Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ បានបិទបញ្ចប់៖ ទទួលបានថវិកាបរិច្ចាគប្រមាណជាង៣,៣លានដុល្លារ

ភ្នំពេញ ៖ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ ដោយទទួលបានថវិកាបរិច្ចាគប្រមាណជាង៣,៣លានដុល្លារ។

មូលនិធិគន្ធបុប្ផាកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន សប្បុរសជនទាំងក្នុង និងក្រៅប្រទេស, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ មេត្តាជ្រាបថា៖ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានផ្តួចផ្តើម ឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទកៈ ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ពោលគឺមានការ ចូលរួមគាំទ្រយុទ្ធនាការដ៏មានសារៈសំខាន់នេះជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជា ប្រាក់ដុល្លារអាមេរិកចំនួនជាង ៣,៣ លានដុល្លារ។ បើធៀបនឹងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ពីរលើក កន្លងមក, យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់- ឆ្នាំ២០២៤ នេះ ទទួលបានការចូលរួមកាន់តែផុសផុល ពីសប្បុរសជនក្នុងបណ្តាក្រសួង-ស្ថាប័ន, រាជធានី-ខេត្ត, ក្រុមហ៊ុន-សហគ្រាសទាំងតូចទាំងធំ ទាំងនៅ រាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដែលនេះឆ្លុះបញ្ចាំងពីចលនាជាតិដ៏សំខាន់មួយក្នុង ស្មារតី
ខ្មែរជួយខ្មែរ”ដើម្បីរួមគ្នានាំក្តីសង្ឃឹមនិងភាពញញឹមដល់ទារកនិងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។

សូមជម្រាបជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ស្ថាបនិក និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតជាប្រធានកិត្តិយស បានរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”នេះឡើងក្នុងគោលបំណង ពីរសំខាន់ៗគឺ៖ ១). ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និង ២). ដើម្បីរំលឹក និងបំផុសចលនាកៀរគរការបរិច្ចាគក្នុងស្មារតី ខ្មែរជួយខ្មែរ” ទោះតិចក្តី ឬច្រើនក្តី ពីសំណាក់សប្បុរសជននានាទាំង ក្នុងនិងក្រៅប្រទេស ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការផ្ដល់ក្ដីសង្ឃឹម និងភាពញញឹមដល់ ទារក និងកុមារនៅកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណសប្បុរសជនទាំងក្នុង និងក្រៅប្រទេស, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនសហគ្រាស និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយមធ្យោបាយរាងៗខ្លួនដូចជា តាមរយៈការចូល រួមបរិច្ចាគ, កិច្ចសហការផ្សព្វផ្សាយ និងការគាំទ្រសកម្មភាពពាក់ព័ន្ធនានា យ៉ាងផុសផុល ដែលបានញ៉ាំង ឱ្យយុទ្ធនាការប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយនេះរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានលទ្ធផលជោគជ័យយ៉ាងធំធេង ដោយថែមទាំងទទួលបានផងដែរនូវការកោតសរសើររបស់ សម្តេចព្រះមហាបុត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ការគិតគូរ និងរៀបចំយុទ្ធនាការដែល មានអត្ថន័យដ៏ធំធេងចំពោះសុខភាពទារក និងកុមារនៅកម្ពុជានៃយើង។

តាមសំណេររបស់ លោកជំទាវបណ្ឌិតប្រធានកិត្តិយស, ទោះបីជាយុទ្ធនាការ”១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ នេះ ត្រូវបិទបញ្ចប់នៅពេលនេះមែន តែមូលនិធិគន្ធបុប្ផាកម្ពុជានៅតែបន្តបេសកកម្មកៀរគរ ការបរិច្ចាគជាប្រចាំ ព្រោះថាមន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយចំនួនប្រមាណ ១២ ម៉ឺនដុល្លារ ក្នុង មួយថ្ងៃៗ ឬស្មើនឹងប្រមាណ ៤៣លានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការក្នុង បេសកកម្មផ្តល់ការពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះរាប់លានករណី ក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព, ឥតថ្លៃ និងមិនមានការរើសអើង។

ក្នុងន័យនេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សប្បុរសជននានា ទាំងនៅក្នុងស្រុក និង នៅប្រទេស សូមបន្តនូវទឹកចិត្តសប្បុរស និងវប្បធម៌ចែករំលែកដ៏ថ្លៃថ្លានេះ រួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការនាំមកនូវក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារនៅកម្ពុជា ទោះតិចក្តី ច្រើនក្តី ដើម្បីរក្សា និរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×