ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី៖
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹក ថ្ងៃសុក្រ ១៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១. ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨
ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ ត្រូវបានរៀបចំ រយៈពេល៥ឆ្នាំម្ដង តាមអាណត្តិរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដោយអនុលោមតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយឆ្នាំ២០១៥-២០៣០ ដែលបានអនុម័តនៅសន្និសីទពិភពលោកលើកទី៣ នៃអង្គការសហប្រជាជាតិ ទីក្រុង សេនដាយ ប្រទេសជប៉ុន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយនេះ។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំផែនការសកម្មភាពជាតិ ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងបន្តដោះស្រាយបញ្ហាគ្រោះមហន្តរាយបង្កឡើងដោយមុខសញ្ញាគ្រោះថ្នាក់ ដូចជា ទឹកជំនន់ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត អគ្គិភ័យ ការដួលរលំអគារ និងផលប៉ះពាល់ដទៃទៀតដែលបណ្តាលមក ពីការប្រែប្រួលអាកាសធាតុ។ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ បានកំណត់ គោលដៅយុទ្ធសាស្ត្រចំនួន៤ និងកម្មវិធីអាទិភាពចំនួន១៨ សម្រាប់អនុវត្តបន្តឆ្នាំ២០២៤-២០២៨ ដែលគ្រប់ភាគី ពាក់ព័ន្ធត្រូវធ្វើសកម្មភាពឱ្យស៊ីចង្វាក់គ្នារវាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ផ្នែកសាធារណៈ ផ្នែកឯកជន ដៃគូ អភិវឌ្ឍ សង្គមស៊ីវិល សហគមន៍ គ្រួសារ និងប្រជាជន ដោយត្រូវយកចិត្តទុកដាក់អនុវត្តនូវតួនាទីនិងការទទួល ខុសត្រូវលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយក្នុងបរិបទ នៃកាលៈទេសៈ និងសមត្ថភាពរៀងៗខ្លួន។ ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន ឆ្នាំ២០២៤-២០២៨នេះ បានរៀបចំខ្លឹមសារដាក់ជូនក្រសួងពាក់ព័ន្ធជួយពិនិត្យពិចារណាផ្តល់ធាតុចូលលើគោលដៅយុទ្ធសាស្ត្រ និងជួយបំពេញនូវគម្រោងកម្មវិធីអាទិភាព សកម្មភាព សម្រាប់ឆ្នាំ២០២៤-២០២៨ របស់ក្រសួង នីមួយៗ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ មក។
ផែនការសកម្មភាពជាតិនេះ មានលទ្ធផលរំពឹងទុកចំនួន ៨ចំណុច៖ ១. ត្រូវមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ២. សមត្ថភាពនៃការយល់ដឹងនិងចំណេះដឹងលើការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និង ការគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានធ្វើឱ្យប្រសើរឡើង ៣. ប្រព័ន្ធព័ត៌មានគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានធ្វើ រំហូរដោយផ្សារភ្ជាប់នឹងសហគមន៍ ៤. សមាហរណកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយទៅក្នុងការអភិវឌ្ឍ ៥. ផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះអាសន្នគ្រោះមហន្តរាយត្រូវបានរៀបចំ ៦. គ្រឿងសម្ភារ និង មធ្យោបាយសំខាន់ៗសម្រាប់ការពារ និងជួយសង្គ្រោះត្រូវបានពង្រឹង ៧. ការអនុវត្តត្រូវប្រកបដោយចំណេះដឹង និងការយល់ដឹងតាមបែបលក្ខណៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង៨. ភាពជាដៃគូជាមួយវិស័យឯកជន នឹងត្រូវបានការជួយគាំទ្រ។
សរុបមក ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ គឺដើម្បីអនុវត្តដោយរាប់បញ្ចូលទាំងផ្នែកសេដ្ឋកិច្ច រចនាសម្ព័ន្ធ សុខាភិបាល វប្បធម៌ អប់រំ បរិស្ថាន បច្ចេកវិទ្យា ដែល ក្រសួង ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិទទួលខុសត្រូវបង្ការ និងកាត់បន្ថយកម្រិតរងគ្រោះដោយមុខសញ្ញាគ្រោះថ្នាក់ និងភាពងាយរងគ្រោះពីគ្រោះមហន្តរាយ ដោយបង្កើនការត្រៀមរៀបចំសម្រាប់ការឆ្លើយតប ការស្តារឡើងវិញ និងការពង្រឹងភាពធន់។
២. អនុក្រឹត្យស្ដីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល
អនុក្រឹត្យនេះមាន ៧ជំពូក និង៣១មាត្រា ដែលត្រូវបានពិនិត្យ និងរៀបចំឡើងវិញនូវអនុក្រឹត្យលេខ៣៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ដើម្បីកំណត់អំពីការរៀបចំ និងការវាយតម្លៃសមិទ្ធកម្មនៃការអនុវត្ត កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល របស់រាជរដ្ឋាភិបាល។ ការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ត្រូវ ផ្អែកលើមូលដ្ឋាននៃអាទិភាពជាតិដែលមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរយៈពេល៥ឆ្នាំ កម្មវិធី គោលនយោបាយរបស់រាជរដ្ឋាភិបាល សូចនាករម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗ និងការសម្របសម្រួលរវាងគោលដៅន ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលជាមួយនឹងកម្មវិធីអភិវឌ្ឍន៍របស់ដៃគូអភិវឌ្ឍ និងលទ្ធភាពស្រូបយកហិរញ្ញប្បទាន ពីប្រភពផ្សេងៗរបស់កម្ពុជា សម្រាប់រៀបចំគម្រោងវិនិយោគសាធារណៈ៣ឆ្នាំរំកិលរបស់ក្រសួង ស្ថាប័ននីមួយៗ។ ក្នុងដំណើរការដឹកនាំ សម្របសម្រួល និងរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិលនេះ គឺជាសមត្ថកិច្ចរបស់ ក្រសួងផែនការ ដោយមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន។ ក្រសួងផែនការ ត្រូវវាយតម្លៃសមិទ្ធកម្មនៃការអនុវត្ត កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងការកែលម្អ ការលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ចំណែកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវសហការផ្ដល់ថវិកាសម្រាប់គាំទ ដល់ដំណើរការនៃការរៀបចំនិងវាយតម្លៃសមិទ្ធកម្ម នៃការអនុវត្តកម្មវិធីនេះ។ សេចក្តីព្រាងអនុក្រឹត្យនេះ ត្រូវបាន ពិនិត្យនិងពិភាក្សាក្នុងកិច្ចប្រជុំបច្ចេកទេស ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាក់ស្ដែងថ្មីៗនេះ ជាមួយក្រុម ប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤. និងកិច្ចប្រជុំ អន្តរក្រសួង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
៣. ការអនុម័តយល់ព្រមលើអនុសញ្ញាស្ដីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិ តាមផ្លូវអាកាស
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចឯកភាពលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើ អនុសញ្ញាស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ដើម្បីបញ្ជូន ទៅសុំការពិនិត្យនិងអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិ។ អនុសញ្ញាស្ដីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹង ការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ដែលហៅថា អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ត្រូវបានចុះហត្ថលេខាកាលពី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ និងបានចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៣។ គិតត្រឹមខែកក្កដា ឆ្នាំ២០២៣ រដ្ឋភាគីចំនួន១៣៩ប្រទេស បានផ្តល់សច្ចាប័ន ប៉ុន្តែព្រះរាជាណាចក្រកម្ពុជា មិនទាន់បានផ្តល់សច្ចាប័ននៅឡើយ។ អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ជាអនុសញ្ញាអន្តរជាតិមួយដែលគ្រប់គ្រង និងដឹកនាំការទទួលខុសត្រូវ របស់សហគ្រាសដឹកជញ្ជូនចំពោះការដឹកជញ្ជូនអ្នកដំណើរ អីវ៉ាន់ និងទំនិញជាអន្តរជាតិតាមផ្លូវអាកាស ក្នុងករណី៖ ១. មរណភាព ការរងរបួស ឬការពន្យារពេលចំពោះអ្នកដំណើរ ២. ការពន្យារពេល ការបាត់បង់ ឬការខូចខាត ចំពោះអីវ៉ាន់របស់អ្នកដំណើរ ៣. ការពន្យារពេល ការបាត់បង់ ឬការខូចខាតទំនិញ។ ការផ្តល់សច្ចាប័នលើអនុសញ្ញ ម៉ុងរ៉េអាល់ឆ្នាំ១៩៩៩នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ដូចជា៖ ការបង្ហាញពីសុច្ឆន្ទៈនិង កិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជា ជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ សមាគមដឹកជញ្ជូនតាមផ្លូវ អាកាសអន្តរជាតិ និងដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបើកឱកាសកាន់តែច្រើនសម្រាប់ កម្ពុជាក្នុងការចូលរួមដោយផ្ទាល់ ទៅក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ធានាជំរុញ ការទាក់ទាញវិនិយោគ និងកំណើនសេដ្ឋកិច្ចទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រមទាំង ការតភ្ជាប់វប្បធម៌រវាងប្រជាជននិងប្រជាជន។ ផ្ដល់ទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកធ្វើដំណើរ និងសហគ្រាសដឹក ជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។ ផ្ដល់ភាពងាយស្រួលនិងជំរុញការដឹកជញ្ជូនទំនិញអន្តរជាតិតាមផ្លូវអាកាសតាមរយៈការប្រើប្រាស់អញ្ញត្តិបណ្ណដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជាទម្រង់អេឡិចត្រូនិក ស្របតាមបរិបទនបរិវត្តកម្មឌី ជីថល។ អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩នេះមាន ៧ជំពូក និង៥៧មាត្រា។
បញ្ហាផ្សេងៗ៖
ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំ៖ សម្ដេចធិបតី បានកត់សម្គាល់ថា ក្នុងរយៈពេលជាង ១០ខែកន្លងទៅនេះ រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗ ព្រមទាំងវឌ្ឍនភាពល្អប្រសើរជាច្រើន ទាំងនៅតាមបណ្ដាការដ្ឋានកែទម្រង់និងទិសដៅការងារផ្សេងទៀត។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ព្រមទាំងវិធានការគន្លឹះទាំង៥ កំពុងត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងបានផ្ដល់ផលប្រយោជន៍យ៉ាងវិជ្ជមានដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។
-ជាក់ស្តែង នៅក្នុងបរិការណ៍ដែលពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា កម្ពុជារក្សាបាននូវសុខ
សន្តិភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ខណៈដែលស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក៏ត្រូវបានពង្រឹងតាម រយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ វឌ្ឍនភាពដ៏ល្អប្រសើរទាំងនេះ
មិនអាចសម្រេចបានឡើយ ដោយគ្មានការចូលរួមយ៉ាងសកម្មនិងប្រកបដោយការទទួលខុសត្រូវពីគ្រប់តួអង្គពាក់ព័ន្ធ។ ក្នុងន័យនេះ សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីម្ចាស់ការនិងកសិកម្ម របស់ក្រសួង ស្ថាប័ន និងតួអង្គពាក់ព័ន្ធទាំងអស់ដែលបាននិងកំពុងរួមគ្នាអនុវត្តការងារ នៅក្នុងអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ សម្តេច សង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាពិតជាបញ្ចប់ឆ្នាំដំបូងរបស់ ខ្លួនប្រកបដោយជោគជ័យ និងមោទនភាព ដើម្បីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការកសាងសមិទ្ធផលជូន ជាតិមាតុភូមិក្នុងការឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ
-នៅពេលពិភាក្សាអំពីគ្រោះមហន្តរាយ សម្ដេចធិបតី បានជម្រាបជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីអំពីការផ្ទុះ ឡើងនូវសត្វល្អិតចង្រៃ ដែលកំពុងបង្កផលប៉ះពាល់ដល់ផលដំណាំប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួន។ រាជរដ្ឋាភិបាល តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងដាក់ចេញនូវវិធានការអន្តរាគមន៍ ជាច្រើន ដើម្បីកាត់បន្ថយផលប៉ះពាល់ និងព្យាយាមការពារការរីករាលដាលទៅកាន់ទីកន្លែងដទៃ
-សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ ពង្រឹងកិច្ចសហការក្នុងការចុះអន្តរាគមន៍ដល់ប្រជាជន រងគ្រោះ និងត្រូវគិតគូរលើភាពចាំបាច់នៃការផ្តល់ជំនួយ ដូចជា គ្រាប់ពូជ ឬ ធនធានចាំបាច់ដទៃទៀត ដល់ប្រជា កសិកររងគ្រោះ ដើម្បីឱ្យពួកគាត់អាចបន្តការដាំដុះឡើងវិញបាន និងសូមឱ្យបណ្តាក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាននៅតាមទីតាំងដែលរងគ្រោះពីការផ្ទុះឡើងនូវសត្វល្អិតចង្រៃនេះ ពង្រឹងការចុះមូលដ្ឋានដើម្បីស្វែងយល់ ពីផលប៉ះពាល់ជាក់ស្ដែង ព្រមទាំងរាយការណ៍ និងលើកជាអនុសាសន៍ជាក់លាក់ជូនរាជរដ្ឋាភិបាលតាមការចាំបាច់។
នៅមុនបិទកិច្ចប្រជុំ៖ សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់និន្នាការនយោបាយ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលបានគាំទ្រ គម្រោងព្រែកជីក ហ្វូណនតេជោ ដោយសម្តេច បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈដើម្បីចូលរួម និងរៀបចំពិធីបញ្ចុះ បឋមសីលាបើកការដ្ឋានព្រែកជីកនេះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ និងអធិកអធមបំផុត។
-សម្តេចធិបតី បានណែនាំឱ្យស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិចូលរួមគ្រប់រូបភាពផ្សេងៗនៅទូទាំងប្រទេស តាមរយៈការគោះជួង និងទូងស្គរ ជាដើម ព្រមៗគ្នានៅវេលាម៉ោង ៩:០០ នាទីព្រឹក ស្របពេលដែល សម្តេច ចុចប៊ូតុង សម្ភោធបើកការដ្ឋាន ដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះ ដោយចាត់ទុកជាព្រឹត្តិការណ៍ជាតិដ៏ធំបំផុតមួយ។ នៅយប់ថ្ងៃដដែលនោះ ក៏មានការរៀបចំប្រគំតន្ត្រី និងបាញ់កាំជ្រួចនៅទូទាំងប្រទេសតាមដែលអាចធ្វើបាន
-សម្ដេចធិបតី ក៏បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងសមត្ថកិច្ចពាក់ព័ន្ធចំពោះកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងគ្រឿងញៀន លុបបំបាត់ល្បែងស៊ីសង ខុសច្បាប់ និងការបង្ក្រាបក្មេងទំនើងនារយៈពេលកន្លងមក។ សម្ដេច ក៏បានស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ខិតខំបន្តទៀតក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីសន្តិសុខ និងភាពសុខសាន្តជូនប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី














