Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧

ភ្នំពេញ ៖ បើយោងតាមសារលិខិតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ចូលរួមអបអរសាទរជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសដ៏មហោឡារិក នៃការប្រារព្ធ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ដែលរៀបចំឡើងនៅថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តទៀតថា ការជ្រើសរើសយកប្រធានបទ និងការរៀបចំទិវាជាតិនេះ គឺបង្ហាញឱ្យឃើញយ៉ាងច្បាស់លាស់នូវការប្តេជ្ញា ចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលបានផ្តល់អាទិភាពគន្លឹះទី១ លើ “មនុស្ស” ហើយ “ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” គឺជាអាទិភាពបន្តបន្ទាប់តាមលំដាប់។ “ការបណ្តុះបណ្តាលជំនាញបច្ចេកទេស” គឺជាមុំសំខាន់មួយ នៃបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” ដែលជារបៀបវារៈក្នុងការកសាងនិងអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដោយ សម្រេចឱ្យបាននូវគោលដៅ “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ជាពិសេសសម្រាប់យុវជនដែល ជាកម្លាំងពលកម្មជំនាញដ៏មានសក្តានុពល។

រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិនេះ ក្នុងគោលបំណង លើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈការ ផ្សព្វផ្សាយ ការជំរុញ និងការលើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់ និង ទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ទាំង ក្នុងនិងក្រៅប្រទេស។

ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាអាទិភាពមួយនៃ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩មក ទន្ទឹមនឹងការស្តារនិងអភិវឌ្ឍ ប្រទេសជាតិពីបាតដៃទទេ។ កត្តាសុខសន្តិភាពពេញលេញដែលទទួលបានពីការដាក់ចេញ និងអនុវត្តដោយ ជោគជ័យទាំងស្រុងនៃនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ព្រមជាមួយនឹងការដាក់ ចេញនូវកម្មវិធីកំណែទម្រង់មុតស្រួចស៊ីជម្រៅនានាជាប់ជាប្រចាំ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រា ខ្ពស់ជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ រយៈពេលជាង ២ទសវត្សរ៍ មុនផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពី ការរីករាលដាលជំងឺកូវីដ-១៩ សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន ភាពស្រុតចុះនៃទំនុកចិត្តវិនិយោគនិងភាពមិនប្រាកដ ប្រជានៃសេដ្ឋកិច្ចអឺរ៉ុប សហរដ្ឋអាម៉េរិក និងចិន។ ទន្ទឹមនឹងនេះ វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងស្ថានភាពទីផ្សារការងារនៅកម្ពុជា ក៏កាន់តែមានភាពរីកចម្រើន និងមានលក្ខណៈល្អប្រសើរឡើងជាបន្តបន្ទាប់។

ក្នុងបរិការណ៍ប្រជាសាស្ត្រអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចហៅថា «ភាគលាភប្រជាសាស្ត្រ» ដែលកម្ពុជាមានប្រជាជនក្នុងវ័យធ្វើការចំនួន ៦២% រាជរដ្ឋាភិបាលបាននិងកំពុងពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួន តាមរយៈការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញតាមតម្រូវការទីផ្សារការងារ ដែលទាមទារឱ្យកម្ពុជាត្រូវបន្តយកចិត្ត ទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ខណៈចំនួនប្រជាជនស្ថិតនៅក្នុងវ័យបណ្តុះ បណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដែលមានអាយុពី១៥ ទៅ២៤ឆ្នាំ កំពុងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ ក្នុង ចន្លោះឆ្នាំ២០២៣-២០២៨។

ជាមួយការដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធី គោលនយោបាយអាទិភាពក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនគោលដៅមកពី គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្រ បច្ចេកទេសនិងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ ដែលកម្មវិធី នេះ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។ ដោយឡែក យុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិត ក៏អាចចូលរៀនក្នុងកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះដោយមិនបង់ថ្លៃផងដែរ ដើម្បីចាប់យកជំនាញមួយពិតប្រាកដមុន ចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញរបស់ខ្លួន។

តាមរយៈកម្មវិធីនេះ យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិត នឹងមានជំនាញមួយពិតប្រាកដ ដែលអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើ ការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អប្រសើរឡើង ដោយរក្សាបាននូវ ស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អប្រសើរ និងចាកផុតពីបន្ទាត់នៃភាពក្រីក្រ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទី៣ របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង ១០% និងទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិតនៅក្នុងកម្រិតអប្បបរមា។ការដាក់ចេញនូវកម្មវិធីគោលនយោបាយពាក់ព័ន្ធ និងការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ បាននិងកំពុងជំរុញកែប្រែ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មពឹងផ្អែកលើជំនាញ ព្រមទាំងពង្រឹងភាពប្រកួតប្រជែង ធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន សំដៅចូលរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាទៅជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។

សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងបន្តថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន និងអាណាព្យាបាល អនុញ្ញាតឱ្យ កូនចៅរបស់ខ្លួនមកចុះឈ្មោះ និងទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ឱ្យបានកាន់តែច្រើន ឡើង ព្រោះជាការវិនិយោគរយៈពេលខ្លី ឆាប់ចប់ ឆាប់ទទួលបានផល និងមានជំនាញមួយច្បាស់លាស់ ដោយ សិក្ខាកាម សិស្ស និស្សិត មានឱកាសផ្សារភ្ជាប់ទ្រឹស្តីនិងបទពិសោធដែលមាននៅរោងជាង និងមជ្ឈមណ្ឌល ស្រាវជ្រាវ ទៅនឹងការអនុវត្តជាក់ស្តែងនៅតាមសហគ្រាស គ្រឹះស្ថាន ដែលជំនាញទាំងនេះឆ្លើយតបនឹងតម្រូវការ ទីផ្សារការងារ ងាយស្រួលទទួលបានការងារធ្វើ ឬប្រកបមុខរបរដោយខ្លួនឯង ទទួលបានប្រាក់ចំណូលសមរម្យ រក្សាបាននូវស្ថិរភាពចំណូល និងជួយរំដោះខ្លួននិងក្រុមគ្រួសារចេញពីភាពក្រីក្រ និងភាពងាយរងហានិភ័យ។ ជាក់ស្តែង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសភា ពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន ១៧ លើការហាត់ការនិងកម្មសិក្សា ដើម្បីគាំទ្រដល់ការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស។

កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជន សិស្ស និស្សិត បុគ្គលនៃសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ និងបងប្អូនកម្មករនិយោជិត គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ជំនាញដើម្បីឱ្យពួកគាត់ មានចំណេះដឹង ជំនាញ ឥរិយាបថទន់ភ្លន់បត់បែន ងាយស្រួលក្នុងការទទួលបានការងារ ឬបង្កើតមុខរបរដោយ ខ្លួនឯង ដែលអាចបង្កើតប្រាក់ចំណូលពេញមួយជីវិត។

បងប្អូនកម្មករនិយោជិត ក៏មានឱកាសផ្លាស់ប្តូរ ឬទទួលបានការងារថ្មី តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ (Reskilling) ជាពិសេសសម្រាប់បងប្អូនកម្មករនិយោជិតមួយចំនួនដែលត្រូវបានរោងចក្រព្យួរការងារ ឬកំពុង ស្វែងរកការងារថ្មី។ ចំពោះកម្មវិធីបង្កើនជំនាញ (Upskilling) ក៏ផ្តល់លទ្ធភាពនិងឱកាសដល់បងប្អូនកម្មករ និយោជិតដែលកំពុងធ្វើការស្រាប់ ក្នុងការបង្កើនផលិតភាព ជំនាញ និង/ឬមុខតំណែងរបស់ខ្លួនបានកាន់តែខ្ពស់ និងល្អប្រសើរជាងមុន។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស នៅតាមគ្រឹះស្ថានបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ មានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋនិងកម្មករនិយោជិត ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង មានវគ្គបណ្តុះបណ្តាលនៅពេលយប់ និងថ្ងៃសៅរ៍-អាទិត្យ ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនកម្មករនិយោជិត អាចចូលរៀនវគ្គបណ្តុះបណ្តាល នេះបាន ដោយនៅតែរក្សាបានប្រាក់ខែ ម៉ោងការងារ និងទទួលបានការបង្កើនជំនាញរបស់ខ្លួនថែមទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×