Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ពិនិត្យសក្ដានុពលថ្មីៗ ដើម្បីពង្រីកការវិនិយោគបន្ថែមទៀត នៅកម្ពុជា

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាត ជូនលោក Yang Jie អគ្គនាយក នៃក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ប្រចាំកម្ពុជា និងសហការី សម្របសម្រួលដោយ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ចូលជួបសម្ដែងការគួរសម។

នៅក្នុងជំនួបនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍កោតសរសើរចំពោះភាពលេចធ្លោ នៃការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា របស់ក្រុម CRBC ពិសេសចុងក្រោយនេះ គឺការអភិវឌ្ឍផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាគម្រោងទី១ និងជាប្រវត្តិសាស្ត្រនៅកម្ពុជា។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានមានប្រសាសន៍លើកទឹកចិត្តក្រុមហ៊ុន CRBC ពិនិត្យសក្ដានុពលថ្មីៗ ដើម្បីពង្រីកការវិនិយោគបន្ថែមទៀត។ ឯកឧត្តមអភិសន្តបណ្ឌិត បានចូលរួមអបអរសាទរចំពោះសមិទ្ធផលផ្លូវ និងស្ពានសរុបរាប់ពាន់គីឡូម៉ែត្រ ដែលក្រុមហ៊ុនបានចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីឆ្នាំ២០០១។

ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណក្រុមហ៊ុន CRBC ដែលបានផ្ដល់អំណោយមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបរិចាគប្រាក់ចំនួន ១,៣ លានដុល្លារ ដល់រាជរដ្ឋាភិបាល និងកាក្របាទក្រហមកម្ពុជា និងចូលរួមគាំទ្រថវិកាដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង រួមទាំងការសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសសាធារណការ និងដឹកជញ្ជូន ព្រមទាំងបានផ្ដល់ហារូបករណ៍ជាច្រើនកន្លែងដល់សិស្ស និងនិស្សិតកម្ពុជា។

ក្រៅពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល សក្ដានុពលនៃច្បាប់វិនិយោគថ្មី ព្រមទាំងការធ្វើវិមជ្ឈការផ្ទេរសិទ្ធិសម្រេចគម្រោងវិនិយោគតម្លៃ ៥ លានដុល្លារចុះ ទៅឱ្យរដ្ឋបាលរាជធានី-ខេត្ត ដើម្បីផ្ដល់ឱកាសពង្រីកសក្ដានុពលទាក់ទាញគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានស្នើក្រុមហ៊ុនចិនចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍របស់កម្ពុជាទៅកាន់សាធារណជនចិន និងពិភពលោកផងដែរ។

លោក Yang Jie អគ្គនាយក នៃក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន CRBC ប្រចាំកម្ពុជា បានថ្លែងអំណរគុណឯកឧត្តមអភិសន្តិបណ្ឌិត ដែលអនុញ្ញាតជូនលោកនិងសហការីបានចូលជួបសម្ដែងការគួរសម។ លោកអគ្គនាយក បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ថាក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន CRBC ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនឆាយណា ខមញ៉ូនីខេសិន ខនស្ត្រាក់ សិន (CCCC) ដែលជាក្រុមហ៊ុនជំនាញ រចនា សាងសង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅប្រទេសចិន ហើយក៏បានជាប់ចំ ណាត់ថ្នាក់ទី៦៣ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៥០០ ក្នុងពិភពលោក។

លោក Yang Jie ក៏បានជម្រាប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នូវជំនឿចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការធានាលំនឹងសេដ្ឋកិច្ចជាតិ ស្ថិរភាពនយោបាយ និងបរិយាកាសសន្តិសុខ ដែលធ្វើឱ្យក្រុមហ៊ុនរបស់លោកមានភាពកក់ក្ដៅក្នុងការបោះជំហានពង្រីកការវិនិយោគថ្មីៗបន្ថែមទៀត ជាពិសេសគម្រោងសាងសង់ផ្លូវល្បឿនលឿន ផ្លូវជាតិ និងស្ពាន តួយ៉ាងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ភ្នំពេញ-សៀមរាប និងក្រុងប៉ោយប៉ែតជាដើម៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×