Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកស៊ីម៉ាក់ បកស្រាយករណីប្រជាពលដ្ឋ​ មន្ត្រីរាជការនៅក្នុងខេត្តត្បូងឃ្មុំ​ ជជែកដេញដោលនិងវាយប្រហារថា​ ការប្រកាសខេត្តត្បូងឃ្មុំថា​”ជាខេត្តអស់មីន”​ ហេតុអ្វីបានជាគ្រាប់មីននៅតែមាននិងសម្លាប់ប្រជាជនទៀត?

ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី ៤ខែកក្កដា​ ឆ្នាំ​២០២៤​ បានថ្លែងសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា កាលពីថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ​២០២៤​ថ្មីៗនេះ​ មានករណីផ្ទុះគ្រាប់មីនតោន​ នៅភូមិ ត្រពាំងរំសែង​ ឃុំត្រពាំងថ្លុង​ ស្រុកពញ្ញាក្រែក​ ខេត្តត្បូងឃ្មុំ​ បណ្តាលឱ្យបុរស​ អាយុ៦៦ឆ្នាំម្នាក់ស្លាប់ដោយខ្ទេចសាកសពទាំងស្រុង​។
ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា គ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះបង្កឡើង​ នៅពេលរូបគាត់ជីករណ្តៅបោះបង្គោលរបងព្រំដីចម្ការរបស់គាត់!! ខ្ញុំសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពនិងសូមបួងសួងជូនវិញ្ញានខន្តសពបានទៅកាន់ទីឋានបរមសុខកុំបីឃ្លៀងឃ្លាតឡេីយ! ។

ឯកឧត្តមហេងរតនា បានលើកឡើងថា តាមការស្រាវជ្រាវរបស់មន្ត្រីជំនាញអង្គភាពសុីម៉ាក់​បានរកឃើញថាជាគ្រាប់មីនប្រឆាំងយានយន្តប្រភេទT46 សំណល់ពីសង្គ្រាម​ តំបន់នេះជាផ្លូវចាស់និងជាខ្សែរកប់គ្រាប់មីននិងគ្រាប់បែកចង្កោមទម្លាក់ពីយន្តហោះផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា “ប៉ុន្មានថ្ងៃនេះ​សាធារណៈជន​ ប្រជាពលដ្ឋ​ មន្ត្រីរាជការនៅក្នុងខេត្តត្បូងឃ្មុំ​ មានជជែកដេញដោលនិងវាយប្រហារថា​ ការប្រកាសខេត្តត្បូងឃ្មុំថា​”ជាខេត្តអស់មីន”​ ហេតុអ្វីបានជាគ្រាប់មីននៅតែមាននិងសម្លាប់ប្រជាជនទៀត?
ខ្ញុំសូមឆ្លៀតឱកាសនេះ​ ជម្រាបជូនជ្រាបថា​៖​ ការប្រកាសថា​ ភូមិ​ ឃុំ​ ស្រុក​ ខេត្តអស់មីន​ គឺសំដៅអស់គ្រាប់មីនប្រឆាំងមនុស្ស​គ្រប់ប្រភេទ (anti personnel landmines) ស្ថិតក្រោមអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា​និងនៅតាមគ្រប់ទីតាំងភូមិសាស្ត្រដែលបានដឹងដោយមានកំណត់ត្រាក្នុងទិន្នន័យជាតិតែប៉ុណ្ណោះ​។
​ មានន័យថា​ គ្រាប់មីនតោន​ គ្រាប់បែកចង្កោម​ គ្រាប់ទម្លាក់ពីយន្តហោះ​ គ្រាប់មិនទាន់ផ្ទុះសំណល់សង្គ្រាមគ្រប់ប្រភេទជាសំណល់សង្គ្រាម​ មិនស្ថិតក្នុងនិយមន័យភូមិឃុំស្រុកខេត្តអស់មីននោះទេ​ ហើយសូម្បីតែគ្រាប់មីនប្រឆាំងមនុស្សដែលស្ថិតនៅរ៉ាយប៉ាយដោយគ្មានព័ត៌មាននិងកំណត់ត្រាក្នុងប្រពន្ធ័ទិន្នន័យជាតិ​នោះក៏គ្មានក្នុងយុទ្ធសាស្ត្រប្រកាសអស់មីននេះដែរ!! “។

សម្តេចធិបតីបានយកចិត្តទុកដាក់បំផុតចំពោះសុខសុវត្ថិភាពប្រជាពលរដ្ឋនិងការអភិវឌ្ឍសង្គម! ក្នុងន័យនេះ​ សម្តេចធិបតីបានបញ្ជាឱ្យអង្គភាពសុីម៉ាក់​ កងយោធពលខេមរភូមិន្ទ​ និងអាជ្ញាធរមីនធ្វើការស្រាវជ្រាវព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយទាំងតំបន់រងផលប៉ះពាល់ដោយគ្រាប់មីនប្រឆាំងមនុស្សនិងសំណល់ជាតិផ្ទុះសង្គ្រាមគ្រប់ប្រភេទទាំងអស់ ប្រយោជន៍ដើម្បីជំរុញចលនាបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមទាំងអស់ ធានាម្ចាស់ការការពារសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋនិងការអភិវឌ្ឍសង្គមជាតិ!! ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×