Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាម ចុះជួយប្រជាកសិករនៅស្រុករមាសហែក និងស្រុកស្វាយជ្រំ

ខេត្តស្វាយរៀង : ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង មាន លោក ពុត កាអុល អនុប្រធានមន្ទីរ លោក ហួ សុខម៉េង ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាព និងសហការី មួយចំនួនទៀត បានអមដំណើរ លោកបណ្ឌិត កែ មុន្នីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាម នៃអគ្គនាយកដ្ឋានកសិកម្ម នៅថ្ងៃទី០៤-៥ ខែកក្កដា ឆ្នាំ២០២៤ បានចុះពិនិត្យស្ថានភាពនៃការផ្ទុះរាលដាលរុយ.ស និងដង្កូវមូរស្លឹក ដោយប្រើប្រាស់វិធីកម្ចាត់តាមបច្ចេកទេស។

ការចុះពិនិត្យ និងអន្តរាគមន៍នេះ ធ្វើឡើងនៅ ឃុំដូនស ស្រុកស្វាយជ្រំ និងឃុំចន្ត្រី ស្រុករមាសហែក និងនាំយកដ្រូនបង្ហោះបាញ់ថ្នាំកសិកម្មនៅឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាកសិករជាច្រើននាក់នៅឯមូលដ្ឋាន។

បើតាម លោក ពុត កាអុល អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការចុះពិនិត្យនេះក្នុក្នុងគោលបំណងសិក្សាវាយតម្លៃលើការរាតត្បាតរបស់រុយស ដង្កូវមូរស្លឹក និងណែនាំដល់ប្រជាកសិករអំពីវិធានការទប់ស្កាត់ និងកម្ចាត់ ដោយផ្តល់ឯកសារបច្ចេកទេសប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតឱ្យត្រឹមត្រូវស្របតាមស្តង់ដារ ចៀសវាងផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

លោកអនុប្រធានមន្ទីរ បានអំពាវនាវទៅដល់ប្រជាកសិករទាំងអស់ សូមចុះពិនិត្យស្រែជាប្រចាំ ដោយសារបច្ចុប្បន្នមានការផ្ទុះឡើងរុយស និងដង្កូវមូរស្លឹកបំផ្លាញផលដំណាំ។

លោក ហួ សុខម៉េង ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាព បានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២៤ រុយស និងដង្កូវមូរស្លឹក បានបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករនៅខេត្តស្វារៀង ប្រមាណជា ៣៧៤ហិកតា ខណៈមកដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ផលប៉ះពាល់ដំណាំស្រូវមានចំនួនប្រហែល ៨០០ហិកតា។ បើសិនជាប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យស្រែចម្ការ និងចាត់វិធានការកម្ចាត់រុយស និងដង្កូវមូរស្លឹក ឱ្យបានទាន់ពេលនោះ រុយស និងដង្កូវមូស្លឹកអាចបំផ្លាញដំណាំស្រូវក្នុងរយៈពេល ៥ ទៅ ៧ថ្ងៃ ខូចស្រូវអស់តែម្តង។

ក្នុងការចុះត្រពិនិត្យនេះ ជាលទ្ធផល ក្រុមការងារបានបន្តអន្តរាគមន៍ និងប្រគល់ជូជូនថ្នាំកសិកម្ម ព្រមទាំងបាញ់ថ្នាំជូនដល់ប្រជាកសិករទាំង ០២ស្រុក គឺស្រុករមាសហែក និងស្រុកស្វាយជ្រំ បានចំនួន ១៨៩ហិកតា។

លោក ហួ សុខម៉េង បានណែនាំទៅប្រជាសហគមន៍ និងប្រជាកសិករ ប្រើថ្នាំបាញ់សម្លាប់សត្វល្អិតរុយស និងដង្កូវមូរស្លឹក នៅពេលព្រឹក ពេលល្ងាច ឬពេលយប់ជាដើម ទើបសម្លាប់រុយស និងដង្កូវមូរស្លឹកនោះបាន មានប្រសិទ្ធភាព។ ប្រសិនបើប្រជាកសិករជួបប្រទះនឹងរុយស ដង្កូវមូរស្លឹកកំពុងបំផ្លាញដំណាំស្រូវ សូមរាយការណ៍ ឬធ្វើការទាក់ទងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក-ខេត្ត ដើម្បីជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬវិធីសាស្ត្រនៃការជ្រើសរើសថ្នាំកសិកម្មសម្រាប់បាញ់កម្ចាត់រុយស និងដង្កូវមូរស្លឹកនោះឱ្យទាន់ពេលវេលា៕ រក្សាសិទ្ធដោយ ៖ បុប្ផាស្វាយរៀង

×