនិយម មក ដើម្បីបំផុស និងលើកទឹកចិត្តឱ្យកូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើនៅទូទាំងប្រទេស ហើយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើម របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ និងបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋា ភិបាល បានបន្តរៀបចំជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩២មក ។
“រុក្ខទិវា” ជាវប្បធម៌ដ៏ប្រសើរ ដែលព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបងប្អូនជនរួមជាតិទាំងអស់នៅទូទាំងប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សនរួមគឺ ការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅ ប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹមសម្រាប់កូនចៅជំនាន់ក្រោយ របស់ យើង ។
ខ្ញុំព្រះករុណា ខ្ញុំ សូមយកឱកាសនេះថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គការ ជាតិ-អន្តរជាតិ នានាដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារ ធនធានព្រៃឈើ-សត្វព្រៃ និងសូមអំពាវនាវឱ្យបន្តសកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយគាំទ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជាប្រយោជន៍ដល់ពិភពលោកទាំងមូល ។
ជាថ្មីម្ដងទៀត ខ្ញុំព្រះករុណា ខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលខេត្តតាកែវ ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរ ជាមួយក្រសួងព្រះបរមរាជវាំង និងគណៈ កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងការរៀបចំពិធីរុក្ខទិវាក្នុងខេត្តតាកែវយើងនេះប្រកបដោយជោគជ័យ ។
ខ្ញុំព្រះករុណា ខ្ញុំ សូមឧទ្ទិសឱ្យពិធី “រុក្ខទិវា” នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជា គ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឱ្យបានគង់ វង្សរហូតតទៅ ។ ការដាំដើមឈើគឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិ យើង ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្ស ជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





































