រាជធានីភ្នំពេញ : ថាខាងភូតគាមអនាម័យ នៃក្រសួងកសិកម្មទៅ គេចេញអន្តរាគមន៍ទៅហើយចំពោះប្រជាកសិករដែលជួបប្រទះនឹងសត្វល្អិតចង្រៃដង្កូវហ្វូងជាដើម បំផ្លាញផលដំណាំរបស់ពួកគាត់ ដូច្នេះ មន្ត្រីពាក់ព័ន្ធដែលជាក្រុមការងាររបស់រាជរដ្ឋាភិបាល ក៏ត្រូវតែចេញព្រមគ្នាដែរ, នេះជាប្រសាសន៍ណែនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងទៅកាន់ក្រុមមន្ត្រីជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ក្នុងឱកាសបើកកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រីនាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៀតថា បណ្តាក្រុមការងាររាជរដ្ឋាភិបាល ត្រូវចុះមូលដ្ឋាននៅតាមទីតាំង ដែលរងគ្រោះពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃ ដង្កូវហ្វូងជាដើម ដែលបំផ្លាញដំណាំរបស់ប្រជាកសិករ ដើម្បីស្វែងយល់ពីផលប៉ះពាល់ជាក់ស្តែង និងជួយពួកគាត់។ ចំណែក គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ព្រមទាំងក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ត្រូវពង្រឹងកិច្ចសហការក្នុងការចុះអន្តរាគមន៍ ដល់ប្រជាជនរងគ្រោះ និងត្រូវគិតគូរលើភាពចាំបាច់ នៃការផ្តល់ជំនួយដូចជា ÷ គ្រាប់ពូជ ឬ ធនធានចាំបាច់ដទៃទៀត ដល់ប្រជាកសិកររងគ្រោះ ដើម្បីឱ្យពួកគាត់អាចបន្តការដាំដុះឡើងវិញ ទទួលបានផលសម្រាប់ជីវភាពគ្រួសារ និងនិងសេដ្ឋកិច្ចគ្រួសារ។
តាមការស្រាវជ្រាវ បញ្ហាដង្កូវហ្វូងផ្ដើមចេញពីអាកាសធាតុក្តៅខ្លាំងក្នុងឆ្នាំនេះ និងអូសបន្លាយពេលយូរ បានធ្វើឱ្យវដ្តជីវិតរបស់ដង្កូវហ្វូងកាន់តែខ្លី ពងឆាប់ញាស់ ស៊ីច្រើន ឆាប់ធំ និងបង្កកំណើតក្នុងល្បឿនលឿន រួមផ្សំជាមួយនឹង ការបាត់លំនឹងជីវចម្រុះដោយសារកត្តាអាកាសធាតុ បានធ្វើឱ្យបាត់បង់នូវប្រភេទសត្វមានប្រយោជន៍មួយចំនួន ដែលតែងដើរតួនាទីបំផ្លាញពពួកដង្កូវទាំងនេះ ដូច្នេះហើយ ក៏ធ្វើឱ្យដង្កូវហ្វូងចាប់ផ្តើមផ្ទុះឡើង៕ ពិសិដ្ឋ CEN








