Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ចំនួនសរុប ៧,៣៥តោន ត្រូវបានយកមក ដុតបំផ្លាញចោល

រាជធានីភ្នំពេញ៖ គ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមី ចំនួនសរុប ៧,៣៥តោន ត្រូវបានយកមក ដុតបំផ្លាញចោល នៅវេលាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំងឡឥដ្ឋមួយកន្លែង ស្ថិតក្នុងសង្កាត់សំរោងខាងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ពិធីដុតបំផ្លាញនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងក្នុងនោះមានការចូលរួមពីឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តមឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

គ្រឿងញៀនដែលត្រូវដុតបំផ្លាញនៅពេលនេះ មានចំនួន៥៤សំណុំរឿង ក្នុងនោះមានទៀតសាលក្រមស្ថាពរ និងសេចក្ដីសម្រេចមុនអង្គសេចក្ដី។

គ្រឿងញៀនដែលរៀបចំដុតបំផ្លាញនៅពេលនេះ សរុបចំនួន៤ តោន ១០០គីឡូក្រាម១០៨,៧៦ ក្រាម និងវគ្គក្រោយទៀត គឺការបំផ្លាញដោយវិធីសាស្ត្រ បន្សាបនូវសារធាតុគីមីផ្សំ ចំនួន៣ តោន ២៥៤គីឡូក្រាម ដែលជាអាស៊ីតមិន អាចធ្វើការបំផ្លាញដោយវិធីដុតបាន ដោយត្រូវរង់ចាំការបន្សាប។

ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនអះអាងថា គ្រឿងញៀនជាង៤តោន ដែលត្រូវដុតបំផ្លាញចោលនេះ មានតម្លៃជួញដូរជាង២២ លានដុល្លារ និងតម្លៃចែកចាយប្រមាណជាង ៦៦ លានដុល្លារ ខណៈក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ជាង១ម៉ឺននាក់ ក្នុងនោះជនបរទេសភាគច្រើនគឺជាជនជាតិវៀតណាមនិងជនជាតិចិន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×