Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរនាវីឯក លីអូ ឌីម៉ុក អនុព័ន្ធយោធាហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលរូបលោកត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតយោធានៅកម្ពុជា។

នៅក្នុងជំនួបនោះ លោកវរនាវីឯក លីអូ ឌីម៉ុក បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអគ្គមេបញ្ជាការ ក៏ដូចជាថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដែលជានិច្ចកាលតែងតែបានបង្កលក្ខណៈផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ធ្វើឱ្យបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ។

លោកអនុព័ន្ធយោធាហ្វីលីពីន បានបញ្ជាក់ថា ក្នុងអាណត្តិជាប្រធានប្តូរវេនអាស៊ាន ហ្វីលីពីននឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរួមចំណែកធ្វើឱ្យស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានសភាពល្អប្រសើរឡើងវិញ ក្នុងគោលដៅរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោកអនុព័ន្ធយោធាហ្វីលីពីន ដែលក្នុងអាណត្តិកន្លងមកបានខិតខំយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឱ្យមានការរីកចម្រើន ជាទ្វេភាគី ទាំងនៅក្នុងក្របខ័ណ្ឌអាស៊ាន តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា។

ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសហ្វីលីពីន ជាប្រធានប្តូរវេនអាស៊ាន ដែលបានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុះមុត បន្តបេសកកម្មពីប្រទេសម៉ាឡេស៊ី ដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីធានាដល់កិច្ចព្រមព្រៀងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង រក្សាសន្តិភាព ស្ថិរភាព និងប្រក្រតីភាពឡើងវិញនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។

ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានជម្រាបជូនអនុព័ន្ធយោធាថ្មីហ្វីលីពីន អំពីស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីភាគីទាំងពីរបានឯកភាពលើកិច្ចព្រមព្រៀងបទឈប់បាញ់ តែកម្ពុជានៅតែមានក្តីបារម្ភទៅលើភាពតានតឹងដែលនៅតែបន្តកើតមាន ដោយភាគីថៃទន្ទ្រានកាន់កាប់ចូលជ្រៅក្នុងទឹកដីកម្ពុជា ហើយងាយនឹងផ្ទុះអាវុធសារជាថ្មី។

ឯកឧត្តម បានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ព្រំដែនមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ៕​ រក្សាសិទ្ធដោយ៖សុទ្ធលី

×