Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ឃួង ស្រេង ដាក់បទបញ្ជាឲ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ បន្តបង្ក្រាបក្រុមក្មេងទំនើងឲ្យខ្លាំងក្លា ដើម្បីធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង បានថ្លែងថា ចំពោះបញ្ហាក្មេងទំនើង គណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ត្រូវតែបន្តបង្ក្រាបឲ្យខ្លាំងក្លា ដើម្បីធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លើបញ្ហានេះ ខណ្ឌទាំង១៤ បើខ្វះកម្លាំងអាចស្នើមករាជធានីភ្នំពេញ ដើម្បីអនុវត្តការងារនេះឲ្យទទួលបានជោគជ័យ ពិសេសគឺធ្វើឲ្យភូមិ សង្កាត់មានសុវត្ថិភាព។

ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានថ្លែងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី០១កក្កដា២០២៤ នៅសាលារាជធានីភ្នំពេញ។

​ ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍ថា៖ ការរៀបចំសណ្តាប់ធ្នាប់ មិនមែនធ្វើឡើងត្រឹមតែនៅលើផ្លូវគោកប៉ុណ្ណោះទេ ការរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវទឹក ក៏រឿងសំខាន់ដែលអាជ្ញាធរនិងកម្លាំងរបស់យើងត្រូវយកចិត្តទុកដាក់អនុវត្ត ពិសេសការទប់ស្កាត់មិនឲ្យមានការចោលសំរាម ចោលកម្ទេចសំណល់នានាចូលទៅក្នុងទន្លេ។

ឯកឧត្ដមបានសង្កត់ធ្ងន់ថា៖ ចំពោះល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលប់បំបាត់ មិនត្រូវឲ្យមាននៅក្នុងមូលដ្ឋានរបស់ខ្លួនដាច់ខាត តាមរយៈការពង្រឹង ពីមួយថ្ងៃទៅមួយថ្ងៃឲ្យបានខ្លាំង ដើម្បីឈានទៅលប់បំបាត់ឲ្យអស់។ ទប់ស្កាត់ការយកភាស៉ី ចំពោះអ្នកយកលុយពីអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តនៅក្នុងរាជធានីភ្នំពេញ ជាមួយការទប់ស្កាត់អ្នកយកលុយលើសសៀវភៅបន្ទុក។

ឯកឧត្ដមបានបន្ថែមទៀតថា៖ ចំពោះមន្ទីរពាក់ព័ន្ធក៏ត្រូវបំពេញការងាររបស់ខ្លួន ដោយត្រូវធ្វើជាភ្នែក ជាច្រមុះឲ្យអាជ្ញាធររាជធានី ទាំងការពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានា ផ្លូវ ទឹក លូ ប្រឡាយ អនាម័យ បរិស្ថាន ការដាំ ថែទាំ ដើមឈើ ដែលជាគម្របបៃតងរបស់រាជធានីភ្នំពេញ។ ដោយឡែកការងារទីក្រុងឆ្លាតវៃ យើងត្រូវដាំដើមឈើជាគម្របបៃតងឲ្យបានច្រើន មានដើមឈើច្រើន មិនត្រឹមតែស្អាតទេ តែវាជាការទាក់ទាញខ្លាំងពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាមួយនិងការបន្ថែមខ្សែរត់ រថយន្តក្រុង ដើម្បីបង្កើនការដឹកអ្នកដំណើរ។

ឯកឧត្ដម បានបញ្ជាក់ផងដែរថា៖ ការផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយពិតជាទទួលបានការកើតសរសើរពីប្រជាពលរដ្ឋហើយ តែទោះបីជាយ៉ាងណាក្តី យើងត្រូវបន្តខិតខំបន្ថែមទៀត ដោយត្រូវធ្វើឲ្យទាន់ពេលវេលា និងមានតម្លាភាព ស្របទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង។

លោកឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា៖ នៅរាជធានីភ្នំពេញ កាលពីខែមុន យើងគ្រប់គ្រងក្រុមក្មេងទំនើងបានចំនួន១២ក្រុម តែនៅក្នុងខែនេះ យើងគ្រប់គ្រងក្មេងទំនើងបានចំនួន១៧ក្រុម ដែលធ្វើឲ្យក្រុមក្មេងទំនើងបានថមថយយ៉ាងខ្លាំង ពោលគឺស្ទើតែលុបបំបាត់បាន១០០%ហើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×