Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ៖ ក្រសួងត្រូវការការសហការចូលរួមពីដៃគូអភិវឌ្ឍនានា ទាំងក្នុងការងារបច្ចេកទេស និងជាពិសេសទុន ដើម្បីជួយអភិវឌ្ឍវិស័យកសិកម្ម

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB)​ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការរួមគ្នាកន្លងមក លើការអភិវឌ្ឍវិស័យកសិកម្ម ដែលបានផ្តល់ប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងបាននឹងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានានូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការពង្រឹងសហគមន៍កសិកម្មទំនើប ដែលអាចជួយប្រជាកសិករកាត់បន្ថយថ្លៃដើមផលិត ផលិតទៅតាមតម្រូវការទីផ្សារ ការដឹកនាំបែបទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមមូលដ្ឋាន ដែលជាជំនួយការជិតស្និទ្ធរបស់កសិករ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ រួមទាំងការគ្រប់គ្រងធនធានធម្មជាតិផងដែរ។

លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តដល់សហគមន៍កសិកម្មទំនើប ក្នុងការធ្វើពិពិធកម្មកសិកម្ម ឱ្យបានទូលំទូលាយក្នុងការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ ព្រៃឈើ និងកសិកម្ម។

ដើម្បីសម្រេចការងារនេះបាន បើតាមឯកឧត្តមរដ្ឋមន្ត្រី ក្រសួងត្រូវការការសហការចូលរួមពីដៃគូអភិវឌ្ឍនានា ទាំងក្នុងការងារបច្ចេកទេស និងជាពិសេសទុន ដើម្បីជួយអភិវឌ្ឍវិស័យកសិកម្ម និយាយជារួម និងជីវភាពប្រជាកសិករ និយាយដោយឡែក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×