Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ចាម : គុណតម្លៃរបស់ព្រៃឈើ ជួយទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ គ្រោះទឹកជំនន់ បង្កើតគម្របបៃតងអេកូឡូស៊ី

ខេត្តកំពង់ចាម : សូមបងប្អូនប្រជាពលរដ្ឋត្រូវចេះស្រឡាញ់ព្រៃឈើ និងនាំគ្នាខិតខំដាំដុះធ្វើយ៉ាងណាថែរក្សាឱ្យបានគង់វង្សក្នុងរង្វង់១០០ឆ្នាំ នោះដើមឈើនឹងមានតម្លៃដូចជាប្រភេទ បេង ធ្នង់ គគី ជាដើម។ នេះជាប្រសាសន៍លើកឡើងរបស់ លោក អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម ក្នុងពិធីបុណ្យរុក្ខទិវា នៅឯបរិវេណសាលាបឋមសិក្សា ហ៊ុន ណេង ភូមិទ័ព ស្ថិតនៅភូមិទ័ព ឃុំសូភាស ស្រុកស្ទឹងត្រង់ ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

លោក សឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឱ្យដឹងថា កន្លងមក មន្ទីរកសិកម្ម បានដាំកូនឈើប្រណីត ដាំរុក្ខជាតិច្រើនប្រភេទ ផ្កាចម្រុះ អមសងខាងផ្លូវ និងរង្វង់មូលស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សរុបចំនួន១០០០ដើម មានកូនក្ងោក ១០០ដើម , ត្របែកព្រៃ១០០ដើម ដាំតាមសួនច្បារក្នុងក្រុងកំពង់ចាម , ធ្នង់ ៤០០ដើម , ចាមរី ២៦ដើម និងបានណែនាំឱ្យដាំដើមក្ងោកអមសងខាងផ្លូវលេខ ២២៣ , រង្វង់មូលនាងគង្ហីងក្រុងកំពង់ចាម រហូតដល់ព្រំប្រទល់ខេត្តកណ្ដាល។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា តាមរយៈការបញ្ជ្រាបរបស់មន្ត្រីរដ្ឋបាលព្រៃឈើក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងច្រើន ក្នុងនោះបានចូលរួមដាំកូនឈើជាច្រើនប្រភេទ យ៉ាងផលផុសសម្រាប់ជាប្រយោជន៍ដើម្បីបង្កើតគម្របបៃតង។ ជាមួយនោះ មានព្រះសង្ឃ នាយកសាលា អាជ្ញាធរមូលដ្ឋាន បានស្នើសុំមកអាជ្ញាធរខេត្ត សុំកូនឈើសម្រាប់យកទៅដាំដុះនៅក្នុងបរិវេណវត្តអារាម សាលារៀន នានានៅក្នុងខេត្តកំពង់ចាម ដាំអមសងខាងផ្លូវសាធារណៈ ដើម្បីបង្កើតជាម្លប់ប្រឈឹងត្រឈៃ។

លោកអភិបាលខេត្ត មានប្រសាសន៍ថា សូម្បីតែលោកមេឃុំអារក្សត្នោត ដែលនៅតំបន់បែកអន្លូង ល្បីដំណាំទុរេន ឥឡូវនេះ បានស្នើសុំកូនឈឺចំនួន ១០០០ដើម សម្រាប់យកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដាំតាមមុខផ្ទះ ព្រមទាំងដីចំការទៀតផង។ ជាការពិតណាស់ គុណតម្លៃរបស់ព្រៃឈើ គឺជួយទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ គ្រោះទឹកជំនន់ បង្កើតគម្របបៃតងអេកូឡូស៊ី។

ជាក់ស្ដែងនៅក្នុងឱកាសបុណ្យរុក្ខទិវានេះ គឺមានការចែកកូនឈើជាច្រើនប្រភេទជូនដល់ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួម ចំនួន ៣០០០ដើម សម្រាប់យកទៅដាំដុះនៅក្នុងបរិវេណដីផ្ទះ និងលម្អតាមដងផ្លូវជាដើម។ សម្រាប់ក្រុងកំពង់ចាមវិញ បានដាំដើមឈើក្ងោក សម្រាប់លម្អតាមដងផ្លូវជាច្រើនខ្សែ ពេលដែលចេញផ្កាមក គឺរីកស្រស់ស្អាតគួរឱ្យគយគន់ ហើយក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាត ក្រុងកំពង់ចាម បានទទួលចំណាត់ថ្នាក់លេខ ១ផ្ការំដួលបីទង ជាប់គ្នារយៈពេល ៣ឆ្នាំ៕ ភ្នំប្រុសភ្នំស្រី

×