រាជធានីភ្នំពេញ : ទោះជាចង់គិតថា បង្កៃខ្សែភ្លើងដើម្បីសម្លាប់ចោរ ឬសម្លាប់ជនអាក្រក់ណាម្នាក់ក៏ដោយ ក៏គួរណាស់តែកុំដាក់បង្កៃខ្សែភ្លើងបែបនេះឱ្យសោះ ព្រោះថា ជនណាម្នាក់ដែលស្លាប់ដោយសារការឆក់ខ្សែភ្លើងនេះ វាអយុត្តិធម៌ណាស់ ដោយសារថា កំហុសរបស់គេមិនមានស្ថានទម្ងន់ទោសស្មើនឹងស្លាប់ទេ ហេតុនេះ ក៏មានន័យថា អ្នកបង្កៃខ្សែភ្លើងនោះ ជាប់ទោសស្លាប់មនុស្សដោយចេតនាផងដែរ, ជាក់ស្ដែង ក្មេងប្រុស អាយុជាង១០ឆ្នាំម្នាក់ បានស្លាប់ដោយសារឆក់ខ្សែភ្លើង ដែលត្រូវបានពីរនាក់ប្ដី-ប្រពន្ធរត់រ៉ឺម៉កដឹកអីវ៉ាន់នៃគ្រួសារមួយ បានបង្កៃខ្សែភ្លើងជាប់នឹងរ៉ឺម៉កគាត់ ដើម្បីការពារចោរលួច ហើយក៏ត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ទៅ, ចំណែកសមត្ថកិច្ចបានប្រើពេល៣ថ្ងៃទើបអាចឃាត់ខ្លួនជនបង្កបាន។
មន្ត្រីនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានឱ្យដឹងថា យោងតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បញ្ជាឱ្យចាត់ការលើសំណុំរឿងបង្កៃខ្សែភ្លើងឆក់មនុស្សស្លាប់នេះ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវ ជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលនៃអធិការដ្ឋានពោធិ៍សែនជ័យ ស្វែងរកជនដៃដល់ដែលបង្កៃខ្សែភ្លើងឆក់ក្មេងប្រុសម្នាក់ស្លាប់ កាលពីថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២៤ នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មិនអស់ចិត្តចំពោះការស្លាប់កុមាររូបនេះ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បុរសឈ្មោះ ឈួន សុផល អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាឪពុកបង្កើតជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង ស្តីពីការបាត់ខ្លួនឈ្មោះ សន វណ្ណា ជាកូនប្រុសបង្កើត ដែលបានបាត់ខ្លួនកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ ជាមួយនេះ ក្រុមគ្រួសារជនរងគ្រោះ បានពឹងពាក់អ្នកជិតខាង ជួយឆែកមើលកាមេរ៉ាសុវត្ថិភាព ក៏ឃើញរូបភាពជនសង្ស័យឈ្មោះ អ៊ាត ចាន់ធឿន និងឈ្មោះ សោម ធូ ជាប្រពន្ធ បានដើរចេញពីក្នុងបន្ទប់ជួល មកឈរកាន់ម៉ូតូសណ្តោងរ៉ឺម៉ករបស់ខ្លួន ហើយជនសង្ស័យបានឃើញជនរងគ្រោះដេកស្លាប់នៅចំហៀងម៉ូតូសណ្តោងរ៉ឺម៉កនោះ។
ពេលនោះជនសង្ស័យឈ្មោះ អ៊ាត ចាន់ធឿន បានលើកសពជនរងគ្រោះទៅដាក់នៅក្បែរបន្ទប់ជួលទីមួយខាងកើតផ្លូវបេតុង កែងផ្លូវលំ និងបន្ទាប់មក ក៏បានលើកសពជនរងគ្រោះដើរឆ្ពោះទៅទិសខាងលិចម្នាក់ឯងតាមផ្លូវលំ នៃដីព្រៃខាងក្រោយបន្ទប់ជួលគ្មាន នៅលេខជួរទី៣។ ចំណែកប្រពន្ធជនសង្ស័យបាននៅយាមមើលផ្លូវ ដោយប្រើរូបភាពធ្វើជាហាត់ប្រាណ, បន្ទាប់មកជនសង្ស័យពីរនាក់ប្ដីប្រពន្ធនេះ បានបើកម៉ូតូសណ្តោងរ៉ឺម៉ករបស់ខ្លួន ចេញពីបន្ទប់ជួលគេចខ្លួនបាត់ទៅ។
បន្ទាប់ពីបានមើលរូបភាពក្នុងកាមេរ៉ាសុវត្ថិភាពរួចរាល់ហើយ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវរហូតដឹងថា ឈ្មោះ អ៊ាត ចាន់ធឿន និងឈ្មោះ សោម ធូ ជាប្រពន្ធ បានទៅលាក់ខ្លួននៅផ្ទះបងប្អូន នៅឯឃុំក្រហម ស្រុកជាំក្សាន ខេត្តព្រះវិហារ ហើយកម្លាំងជំនាញបានសហការជាមួយ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងវរៈការពារព្រំដែនបន្តទៀត ក៏បានចុះទៅដល់ទីតាំងដែលជនសង្ស័យលាក់ខ្លួន, ប៉ុន្តែយឺតមួយជំហានទៅហើយ គឺជនសង្ស័យទាំង២ បានជិះរថយន្តមួយគ្រឿងចាកចេញបាត់។
លុះមកម៉ោង ០៦:៣០នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យពីរនាក់ប្ដីប្រពន្ធនេះ ក៏បានចូលមកសារភាព នៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមតែម្តង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ត្រង់នេះហើយ ដែលបញ្ជាក់ថា កម្លាំងនគរបាល ខំស្វះស្វែងដុតដៃដុតជើង សហការនាយ-អាយ ឯលិចកើត យ៉ាងសម្បើម ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យ ចំណាយពេលអស់ច្រើនថ្ងៃ ចាប់មិនបាន… ប៉ុន្តែបែរជាមកចាប់បានយ៉ាងធូរខ្សោយទៅវិញ ព្រោះជនសង្ស័យបោះបង់ចោលការរត់គេចខ្លួន ហើយចូលសារភាព ប្រគល់ខ្លួនជូនកម្លាំងនគរបាលតាមសម្រួល ដោយប្រាប់ថា មិនបាច់ខំប្រឹងទៀតទេ ណេះចាប់ខ្លួនចុះ។
តាមចម្លើយសារភាពបឋម ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានបង្កៃខ្សែភ្លើងមានចរន្តអគ្គិសនីជាមួយរ៉ឺម៉កកង់បីពិតប្រាកដមែន ក្នុងគោលបំណងឆក់កណ្ដុរទេ មិនមែនឆក់មនុស្សឡើយ, គឺពួកខ្លួនភ្ញាក់ពីដំណេកឡើង នៅវេលាម៉ោងប្រហែល ៤ទៀបភ្លឺ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ខ្លួនឃើញសពក្មេងប្រុសដេកស្លាប់នៅជាប់រ៉ឺម៉កខ្លួន ឃើញដូច្នេះ ខ្លួនក៏បានយកសពទៅទុកក្បែរបង្គោលភ្លើងវិញ ប៉ុន្តែដោយគិតថា មិនអាចគេចវេះពីកំហុសបាន ខ្លួននិងប្រពន្ធ ក៏បានដឹងសពជនរងគ្រោះទៅចោលនៅដីវាលក្រោមដើមឈឺមួយកន្លែង ស្ថិតក្នុង ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង។
រួចពួកខ្លួនបានយករ៉ឺម៉កទៅលក់អោយអេតចាយមួយកន្លែង ហើយនៅវេលាម៉ោង ១៩:៣០នាទី ថ្ងៃដដែល ពួកខ្លួនបានជិះរថយន្តក្រុងចេញពីគល់ស្ពានព្រែកក្តាម ឆ្ពោះទៅខេត្តព្រះវិហារ លាក់ខ្លួននៅទីនោះ, លាក់ខ្លួនបានមួយថ្ងៃ គឺនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ កូនខ្លួនបានទូរស័ព្ទមកប្រាប់ថា សូមឱ្យពួកខ្លួនចូលសារភាពទៅ ព្រោះសមត្ថកិច្ចកំពុងតាមចាប់ខ្លួនហើយ, ទើបខ្លួនចេញដំណើរពីខេត្តព្រះវិហារ ជិះឡានក្រុង ត្រឡប់មកភ្នំពេញវិញហើយនៅម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ពួកខ្លួនក៏បានចូលសារភាព នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តែម្តង។
បច្ចុប្បន្ន កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងអង្គការ CPU នាំជនសង្ស័យទៅអង្អុលបង្ហាញកន្លែងបោះចោលសពក្មេងប្រុសរងគ្រោះ និងធ្វើការកសាងសំណុំរឿងតាមនីតិវិធី៕ ពិសិដ្ឋ CEN







