Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វគ្គបណ្តុះបណ្តាល ស្តីពី«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៅសាលាភូមិន្ទរដ្ឋបាល គឺជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះទី២ នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ នោះគឺការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន

ភ្នំពេញ ៖ សិក្ខាកាមចំនួន ១៦៧នាក់ ដែលជាថ្នាក់ដឹកនាំអង្គភាព មកពីបណ្តាក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត បានបញ្ចប់ការបណ្តុះបណ្តាលជាស្ថាពរ ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៦»នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល។

មានប្រសាសន៍ក្នុងរបាយការណ៍សង្ខេប ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានរៀបរាប់អំពីដំណើរការនៃវគ្គបណ្តុះបណ្តាល និងបានបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល បានបញ្ចប់វគ្គបណ្តុះបណ្តាលចំនួន ៥ជំនាន់រួចមកហើយ ដែលមានសិក្ខាកាម បានបញ្ចប់ដោយជោគជ័យ ចំនួ​ន៨៦៨នាក់ (ស្រី ១៤១នាក់)។ ដោយឡែកវគ្គជំនាន់ជំនាន់ទី៦ ដែលកំពុងបញ្ចប់នាពេលនេះ មានសិក្ខាកាមដែលទទួលជោគជ័យចំនួន ១៦៧នាក់ (ស្រីចំនួន ៣១នាក់)។ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៧សប្ដាហ៍ ដោយ ៦សប្ដាហ៍ជាការសិក្សាតាមប្រព័ន្ធអនឡាញ និង ១សប្ដាហ៍សិក្សាដោយផ្ទាល់នៅសាលាភូមិន្ទរដ្ឋបាល អមជាមួយទស្សនកិច្ចសិក្សាផ្ទាល់នៅតាមក្រសួងចំនួន២។

ក្រោយបានស្តាប់របាយការណ៍ និងមតិស្វាគមន៍ ព្រមទាំងការប្តេជ្ញាចិត្ត ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “វគ្គបណ្តុះបណ្តាលនេះ ជាឱកាសសម្រាប់ថ្នាក់ដឹកនាំពីគ្រប់ក្រសួង-ស្ថាប័ន ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងចំណេះធ្វើរបស់ខ្លួន ដើម្បីទទួលបាននូវពុទ្ធិថ្មីៗ បទពិសោធល្អៗ ដើម្បីដឹកនាំអង្គភាព និងក្រសួង ស្ថាប័នឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលគាប់ប្រសើរជាងមុន។” បន្ថែមលើការអបអរសាទរដល់សិក្ខាកាមទាំងអស់ និងការថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី សហភាពអឺរ៉ុប និងធនាគារពិភពលោក ដែលបានឧបត្ថម្ភគាំទ្រ និងសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ចាក់ថា “វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងអាទិភាពគន្លឹះទី១ នៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺកត្តា «មនុស្ស» ហើយក៏ស្របនឹងអាទិភាពដែល មានចែងក្នុងមុំទី១ និងមុំទី២ នៃស្នូលរបស់យុទ្ធសាស្ត្របញ្ចកោណផងដែរ។ ស្នូលនោះ សំដៅដល់ការ ពង្រឹង និងការកែទម្រង់ស្ថាប័ន តាមរយៈការពង្រឹងសមត្ថភាពនៃភាពជាអ្នកដឹកនាំ និងការរៀបចំបណ្តាញអ្នកដឹកនាំ ព្រមទាំងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាម តួនាទី និងការទទួលខុសត្រូវ។”

សូមជម្រាបផងដែរថា​ ពិធីនេះមានការអញ្ជើញចូលរួមថ្លែងមតិស្វាគមន៍ដោយឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងការប្តេជ្ញាដ៏មោះមុតមុតរបស់ដោយតំណាងសិក្ខាកាមទាំងអស់ និងដោយមានអញ្ជើញចូលពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសធារណៈ និងសាលាភូមិន្ទរដ្ឋបាល គ្រូឧទ្ទេសជាតិ-អន្តរជាតិ តំណាងធនាគារពិភពលោក ព្រមទាំងសិក្ខាកាមចំនួន ១៦៩នាក់ (នារី ៣១នាក់) មកពីក្រសួង-ស្ថាប័នថ្នាក់ជាតិចំនួន៣១ និងរដ្ឋបាលរាជធានី-ខេត្ត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×