Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសម្ថកិច្ចជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ បានរកឃើញសពក្មេងស្រីលង់ទឹកទាំង០៣នាក់ហើយ

កណ្តាល ៖ នៅយប់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពីកម្លាំងសម្ថកិច្ចជំនាញពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋ ដែលដឹកនាំបញ្ជាដោយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល រួមទាំងមេបញ្ជាការកងកម្លាំងពាក់ព័ន្ធ សពក្មេងស្រីលង់ទឹកទាំង០៣នាក់ ត្រូវបានរកឃើញនៅវេលាម៉ោង១០:៣០នាទី។ ហើយពេលនេះកម្លាំងជំនាញកំពុងធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យ និងបានប្រគល់សពជូនក្រុមគ្រួសារដើម្បីធ្ចើបុណ្យតាមប្រពៃណី។

នគរបាលខេត្តកណ្តាល បានបញ្ជាក់ពីសភាពរឿងហេតុថា តាមការរៀបរាប់របស់ម្តាយជនរងគ្រោះបានឲ្យដឹងថា៖ ជនរងគ្រោះទាំង០៣នាក់ បានចេញពីផ្ទះនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង០៨:៣០នាទីព្រឹក តាមកាមេរ៉ាសុវត្ថិភាព មានក្មេងរងគ្រោះចំនួន០៣នាក់ បានដើរចេញពីក្នុងបុរីរណបសុភមង្គល ឆ្ពោះមកលេងទឹកបឹងទឹកជោរនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ក្រុងតាខ្មៅ ខេត្តកណ្តាល។ លុះដល់វេលម៉ោងបាយថ្ងៃត្រង់មិនឃើញក្មេងទាំង០៣នាក់នោះមករកហូបបាយដូចសព្វដងក្រុមគ្រួសារស្វែងរក មកដល់ទីតាំងបឹងខាងលើក៏ឃើញសម្ភាររបស់ពួកក្មេងៗនៅមាត់បឹងទឹកជោរ តែមិនឃើញក្មេងៗទេសង្ស័យថាក្មេងៗលង់ទឹកតែម្តង។

ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពក្មួយស្រី និង សូមឲ្យវិញ្ញាណក្មួយស្រីទាំង០៣ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×