ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យប្រុសស្រីចំនួន ៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន ២ករណីផ្សេងគ្នា។
ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖
ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី១០ និង ទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងបន្តឆែកឆេរបន្ទប់ជួល នៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យករួមមាន ៖ ក្រាមសថ្លា សរុបចំនួន ១៥កញ្ចប់តូចធំ, ជញ្ជីងថ្លឹង១គ្រឿង, សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀន រួមនឹងសម្ភារមួយចំនួនទៀត។ ជនសង្ស័យទាំង២នាក់ រួមមាន ៖ ១-ឈ្មោះ ប៉ាក ស្រីម៉ៅ ហៅយួន ភេទស្រី អាយុ៣៤ឆ្នាំ, ២-ឈ្មោះ ថន សំណាង ហៅណាង ភេទប្រុស អាយុ២៤ឆ្នាំ។ ជនសង្ស័យទាំង០២នាក់ក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។
ករណីទី២៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន ៖ ក្រាមសថ្លាចំនួន ៩កញ្ចប់, ជញ្ជីងថ្លឹង០១គ្រឿង, សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀន, ដាវ កាំបិត ពូថៅ ចំនួន៤ដើម រួមនឹងសម្ភារមួយចំនួនទៀត។ ជនសង្ស័យប្រុសស្រីទាំង០៤នាក់ រួមមាន ៖ ១-ឈ្មោះ សាន ស្រីណែត ហៅណែត ភេទស្រី អាយុ២៥ឆ្នាំ, ២-ឈ្មោះ ធួក ប៊ុននាង ហៅនាង ភេទប្រុស អាយុ៤២ឆ្នាំ, ៣-ឈ្មោះ ង្វៀង សៀវម៉ី ហៅម៉ី ភេទស្រី អាយុ២៤ឆ្នាំ, ៤-ឈ្មោះ ហន គន្ធា ហៅធា ភេទស្រី អាយុ៣២ឆ្នាំ។ ជនសង្ស័យទាំង៤នាក់ក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី







