ភ្នំពេញ ៖ឯកឧត្តមឃួង ស្រេង បានថ្លែងថា តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។
នារសៀលថ្ងៃទី១៤មិថុនានេះ ឯកឧត្ដម ឃួង ស្រេង បានអញ្ជើជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខណ្ឌច្បារអំពៅ នៅសាលាខណ្ឌច្បារអំពៅ។ ឯកឧត្តមឃួង ស្រេង បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា៖ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ចៅសង្កាត់ពិសេសប្រធានផ្សារ ត្រូវចាប់ឲ្យបានចំពោះអ្នកយកភាស៊ីលើសសៀវភៅបន្ទុក ដើម្បីយកពួកគាត់មកដាក់ទោសទណ្ឌទៅតាមច្បាប់។ ឯកឧត្តមបានលើកជាឧទាហរណ៍ថា ផ្ញើកង់ ម៉ូតូ ក្នុងសៀវភៅបន្ទុក ៣០០រយរៀល យកតម្លៃ៥០០រយឬ១០០០រៀល គឺយកលើសសៀវភៅបន្ទុកហើយ ដែលអាជ្ញាធរនិងសមត្ថកិច្ចរបស់យើងត្រូវធ្វើការរឿងនេះ។
ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងទៀតថា៖ ការកាន់អំណាចយូរ របស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីតាមរយៈកាលបោះឆ្នោត គាំទ្រពីប្រជាពលរដ្ឋ មិនខុសច្បាប់ទេ។ មហិច្ចតារបស់សម្តេចតេជោហ៊ុន សែន គឺធ្វើយ៉ាងណា អភិវឌ្ឍន៍ប្រទេសឲ្យសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។ ដូច្នេះ សូមចូលរួមទាំងអស់គ្នា ដើម្បីឲ្យកម្ពុជាឈានឆ្ពោះទៅសម្រេចបាននូវគោលដៅនេះ។
ឯកឧត្តមឃួង ស្រេង បានបន្តទៀតថា៖ គម្រោងសំដៅបញ្ចប់ បញ្ហាទឹកជន់លិចរាជធានីភ្នំពេញ ពិសេសទឹកភ្លៀងហូរមកពពីខេត្តកំពង់ស្ពឺ តាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺបានដាក់ចេញនូវគោលបំណងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ សំដៅបញ្ចប់បញ្ហាទឹកជន់លិចរាជធានីភ្នំពេញក្នុងរយៈពេល ៥ឆ្នាំ ក្រោយបញ្ចប់គម្រោងនេះរាជធានីភ្នំពេញនឹងលែងលិចលង់ ជាមួយនិងការសាទរយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍លើកឡើងថា៖ ៥ឆ្នាំកន្លងមកនេះ រដ្ឋបាលខណ្ឌច្បារអំពៅបានផ្តល់សេវាជូនប្រជាពលរដ្ឋបានចំនួនជាង៩១៣០០០សេវា ដោយទទួលបានថវិកាពីសេវានេះប្រមាណ១៨៥៦លានរៀល ចូលជាថវិកាជាតិ។ បានកសាងសមិទ្ធផលជាច្រើននៅក្នុងមូលដ្ឋាន ដែលមានដូចជា ធ្វើសួនច្បារបាន៣សួនច្បារ ដាក់ភ្លើងបំភ្លឺសាធារណៈបានចំនួន២៦១៨គោម ស្ថាបនាផ្លូវបេតុងបានជាច្រើនខ្សែ ដាក់លូបានជាច្រើនខ្សែ ស្តារប្រឡាយ ដាំដើមឈើនៅតាមសាលារៀននិងតាមវត្តអារាម ជាមួយនិងការរៀបចំចិញ្ចើមផ្លូវផងដែរ។ រដ្ឋបាលខណ្ឌច្បារអំពៅ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ បង្ការ ទប់ស្កាត់បាននូវភាពវឹកវរនៅក្នុងសង្គម។ បន្ថែមពីនេះ រដ្ឋបាលខណ្ឌនូវបានប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាមួយនិងការបង្ក្រាបក្មេងទំនើងផងដែរ។
គួរបញ្ជាក់ថា៖ ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលត្រូវបានប្រកាសឲ្យចូលកាន់តំណែងនៅពេលនេះមាន សមាជិក សមាជិកាចំនួន២១រូប ក្នុងនោះលោក អ៊ុំ ម៉ារ៉េត ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅសម្រាប់អាណត្តិទី៤នេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី















