រាជធានីភ្នំពេញ៖ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសន្នីសិទ ស្តីពីនវានុវត្តន៍នៃការវះកាត់ដាំបង្គោលធ្មេញ និងការវះកាត់ស្តារនីតិសម្បទាមុខ-មាត់ និងឆ្អឹងថ្គាម ដែលរៀបចំរួមគ្នាដោយសមាគមគ្រូពេទ្យវះកាត់មុខ-មាត់ និងឆ្អឹងថ្គាមកម្ពុជា និងសមាគមដាំបង្គោលធ្មេញកម្ពុជា។
គោលបំណងនៅក្នុងសន្និសីទនេះ មានទិសដៅរួមគ្នាក្នុងការពង្រឹងបង្កើនចំណេះដឹង និងសមត្ថភាពដល់ទន្តបណ្ឌិតដែលកំពុងប្រកបវិជ្ជាជីវៈទន្តសាស្រ្តឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយក្រមសីលធម៌ ស្របនឹងនិយាមអន្តរជាតិ។ នៅក្នុងបរិបទសម័យឌីជីថលនេះ យើងទាំងអស់គ្នាជាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលក៏កំពុងតែរត់តាមបច្ចេកវិទ្យាថ្មីៗក្នុងវិស័យសុខាភិបាល។ ជាពិសេសលើវិស័យទន្តសាស្រ្ត ដែលមានសារៈសំខាន់ក្នុងការជួយសម្រាល និងដោះស្រាយបញ្ហាទាំងឡាយទាក់ទងនិងសុខភាពមាត់-ធ្មេញ ការទំពារអាហារ និងសម្រស់ផ្ទៃមុខរបស់មនុស្សគ្រប់រូបមិនអាចខ្វះបាន។
ឯកឧត្តមសាស្រ្តាចារ្យបានផ្តាំផ្ញើរដល់អង្គសន្និសិទឱ្យខិតខំត្រងត្រាប់និងផ្លាស់ប្តូរបទពិសោធន៍គ្នាជាមួយនឹងវាគ្មិនជាតិ និងអន្តរជាតិល្បីៗដើម្បីទទួលបាននូវចំណេះ ជំនាញ និងបច្ចេកវិទ្យាថ្មីៗ ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈជាប្រចាំ ស្រាវជ្រាវ និងបន្តអភិវឌ្ឍន៍នូវ អោយឆ្លើយតបទៅនឹងសមាហរកម្មក្នុងតំបន់ ក៏ដូចជាពិភពលោក តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈបន្ត និងដើម្បីមាននីតិសម្បទាគ្រប់គ្រាន់ស្របតាមគោលការណ៍ផ្តល់អាជ្ញាបណ្ណប្រកបវិជ្ជាជីវៈទន្តសាស្រ្ត ព្រមទាំងធានាដល់ការផ្តល់សេវាពិនិត្យព្យាបាល ថែទាំសុខភាពមាត់ធ្មេញដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។
សិក្ខាសាលានេះនឹងអាចក្លាយជាឱកាសដ៏ល្អមួយ ដើម្បីពិភាក្សាអំពីចំណេះដឹងថ្មីៗ ភាពជឿនលឿននៃការវះកាត់ និងបច្ចេកទេសទំនើបក្នុងការដាំបង្គោលក្នុងឆ្អឹងថ្គាម រោគសាស្ត្រក្នុងមាត់ ការវះកាត់មុខ-មាត់ និងឆ្អឹងថ្គាមជូនប្រជាជនយើង។ បន្ថែមពីលើនេះទៀត សិក្ខាកាមទាំងអស់ត្រូវចូលរួមលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរ សុច្ចរិតភាព ក្នុងការប្រកបវិជ្ជាជីវៈទន្តសាស្រ្ត នៅព្រះរាជាណាចក្រកម្ពុជាឱ្យមានភាពជឿនលឿនទំនើប និងគោរពតាមលិខិតបទដ្ឋានគតិយុត្តនានា ដែលមានជាធរមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាងនេះទៀត ឯកឧត្តមសាស្រ្តាចារ្យ បានស្នើដល់ថ្នាក់ដឹកនាំសមាគម គណៈវិជ្ជាជីវៈទន្តសាស្រ្ត និងមហាវិទ្យាល័យទាំងរដ្ឋ និងឯកជន ចូលរួមបណ្អុះបណ្តាលធនធានមនុស្សអោយមានគុណភាពខ្ពស់ និងសំណូមពរអោយទន្តពេទ្យយើងចូលរួមក្នុងវិស័យសាធារណៈឱ្យបានច្រើនដើម្បីចូលរួមការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















