Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដើម្បីប្រយោជន៍ខ្លួន សុខចិត្តបំផ្លាញផ្លូវក្រាលកៅស៊ូអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន ចោល, ថៅកែទំនិញ និងសមត្ថកិច្ច គប់គិតគ្នាដឹកទំនិញគេចពន្ធលើសកម្រិតកំណត់វាងចូលផ្លូវជនបទ

ខេត្តស្វាយរៀង ៖ រថយន្តយីឌុបដឹកទំនិញលើសទម្ងន់ជាច្រើនគ្រឿង សង្ស័យជាទំនិញគេចពន្ធ បើកបរវាងផ្លូវចូលតាមជនបទ បង្កឱ្យបាក់ស្រុតផ្លូវបែកល្បាប់វ៉ល់ នៅឱ្យអ្នកភូមិពិបាកធ្វើដំណើរយ៉ាងខ្លាំង ជាពិសេស សិស្សានុសិស្សធ្វើដំណើរតាមកង់-ម៉ូតូ ទៅសាលារៀនបណ្តាលឱ្យរអិលដួលប្រឡាក់សំលៀកបំពាក់ និងសម្ភារ, ស្រ្តីមានផ្ទៃពោះ ត្រូវទៅមណ្ឌលសុខភាពសម្រាល គឺពិបាកធ្វើដំណើរខ្លាំងណាស់ ពោលគឺ អ្នកធ្វើដំណើរតាមដងផ្លូវនេះ មានការព្រួយបារម្ភពីសុវត្ថភាពគ្រោះថ្នាក់រអិលដួលតែម្ដង គ្មានមន្ត្រីអាជ្ញាធរ ឬសមត្ថកិច្ចអើពើបញ្ឈប់រថយន្តនេះបានឡើយ។

ប្រជាពលរដ្ឋ និយាយប្រាប់ CEN ដឹងថា រថយន្តយីឌុបដឹកទំនិញលើសទម្ងន់សង្ស័យជាទំនិញគេចពន្ធ បើកបរវាងផ្លូវចូលតាមជនបទនេះ គឺនៅភូមិសែន.ត ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង នាវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ មានជាច្រើនគ្រឿង បានដឹកទំនិញលើសទម្ងន់ តទ្រុង ខ្ពស់ៗ ធ្វើដំណើរលើដងផ្លូវជនបទ (វាងផ្លូវក្រុង) ហាក់ដូចជាលួចលាក់ទំនិញគេចពន្ធ បណ្តាលឱ្យបាក់ស្រុតផ្លូវ ក្លាយជារណ្តៅសំបុកមាន់ បែកល្បាប់វ៉ល់បង្កឱ្យរអិល ពិបាកធ្វើដំណើរយ៉ាងខ្លាំង នៅរដូវវស្សានេះ, ចំណែកកម្លាំងសមត្ថកិច្ចដែលនៅឯទីប្រជុំជននោះ មិនអាចចុះមកដល់ជនបទឡើយ, រីឯកម្លាំងនៅមូលដ្ឋាន ភូមិ-ឃុំ ក៏មិនហ៊ានអើត ឬសួរនាំរថយន្តទាំងនេះដែរ។

ប្រជាពលរដ្ឋនិយាយថា ផ្លូវនេះ គឺជាផ្លូវក្រាលកៅស៊ូ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន កសាងពីផ្សារជីភូ ឆ្ពោះមកសាលាស្រុកចន្រ្ទា និងតពីសាលាស្រុកចន្ទ្រា កាត់តាមឃុំសំរោង ឃុំទួលស្តី និងឃុំចន្ទ្រា អាចចេញទៅដល់ព្រំដែនវៀតណាម។ ប៉ុន្តែមុនទៅដល់ព្រំដែនវៀតណាម ក្រុមឈ្មួញប្រើប្រាស់រថយន្តយីឌុប ដឹកទំនិញធ្ងន់លើសកម្រិតកំណត់ និងសង្ស័យថាជាទំនិញគេចពន្ធនេះ បណ្តាលឱ្យស្រុតផ្លូវក្រាលកៅស៊ូទាំងស្រុង គឺរបើកកៅស៊ូអស់ ក្លាយទៅជាផ្លូវដីទៅវិញ។ ឥឡូវនេះ ពេលរដូវប្រាំង ដីហុយ, ពេលរដូវវស្សា ក្លាយជាល្បាប់ដីឥដ្ឋ បង្កឱ្យរអិលពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ផ្លូវនេះខូចចាប់ពីភូមិទួលស្តី ឃុំទួលស្តី ភូមិសែន.ត រហូតដល់ ភូមិគោកតែក ឃុំចន្ទ្រាស្រុកចន្ទ្រា ខេត្តស្វាយរៀង។

តាមប្រភពថា រថយន្តយីឌុបជាច្រើនគ្រឿងនេះ បានដឹកទំនិញទាំងយប់ទាំងថ្ងៃ យកទៅសាងនៅច្រករបៀងជិតប៉ុស្ត៍ការពារព្រំដែន ទួលស្តី និងច្រករបៀង នៃប៉ុស្ត៍នគរបាលវរ:ការពារព្រំដែនគោកតែក ឆ្លងដែនទៅប្រទេសវៀតណាម គឺសង្ស័យជាទំនិញគេចពន្ធខ្លាំងណាស់ ប៉ុន្តែមិនមែនជាសមត្ថកិច្ចរបស់ប្រជាពលរដ្ឋឆែកមើល ក៏ទម្លាយរឿងនេះប្រាប់អ្នកសារព័ត៌មាន គ្រាន់បានផ្សព្វផ្សាយជូនថ្នាក់ដឹកនាំ ដើម្បីមានវិធានការ។

រថយន្តយីឌុបទាំងនេះដឹកទំនិញមករាល់ថ្ងៃ សង្ស័យជាទំនិញគេចពន្ធនេះ មិនដែលឃើញសមត្ថកិច្ចណា ចុះពិនិត្យ និងបង្ក្រាបឡើយ… ធ្វើឱ្យប្រជាពលរដ្ឋគិតថា អាចជាការស៊ុមគ្រលុំគ្នារវាងថៅកែទំនិញ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធទេដឹង ទើបអាចប្រើប្រាស់ផ្លូវវាងនេះបានយ៉ាងស្រួល ទោះខូចផ្លូវភូមិរបស់ប្រជាពលរដ្ឋក៏ខូចទៅ  ឱ្យតែអញបានដឹកគេចពន្ធចេញរួច… ហាស ហា៎។

ទាក់ទិនករណីនេះ CEN មិនអាចរកការបំភ្លឺពីលោកវរៈសេនីយ៍ យ៉ន សុផល ប្រធានវរៈការពារព្រំដែនលេខ៦០៩ បានទេ ទូរសព្ទ័ហៅចូលជាច្រើនលើក ក៏ប៉ុន្តែមិនអាចទំនាក់ទំនងបាន។ ចំណែក លោកប្រធានទីស្នាក់ការគយ និងរដ្ឋាករសាខាខេត្តស្វាយរៀង ក៏មិនអាចទំនាក់ទំនងបានដែរ, ហេតុដូច្នេះ ការផ្សាយនេះ ជាដំណឹងដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនានា មេត្តាជួយពិនិត្យបង្ក្រាបផង៕ រក្សាសទ្ធដោយ ៖ បុប្ផាស្វាយរៀង

×