Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទារកទើបកើតដ៏អភព្វដែលគេបោះចោលលើដំបូលផ្ទះ ត្រូវបានសង្គ្រោះយកទៅរក្សាការពារ និងចិញ្ចឹមបណ្តោះអាសន្ននៅក្នុងមណ្ឌលទារក និងកុមារជាតិហើយ

ភ្នំពេញ ៖ ក្រោយបានទទួលដំណឹងពីប្រជាពលរដ្ឋភ្លាម ថាមានទារក0១រូបដែលទើបនឹងកើតត្រូវបានគេបោះចោលលើតំបូលផ្ទះប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានសង្គ្រោះយកទារកខាងលើ យកទៅរក្សាការពារ និងចិញ្ចឹមបីបាច់បណ្តោះអាសន្ននៅក្នុងមណ្ឌលទារក និងកុមារជាតិ ដោយសុវត្ថិភាព តាមនីតិវិធី និងគោលការណ៍មនុស្សធម៌ របស់រាជរដ្ឋាភិបាល ដោយមិនទុកជនរងគ្រោះណាម្នាក់ចោលដោយមិនដឹងនោះទេ។

ឆ្លៀតនាឱកាសនេះ ក្រសួង ស.អ.យ សូមធ្វើការអំពាវនាវដល់គ្រប់ឳពុកម្តាយ ឬអ្នកអាណាព្យាបាល ឬប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាការពារ ផ្តល់ក្តីស្រឡាញ់ និងភាពកក់ក្តៅដល់កូនៗរបស់ខ្លួនប្រកបដោយគុណធម៌ និង មានការទទួលខុសត្រូវខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនគ្រួសារក្រីក្រតាមរយៈការកម្មវិធីជាតិជំនួយសង្គម មានដូចជាការឧបត្ថមសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម2ឆ្នាំ ដែលបច្ចុប្បន្ន បានបញ្ចូលកម្មវិធីនេះ ទៅក្នុងកមុវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ ហេតុនេះ បងប្អូនដែលក្រីក្រខ្វះលទ្ធភាព សូមទំនាក់ទំនងទៅអាជ្ញាធរឃុំ-សង្កាត់ដែលនៅបងប្អូនរស់នៅ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនមេត្តាជ្រាបថា៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) តាមរយៈមន្ទីរ ស.អ.យ រាជធានី ភ្នំពេញ បានសហការជាមួយនឹងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សង្កាត់ចោមចៅទី៣ និងអាជ្ញាធរភូមិ ជួយសង្គ្រោះ ទារកទើបកើត០១រូប ដែលត្រូវបានម្តាយឆ្លងទន្លេរួចបោះបង់ចោល ដើម្បីយកទៅរក្សាការពារ និងចិញ្ចឹមថែទាំ បណ្តោះអាសន្ន នៅក្នុងមជ្ឈមណ្ឌលទារក និងកុមារជាតិ ដោយសុវត្ថិភាព តាមនីតិវិធី និងគោលការណ៍មនុស្សធម៌ របស់រាជរដ្ឋាភិបាល ដោយមិនទុកជនរងគ្រោះណាម្នាក់ចោលដោយមិនដឹងនោះទេ។

ឆ្លៀតនាឱកាសនេះ ក្រសួង ស.អ.យ សូមធ្វើការអំពាវនាវដល់គ្រប់ឪពុកម្តាយ ឬអ្នកអាណាព្យាបាល ឬ ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាការពារ ផ្តល់ក្តីស្រឡាញ់ និងភាពកក់ក្តៅដល់កូនៗរបស់ខ្លួនស្របតាម ច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងរកសេវាចាំបាច់នានាដែលមានស្រាប់ផ្តល់ដោយរាជរដ្ឋាភិបាល និងអង្គការមិន មែនរដ្ឋាភិបាលនានា ជៀសវាងបោះបង់ពួកគេ ដែលជាអំពើអមនុស្សធម៌ ឃោរឃៅ និងព្រៃផ្សៃ ផ្ទុយនឹងវប្បធម៌ ដ៏ផូរផង់ ច្បាប់ គោលនយោនបាយ និងអនុសញ្ញាស្តីពីសិទ្ធិកុមារ។ ជាមួយគ្នានេះ ក្រសួង ស.អ.យ សូមជម្រាបជូន និងបញ្ជាក់ជូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាបថា ដើម្បីរក្សាការពារដល់កុមារ ឬទារកត្រូវបានបោះបង់ ក្រសួងបានកំណត់នូវនីតិវិធីអនុវត្តនៃការថែទាំជំនួសចំពោះកុមារ ដូចតទៅ៖

១.នៅពេលទទួលបានការរាយការណ៍អំពីករណីទារក ឬកុមារត្រូវបានបោះបង់ រដ្ឋបាលឃុំសង្កាត់ តាមរយៈ គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារឃុំ សង្កាត់ ត្រូវសហការជាមួយការិយាល័យសង្គមកិច្ច និង សុខុមាលភាពសង្គម ក្រុង ស្រុក ខណ្ឌ និងមន្ទីរ ស.អ.យ រាជធានី ខេត្ត ប្រកាសស្វែងរកឪពុកម្តាយបង្កើត ឬសាច់ ញាតិ និងរក្សាការពារនៅតាមគ្រួសារ ឬថែទាំជាបណ្តោះអាសន្ននៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា រហូតរកឃើញ ឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារ ឬគ្រួសារផ្សេងទៀតសម្រាប់ថែទាំកុមារ។

២.ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក ខណ្ឌ ត្រូវចុះពិនិត្យ និងប៉ាន់ប្រមាណ ករណីនេះ រួចរៀបចំរបាយការណ៍ បញ្ជូនទៅមន្ទីរ ស.អ.យ រាជធានី ខេត្ត ជាបន្ទាន់ក្នុងរយៈពេល ៧ (ប្រាំពីរ) ថ្ងៃនៃថ្ងៃធ្វើការ គិតចាប់ពីថ្ងៃទទួលរបាយការណ៍ពីគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់។

៣.ប្រសិនបើការប្រកាសស្វែងរកឪពុកម្តាយបង្កើត ឬសាច់ញាតិ ក្នុងរយៈពេល៥ខែជាប់ៗគ្នា នៅតែមិនអាច រកឃើញ នោះត្រូវចាត់ទុកជាទារក ឬកុមារត្រូវបានបោះបង់។ បន្ទាប់មកមន្ទីរ ស.អ.យ រាជធានី ខេត្ត ត្រូវធ្វើ របាយការណ៍អំពីទារក ឬកុមារត្រូវបានគេបោះបង់ ដោយមានរូបថតកុមារភ្ជាប់ជាមួយផ្ញើជូនក្រសួង ស.អ.យ ដើម្បី បន្តអនុវត្តនីតិវិធីថែទាំជំនួស និងផែនការអចិន្ត្រៃយ៍តាមរយៈស្មុំកូន។ រាល់ការសម្រេចលើការស្មុំកូន គឺមានតែ ស្ថាប័នតុលាការមួយគត់៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×