រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម បណ្ឌិតសភាចារ្យហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំនាយកប្រជននិងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពី ការរៀបចំប្រព័ន្ធគន្លងអប់រំសម្រាប់ការអប់រំមធ្យមសិក្សានៅកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធ សរុបចំនួនប្រមាណ ២២រូប ។
ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងសង្គមសេដ្ឋកិច្ចឌីជថល ទាមទារឱ្យមានការរៀបចំប្រព័ន្ធគន្លងអប់រំមួយច្បាស់លាស់ សម្រាប់ពង្រឹងការអប់រំមធ្យមសិក្សា និងផ្សារភ្ជាប់ទៅនឹងការអប់រំនៅឧត្តមសិក្សា ជាពិសេសទីផ្សារការងារ។
មុនឈានចូលដល់កិច្ចពិភាក្សា អង្គប្រជុំបានផ្តោតលើការពិនិត្យរបាយការណ៍ស្តីពីប្រព័ន្ធគន្លងអប់រំសម្រាប់ការអប់រំមធ្យមសិក្សាក្នុងក្របខ័ណ្ឌតំបន់ និងសកល។ ទន្ទឹមនេះ ខ្ញុំសូមចែករំលែកអំពីឧត្តមានុវត្តក្នុងដំណើរវិវឌ្ឍន៍ជាច្រើនដំណាក់កាលនៃប្រព័ន្ធគន្លងអប់រំរបស់ប្រទេសសឹង្ហបុរី ដែលមានភាពប្រហាក់ប្រហែលទៅនឹងប្រព័ន្ធអប់រំកម្ពុជាបច្ចុប្បន្ន។
ដើម្បីធ្វើការជ្រើសរើស និងកែលម្អប្រព័ន្ធគន្លងអប់រំប្រកបដោយប្រសិទ្ធភាពឯកឧត្តម បណ្ឌិតសភាចារ្យ បានផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញ ត្រូវមានការសិក្សាពីឧត្តមានុវត្តនៃប្រព័ន្ធគន្លងអប់រំរបស់ប្រទេសផ្សេងៗ ពិសេសសូមឱ្យផ្តោតសិក្សាឱ្យស៊ីជម្រៅលើប្រទេសសឹង្ហបុរី ដើម្បីសិក្សាប្រៀបធៀបលម្អិត សម្រាប់ធ្វើធ្វើកំណែទម្រង់កែលម្អលើប្រព័ន្ធដែលមានស្រាប់ ។
គួរបញ្ជាក់ដែរថា ប្រព័ន្ធគន្លងអប់រំ រៀបចំឡើងក្នុងគោលបំណង ដើម្បី៖ ១). អភិវឌ្ឍសមត្ថភាពសិស្សសម្រាប់បន្តការសិក្សានៅឧត្តមសិក្សា ២). អភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ចាប់យកជំនាញឯកទេសសម្រាប់បង្កើតមុខរបរដោយខ្លួនឯង ឬបន្តការសិក្សាជំនាញបច្ចេកទេសនៅកម្រិតឧត្តមសិក្សា ៣). អភិវឌ្ឍសមត្ថភាពសិស្សផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឌីជីថល និង ៤). ថែរក្សាសិស្សមានបញ្ញា ឬទេព្យកោសល្យខ្ពស់។
ក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តកិច្ចការកំណែទម្រង់អប់រំជាច្រើនជំហាន ដោយផ្តើមចេញពីកំណែទម្រង់ថ្នាក់ជាតិ កំណែទម្រង់សាលារៀន ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និង បណ្តុះបណ្តាលធនធានមនុស្សសម្រាប់បរិវត្តកម្មសេដ្ឋកិច្ចឌីជីថល ក្នុងនោះអាទិភាពកំណែទម្រង់ត្រូវបានកំណត់ និងយកមកអនុវត្តជាបន្តបន្ទាប់ សំដៅបង្កើនអត្រាសិស្សចូលរៀនគ្រប់កម្រិត ជាពិសេសនៅមធ្យមសិក្សា ពង្រឹងគុណភាពសិក្សារបស់សិស្សានុសិស្ស និងអភិវឌ្ឍសមត្ថភាពបុគ្គលិកអប់រំ និងសមត្ថភាពស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងបរិវត្តកម្មនៃការអប់រំឌីជីថល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី










