ខេត្តត្បូងឃ្មុំ: ពិតជាគួរឱ្យអាណិតអាសូរណាស់ដោយរថយន្តធុនធំពីរគ្រឿងបានពន្លះគ្នាយ៉ាងពេញទំហឹង នៅលើកំណត់ផ្លូវជាតិលេខ៧១”c” ត្រង់ចំណុចអណ្ដូងខួច ស្ថិតនៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង ៤និង៣០នាទីយប់ទៀតភ្លឺឈានចូលព្រឹកថ្ងៃទី១៤មិថុនាឆ្នាំ២០២៤។ សំឡេងបុកលាន់ឮយ៉ាងខ្លាំងជាហេតុធ្វើឲ្យមនុស្សជិះលើរថយន្តទាំងសង្ខាងស្លាប់ភ្លាមៗចំនួន៥នាក់ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ហៅរថយន្តមកសង្គ្រោះដឹកទៅមន្ទីរពេទ្យចំនួន៣នាក់តែគ្រោះអកុសលបានស្លាប់ចំនួនពីរនាក់បន្ថែមទៀតនេះជាហេតុការណ៍ពុំដែលកើតមានទាល់តែសោះនៅលើកំណត់ផ្លូវជាតិនេះ។ ជាមួយនោះមកដល់សេនីយ៍ស្នងការបានបញ្ជាឲ្យកម្លាំងចរាចរណ៍ចុះទៅកាន់កន្លែងកើតហេតុជាបន្ទាន់ដើម្បីសង្គ្រោះអ្នកនៅរស់។
លោកឧត្តមសេនីយ៍ត្រីចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំបានឲ្យដឹងថា: ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ រវាងរថយន្តនិងរថយន្តគឺ រថយន្តម៉ាកហុីយុនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរដោយឈ្មោះ ឈាង ហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ (របួសធ្ងន់) បានដឹកឈ្មោះ រឿង សារឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា(របួសធ្ងន់) ។
-បង្កជាមួយរថយន្តម៉ាកហុីយុនដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ត្បូងឃ្មុំ 3A-4487 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ (ស្លាប់នៅកន្លែងកើតហេតុ)។
លោកឧត្តមសេនីយ៍ស្នងការបានបន្តឲ្យដឹងទៀតថាមុនពេលកើតហេតុរថយន្តទាំងពីរគ្រឿងបានបើកបរក្នុងទិសដៅផ្ទុយគ្នា រថយន្តពាក់ផ្លាកលេខ កំពង់ធំ បើកបរមកពីជើងទៅត្បូងប្រើប្រាស់ល្បឿន ទៅបុករថយន្តពាក់ផ្លាកលេខត្បូងឃ្មុំ បើកបរមកពីត្បូងទៅជើងដែលដឹកកម្មករសរុបទាំងអ្នកបើកបរចំនួន៦នាក់។សរុបមនុស្សចំនួន០៨នាក់ ប្រុស. (ស្លាប់ចំនួន ០៥នាក់នៅកន្លែងកើតហេតុ) របួសធ្ងន់ចំនួន ០៣នាក់ បានបញ្ជូនទៅដល់មន្ទី មិត្តភាពកម្ពុជា-ចិន ( បានស្លាប់ចំនួន ០២នានទៀត )មូលហេតុ: ប្រើប្រាស់ល្បឿន ។ខូចខាត:រថយន្ដ ២គ្រឿង កម្រិតធ្ងន់ ។ ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ស្រុកត្បូងឃ្មុំបានចុះទៅដល់កន្លែងកើតខេត្តដើម្បីជួយអន្តរាគមន៍អ្នករងរបួសប្រញាប់ប្រញាល់ហៅរថយន្តមកដឹកសង្គ្រោះទៅមន្ទីរពេទ្យ។ហើយរហូតមកដល់ព្រឹកថ្ងៃទី១៤មិថុនា កម្លាំងជំនាញសណ្ដាប់ធ្នាប់បានកំពុងតែធ្វើចរាចរណ៍ដើម្បីបញ្ជៀសកុំឲ្យមានភាពកកស្ទះនិងបានហៅរថយន្តមកស្ទូចយករថយន្តអូសទៅរក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ។
បើតាមនគរបាលចរាចរណ៍ស្រុកត្បូងឃ្មុំវិញបញ្ជាក់ថាក្រោយពីមានហេតុការណ៍នេះកើតឡើងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំបានចុះមកពិនិត្យមើលដល់កន្លែងកើតហេតុ ដើម្បីឲ្យដឹងការពិតករណីគ្រោះថ្នាក់ចរាចរណ៍នេះភាគីរថយន្តណាមួយជាអ្នកបង្កឈានដល់គ្រោះថ្នាក់ស្លាប់មនុស្សកើនរហូតដល់៧នាក់យ៉ាងដូច្នេះ។អ្នកស្លាប់ទាំង៧នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី








