Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមឃួង ស្រេង បានស្នើឱ្យប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខណ្ឌប្ញស្សីកែវ បន្តយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងភូមិ សង្កាត់ មានសុវត្ថិភាព

ភ្នំពេញ ៖ ឯកឧត្ដមឃួង ស្រេង បានស្នើឱ្យប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខណ្ឌប្ញស្សីកែវ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បន្តយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។ បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ បង្រ្កាបគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

លោក​ ជិន ប៊ុនធឿន សមាជិកគណៈកម្មាធិការគណបក្ស​ប្រជាជន​កម្ពុជារាជធានីភ្នំពេញ ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការគណបក្ស​ប្រជាជន​កម្ពុជាខណ្ឌឬស្សីកែវ ជំនួសឯកឧត្ដម ឯក ឃុន ដឿន ដែលត្រូវ
បានតែងតាំងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស​ប្រជាជន​កម្ពុជារាជធានីភ្នំពេញ។

ពិធីនេះបានធ្វើឡើង នាព្រឹកថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះជួយមូលដ្ឋាន ខណ្ឌប្ញស្សីកែវ នៅមជ្ឈមណ្ឌលម៉ូឌែន៥ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

លោក ជិន ប៊ុនធឿន ក្នុងឱកាសនោះ បានប្តេជ្ញាចិត្ត អនុវត្តដាច់ខាត តាមសេចក្តីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា។ ខិតខំស្វែងយល់ក្តាប់ជាប់នូវលក្ខន្តិកៈ កម្មវិធីនយោបាយរបស់គណបក្ស គោលការណ៍សេចក្តីសម្រេច សេចក្តីណែនាំនានា របស់គណៈកម្មាធិការកណ្តាលគណបក្ស និងគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ ដើម្បីកំណត់ទិសដៅភារកិច្ច គោលការណ៍ និង វិធានការចាត់តាំងអនុវត្តឱ្យបានសមស្របតាមសភាពការណ៍។ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងទប់ស្កាត់រាល់ការប៉ុងប៉ងបង្កនូវ ភាពចលាចលក្នុងសង្គមពីសំណាក់ក្រុមជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានា។ ប្តេជ្ញាថែរក្សាការពារនូវមរតក និងសមិទ្ធផលនានាជាប្រវត្តិសាស្ត្រដែលគណបក្ស សម្រេចបាននាពេលកន្លងមក ព្រមទាំងចូលរួមកសាងនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបម្រើ ដល់ផលប្រយោជន៍របស់គណបក្ស និងប្រជាជន។ យកចិត្តទុកដាក់ចុះជាប់ចលនាមហាជន សំដៅប្រមូលផ្តុំបាននូវកម្លាំងដ៏ធំទូលាយ និង ចូលរួមរាល់សកម្មភាពរបស់គណបក្ស ។ ខិតខំដឹកនាំពង្រឹងដល់គណៈកម្មាធិការគណបក្ស ដែលត្រូវបានប្រគល់ភារកិច្ចឱ្យទទួលបន្ទុកការងារនៅតាមមូលដ្ឋាន។ បង្កើនការកសាង និងពង្រឹងការងារគណបក្សអំពីនយោបាយ សតិអារម្មណ៍ ចាត់តាំង លើកកម្ពស់សមត្ថភាព គុណភាពការងារ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រីកអំពើល្អ។

ឯកឧត្ដមឃួង ស្រេង ក្នុងឱកាសនោះ ក៏បានថ្លែងនូវការអរគុណចំពោះសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានលះបង់អស់ កម្លាំងកាយចិត្ត ដើម្បីគណបក្សប្រជាជនកម្ពុជា និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះ ក្នុងការដឹកនាំប្រទេសជាតិ រហូតមកដល់ពេលនេះ។

ឯកឧត្ដមឃួង ស្រេង ក៏បានស្នើឱ្យប្រធានគណៈកម្មការគណបក្សប្រជាជនកម្ពុជាខណ្ឌប្ញស្សីកែវ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បន្តយកចិត្តទុកដាក់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសធ្វើយ៉ាងណាឲ្យភូមិ សង្កាត់ មានសុវត្ថិភាព។ បន្តរឹតបន្តឹងច្បាប់ចរាចរណ៍ បង្រ្កាបគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទៅតាមអនុសាសន៍ណែនាំរបស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ បន្ថែមពីនេះឯកឧត្ដមឃួង ស្រេង ក៏បានជម្រុញឲ្យគណបក្សខណ្ឌ សង្កាត់ត្រូវ ផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានលឿន និងមានតម្លាភាព ដើម្បីអោយប្រជាពលរដ្ឋ គោរពស្រលាញ់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា មានឱកាសអភិវឌ្ឍន៍ប្រទេស សម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ឯកឧត្ដម ឃួង ស្រេង ក៏បានសូមឲ្យគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ឲ្យក្លាយជាចលនាឯកភាពជាតិតែមួយ ដោយគម្រោង “ព្រែកជីកហ្វូណនតេជោ” មិនមែនជាទ្រព្យសម្បត្តិរបស់នរណាម្នាក់នោះទេ តែជាទ្រព្យរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ។ “ព្រែកជីកហ្វូណនតេជោ”ជាទ្រសម្បត្តិមហាសាលសំរាប់កម្ពុជា ដែលគ្រោងនឹងបើកការដ្ឋាននៅថ្ងៃទី០៥ សីហាឆ្នាំ២០២៤ខាងមុខនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×