ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូធនាគារពិភពលោក និងបានពិភាក្សាអំពីភាពជាដៃគូយុទ្ធ សាស្ត្រ ដើម្បីលើកម្ពស់រដ្ឋាករទឹកសាធារណៈ និងពង្រឹងសមត្ថភាពប្រតិបត្តិករទឹកស្អាតឯកជននៅ កម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានបន្តគាំទ្រកម្ពុជាលើវិស័យជាច្រើន ជាពិសេសវិស័យទឹកស្អាត។ ឯកឧត្តមបានលើកឡើងថា ទឹកគឺជាអាទិភាពគន្លឹះទី៣ នៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការជំរុញការអភិវឌ្ឍវិស័យទឹកស្អាត ដើម្បីគាំទ្រកំណើនប្រកបដោយចីរភាព។
ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូអំពីការប្រែក្លាយរដ្ឋាករទឹកនៅតាមបណ្តាខេត្តមួយចំនួនទៅជាសហគ្រាសសាធារណៈ ព្រមទាំងចក្ខុវិស័យជាអាទិភាព ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដោយផ្តោតលើការលើកកម្ពស់រដ្ឋាករទឹក និងគាំទ្រដល់ប្រតិបត្តិករទឹកស្អាតឯកជន ដើម្បីធានាសកលកម្មនៃសេវាទឹកស្អាតនាពេលខាងមុខ។
លោកស្រី Anna Wellenstein នាយកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកសម្រាប់កម្មវិធីអភិវឌ្ឍន៍ប្រកបដោយចីរភាព បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ។ លោកស្រីបានលើកឡើងអំពីគម្រោងដែលកំពុងអនុវត្តជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ក្រោមគម្រោង “ទឹកស្អាត និងអនាម័យសម្រាប់ទាំងអស់គ្នានៅកម្ពុជា” (WASAC) ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក រដ្ឋាករទឹកចំនួនបី គឺរដ្ឋាករទឹកបាត់ដំបង ពោធិ៍សាត់ និងមណ្ឌលគិរី នឹងទទួលបានការគាំទ្រដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់ខ្លួន។ ទន្ទឹមនឹងការចេញផ្សាយរបាយការណ៍ស្តីពីអាកាសធាតុ និងការអភិវឌ្ឍកម្ពុជា (CCDR) របស់ធនាគារពិភពលោកនាពេលថ្មីៗនេះ ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនអំពីបញ្ហាប្រឈមដែលកម្ពុជាបានជួបប្រទះក្នុងរដូវប្រាំងកន្លងមក ពិសេសការបាត់បង់ប្រភពទឹកក្នុងតំបន់មួយចំនួន ដែលបង្កឱ្យមានបញ្ហាខ្វះទឹកដើម្បីផលិតទឹកស្អាត។ ឯកឧត្តមបានលើកឡើងថា ក្រសួងកំពុងសហការជាមួយដៃគូ ដើម្បីរៀបចំផែនការមេវិស័យទឹកស្អាតសម្រាប់ខេត្តអាទិភាពមួយចំនួន។
បច្ចុប្បន្ន ធនាគារពិភពលោកក៏កំពុងផ្តល់ជំនួយបច្ចេកទេសដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការងារនិយតកម្ម និងឧត្តមានុវត្តថ្មីៗ ក្នុងការគ្រប់គ្រងវិស័យទឹកស្អាត។
ភាពជាដៃគូជាមួយធនាគារពិភពលោកបាន និងកំពុងគាំទ្រកម្ពុជាឱ្យពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាពលរដ្ឋគ្រប់គ្នា និងដើម្បីពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី










