Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនសមភាគីថៃថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយថៃ ដើម្បីអនុវត្តវិធានការនានា ដែលប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពគ្នានៅកោះសេប៊ូ ព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម សីហៈសក្តិ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃការអញ្ជើញចូល រួមកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។

កិច្ចប្រជុំនេះគឺជាការអនុវត្តតាមកិច្ចប្រជុំត្រីភាគី រវាងកម្ពុជា ថៃ និងហ្វីលីពីន ដែលបានធ្វើឡើងក្នុង ឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ ដែលក្នុងនោះប្រមុខដឹកនាំបានប្រគល់ភារកិច្ចឱ្យរដ្ឋមន្ត្រីការបរទេសកម្ពុជា និងថៃ ពិភាក្សាអំពី វិធានការកសាងទំនុកចិត្ត និងស្វែងរកមធ្យោបាយឆ្ពោះទៅមុខ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីរបានផ្លាស់ប្តូរទស្សនៈដោយត្រង់ និងបើក ចំហ អំពីស្ថានភាពព្រំដែនរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ ឡើងវិញនូវជំហររបស់កម្ពុជា ទាក់ទងនឹងការសម្រេចផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) និងបានស្នើឱ្យមានការ អនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយស្មោះត្រង់ និងដោយសុច្ឆន្ទៈ នូវសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លើខ្លឹមសារទាំងមូល។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនសមភាគីថៃផងដែរថា កម្ពុជាបាន ត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយថៃ ដើម្បីអនុវត្តវិធានការនានា ដែលប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពគ្នានៅកោះសេប៊ូ ក្នុងគោលបំណងកសាងទំនុកចិត្តឡើងវិញ និងខិតខំស្វែងរកដំណោះស្រាយ ដោយយុត្តិធម៌ និងយូរអង្វែង។ ក្នុងស្មារតីនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ រក្សាការការទាក់ទងគ្នាជិតស្និទ្ធ និងទៀងទាត់។ រក្សាសិទ្ធដោយ៖សុទ្ធលី

×