Wednesday, May 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យអភិរក្ស និងកែច្នៃសហគមន៍នេសាទ ទៅជាតំបន់ទេសចរណ៍បន្ថែមប្រភពចំណូល

ខេត្តកំពង់ចាម : សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំពង្រីកសកម្មភាពទេសចរណ៍ធម្មជាតិ នៅតាមបណ្តាសហគមន៍ ជាពិសេសនៅតំបន់ដែលសម្បូរដោយមច្ឆជាតិ សត្វផ្សោត សត្វស្លាប ព្រៃលិចទឹក និងព្រៃកោងកាង ដើម្បីទាក់ទាញភ្ញៀវទេសចរ ផ្ដល់ចំណូលថវិកាគាំទ្រជីវភាពប្រជានេសាទនិងកាត់បន្ថយការពឹងផ្អែកទៅលើការនេសាទតែមួយមុខ សម្រាប់ទ្រទ្រង់ជីវភាព។

ការលើកឡើងបែបនេះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធី ” ទិវាមច្ឆជាតិ ១កក្កដា ២០២៤ ” នៅបឹងធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ដើម្បីអភិរក្ស ក៏ដូចជាការកែច្នៃសហគមន៍ទេសចរណ៍ធម្មជាតិ ឱ្យកាន់តែមានភាពសកម្មនោះ សម្ដេចធិបតី ជំរុញឱ្យ រដ្ឋបាលជលផល ត្រូវសិក្សា កែលម្អ និងស្តារកន្លែងអភិរក្សត្រីមេពូជ និងទីជម្រកមច្ឆជាតិផ្សេងទៀត ដែលគោករីងរាក់ ជាពិសេសនៅរដូវប្រាំង ធ្វើយ៉ាងណាឱ្យមានទឹកសម្រាប់ត្រីរស់នៅបន្តពូជផង សម្រាប់ចិញ្ចឹមជីវភាពប្រជាពលរដ្ឋផង និងលើកស្ទួយដល់សេដ្ឋកិច្ចជាតិផង ហើយកន្លែងនេសាទខ្លះ ត្រូវកែច្នៃឱ្យទៅជាតំបន់ទេសចរណ៍ធម្មជាតិ។ 

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ត្រូវបន្តចូលរួម ជំរុញចលនាដាំបន្ថែម និងរក្សាព្រៃលិចព្រៃកោងកាងឡើងវិញ ដើម្បីផ្តល់ជាជម្រកពងកូន សម្រាប់វារីសត្វគ្រប់ប្រភេទ និងថែរក្សានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី, ជាពិសេស ការអភិរក្សត្រីមេពូជ សត្វផ្សោតទន្លេមេគង្គ និងវារីសត្វងាយរងគ្រោះទាំងឡាយ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្តលែងកូនត្រី ត្រីមេពូជ និងវារីសត្វឱ្យកាន់តែច្រើនថែមទៀតទៅក្នុងទីជម្រកធម្មជាតិ ធ្វើយ៉ាងណាឱ្យសហគមន៍នេសាទ , សហគមន៍ទេសចរណ៍ទឹកប្រែ-ទឹកស្អាត មានសោភ័ណភាពកាន់តែស្រស់ស្អាត ទាក់ទាញដល់ភ្ញៀវទេសចរ និងសន្តិសុខសណ្ដាប់ធ្នាប់។

នៅពេលដែលយើងកែច្នៃបានហើយ វានឹងមិនត្រឹមជួយដល់ការលើកកម្ពស់សោភ័ណភាព និងការចិញ្ចឹមជីវិតលក្ខណៈគ្រួសារប្រជាកសិករដោយពឹងផ្អែកលើការនេសាទមួយមុខប៉ុណ្ណោះទេ វានឹងជួយបង្កើនប្រភពចំណូលតាមរយៈភ្ញៀវទេសចរ និងលើកស្ទួយដល់សេដ្ឋកិច្ចជាតិទៀតផង៕ ពិសិដ្ឋ CEN

×