ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤។
បើតាមអនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណត៖
ទី១. បន្តកែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ ដោយត្រូវបង្កើនគុណវុឌ្ឍិគ្រូបង្រៀន ចេញថ្មី និងធ្វើវិក្រឹតការគ្រូបង្រៀន កែលម្អការបណ្តុះបណ្តាលគ្រូ ដើម្បីបំពេញ តាម “ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន” “ស្តង់ដាសាលាគរុកោសល្យគំរូ” និងការផ្តល់ ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ។
ទី២. យកចិត្តទុកដាក់ដល់ការអនុវត្តវិធីសាស្ត្របង្រៀន, វិធីសាស្ត្ររៀន និងវិធីសាស្ត្រ វាយតម្លៃ ថ្មី ដែលអនុញ្ញាតឱ្យសិស្សអភិវឌ្ឍបំណិននៃការគិត ប្រកបដោយ វិចារណញ្ញាណក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹងជីវិតប្រចាំថ្ងៃ និងអនុវត្តចំណេះដឹងវិទ្យាសាស្ត្រក្នុងជីវិតប្រចាំថ្ងៃ។
ទី៣. លើកកម្ពស់គុណវឌ្ឍ និងសមត្ថភាពឌីជីថលដល់គ្រូបង្រៀន ដោយបញ្ចូលការ ប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន និងរៀន កែលម្អមាតិកាឌីជីថល និង បង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យកាន់តែទូលំ- ទូលាយ និងគ្រប់ជ្រុងជ្រោយ។
ទី៤. សម្តេចធិបតី លើកទឹកចិត្តដល់ប្អូនៗគរុនិស្សិតជ័យលាភី ត្រូវបន្តអភិវឌ្ឍចំណេះដឹង និងវិជ្ជាជីវៈជាប្រចាំ, តាមរយៈការសិក្សាស្រាវជ្រាវ, ការសិក្សាបន្ថែម, ការ អភិវឌ្ឍជំនាញបច្ចេកវិទ្យា និងបំណិនឌីជីថល, ការអភិវឌ្ឍជំនាញទំនាក់ទំនង ជាមួយអ្នកពាក់ព័ន្ធ, ការទទួលយកការប្រឹក្សាយោបល់ និងស្វែងយល់ពីបទ- ពិសោធន៍ពីថ្នាក់ដឹកនាំ និងសហការីនៅកន្លែងការងារ និងការចេះសម្របខ្លួន ទៅនឹងបរិការណ៍អប់រំ ដែលកំពុងមានការវិវត្តខ្លាំង។
ទី៥. សម្តេចធីបតី លើកទឹកចិត្តដល់ប្អូនៗគរុនិស្សិតដែលកំពុងសិក្សា សូមខិតខំប្រឹង ប្រែងសិក្សា និងស្វែងយល់បន្ថែមនូវជំនាញ ព្រមទាំងបច្ចេកទេសគរុកោសល្យ ថ្មីៗ ដើម្បីក្លាយខ្លួនជាអ្នកអប់រំដ៏មានគុណភាពខ្ពស់សម្រាប់កម្ពុជា ស្របតាម
បរិបទនៃការរីកចម្រើនរបស់សង្គម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងណាស់ លើការពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ពីព្រោះលោកគ្រូ អ្នកគ្រូដែលខ្លាំង និងបណ្ដុះបណ្ដាលបានសិស្សដែលខ្លាំង និងមានគុណភាពខ្ពស់ដូចគ្នាដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ឆ្អឹងខ្នងរបស់វិស័យអប់រំ គឺជាគ្រូ ដូច្នេះ គ្រូត្រូវតែខ្លាំង និងត្រូវតែពង្រឹងបន្ថែមទៀត ដោយត្រូវតែមានចំណេះជំនាញគ្រប់គ្រាន់ ដែលជាមូលដ្ឋានគ្រឹះក្នុងការធ្វើកំណែទម្រង់សម្រាប់វិស័យអប់រំ។
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ដែលដើមឡើយជាអតីតមជ្ឈមណ្ឌលគរុកោសល្យភូមិភាគរាជធានីភ្នំពេញ និងសាលាគរុកោសល្យនិងវិក្រឹតការរាជធានីភ្នំពេញ។ គិតមកត្រឹមឆ្នាំសិក្សា២០២២-២០២៣ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញបានបញ្ចប់ការបណ្ដុះបណ្ដាលគ្រូបង្រៀនសម្រាប់កម្រិតបឋមសិក្សាសរុប ៤១៨នាក់ ស្រី ៣៤៤នាក់ និងគ្រូបង្រៀនកម្រិតមូលដ្ឋានសរុប ៤៧២នាក់ ស្រី ២៧៤នាក់ និងបានផ្ដល់កម្មវិធីលើកកម្ពស់គុណវុឌ្ឍិដល់គ្រូឧទ្ទេសមកពីសាលាគរុកោសល្យចំនួន ៦៧នាក់ ស្រី ៣២នាក់។ គរុនិស្សិត គរុសិស្សជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យកាលពីឆ្នាំសិក្សា ២០២២-២០២៣ កន្លងទៅ ហើយដែលនឹងត្រូវទទួលសញ្ញាបត្រវិជ្ជាជីវៈគ្រូបង្រៀននៅថ្ងៃនេះ សរុប ២៦៦នាក់ ស្រី ១៨១នាក់ ក្នុងនោះគរុនិស្សិតថ្នាក់បរិញ្ញាបត្រ (១២+៤) ចំនួន ២៤៣នាក់ ស្រី ១៧២នាក់ និងគរុសិស្ស (១២+២) ចំនួន ២៣នាក់ ស្រី៩នាក់។
រាជរដ្ឋាភិបាល តាមរយៈ ក្រសួងអប់រំ យុវជន និង កីឡា បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពបុរសកម្ម ច្នៃប្រឌិត និងត្រៀមលក្ខណៈយូរអង្វែង សំដៅជំរុញការធានាបានមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជា ដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះ ព្រមទាំងមានផលិតភាពការងារខ្ពស់ សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី


























